ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងដែលផ្តល់ភាពងាយស្រួល ក្នុងការគ្រប់គ្រងធនធានដី គ្រប់គ្រងការប្រើប្រាស់ទឹក ការធ្វើផែនការដំណាំ និងកំណត់តំបន់ដាំដុះ ឆ្លើយតបទៅនឹងតម្រូវការ ចាំបាច់របស់ក្រសួងកសិកម្ម

118


ភ្នំពេញ៖ គម្រោងដែលផ្តល់ភាពងាយស្រួល ក្នុងការគ្រប់គ្រងធនធានដី គ្រប់គ្រងការប្រើប្រាស់ទឹក ការធ្វើផែនការដំណាំ និងកំណត់តំបន់ដាំដុះនេះ គឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ក្រសួងកសិកម្ម ដែលកំពុងតែធ្វើទំនើបកម្ម លើវិស័យកសិកម្មដើម្បីរួមចំណែកជួយបង្កើន ផលិតភាពកសិកម្ម ពិពិធភាវូបណីកម្ម និងពាណិជ្ជូបណីកម្ម ស្របតាមគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម២០១៨-២០២៣។

លោករដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងសហការី បានអនុញ្ញាតិឲ្យលោកបណ្ឌិត Choi Hui Jae, General Manager, Performance Management Department of Korea Land and Geospatial Informatics Corporation និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាព នៃការរៀបចំគម្រោងស្តីពី Spatial Information System for Cambodia Agricultural Land Management (SIS-CALM) ដើម្បីអនុវត្តជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពេលអនាគតដ៏ខ្លីខាងមុខ ។ ដែលជំនួបនោះ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈនេះ នាទីស្តីការក្រសួង។

លោក Choi Hui Jae បានបញ្ជាក់ថា តាមរយៈគម្រោងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងមានភាពងាយស្រួលក្នុងការគ្រប់គ្រងធនធានដី គ្រប់គ្រងការប្រើប្រាស់ទឹក ការធ្វើផែនការដំណាំ និងកំនត់តំបន់ដាំដុះ ការទស្សន៍ទាយនៃផលិតផលកសិកម្ម ការគ្រប់គ្រងនូវគ្រោះមហន្តរាយ និងការការពារការរាតត្បាតនៃការបំផ្លាញដំណាំរបស់សមាភាពសត្វចង្រៃ និងការរៀបចំផែនការអភិវឌ្ឍន៍កសិកម្មផ្សេងៗទៀត ដោយប្រើប្រាស់នូវប្រព័ន្ធព៌ត័មានផ្កាយរណប នៃគម្រោងនេះ។
លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវការស្វាគមន៍ប្រកបដោយសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានឃើញភាគី កូរ៉េបានរៀបចំគម្រោងនេះឡើងស្របតាមអនុស្សរណ​នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព៌ត័មានវិទ្យា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គនាយកដ្ឋានគ្រប់គ្រងធនធានដីនៃសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០១៦ កន្លងមក។ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា គម្រោងនេះគឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកំពុងតែធ្វើទំនើបកម្មលើវិស័យកសិកម្មដើម្បីរួមចំណែកជួយបង្កើន ផលិតភាពកសិកម្ម ពិពិធភាវូបណីកម្ម និងពាណិជ្ជូបណីកម្ម ស្របតាមគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម២០១៨-២០២៣។

ជាទីបញ្ចប់ លោករដ្ឋមន្ត្រី សូមសម្តែងនូវការគាំទ្រយ៉ាងខ្លាំង និងជំរុញអោយនាយកដ្ឋានពាក់ពន្ធ័បន្តនូវ​កិច្ចសហប្រតិបត្តិការល្អដើម្បីអោយការរៀបចំគម្រោងនេះ​សម្រេចបានជោគជ័យ និងទទួលបានថវិកាមកអនុវត្តអោយបានឆាប់នៅពេលខាងមុខ។

អត្ថបទដែលជាប់ទាក់ទង