រដ្ឋបាលខេត្តព្រះសីហនុ អត់ដឹងច្បាប់ ទៅយកយោធា មកអនុវត្តន៍ដីការ ដោះស្រាយទំនាស់ដីធ្លី
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ អត់ដឹងច្បាប់ ទៅយកយោធាមកអនុវត្តន៍ដីការ ដោះស្រាយទំនាស់ដីធ្លី ធ្វើទាំងខុសច្បាប់ គឺកាន់តែខុសថែមទៀត សម្តេចថា មន្រ្តីអនុវត្តន៍ មានតែនគរបាល កងរាជអាវុធហត្ថ ព្រះរាជអាជ្ញា ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម បានថ្លែងថា នៅខេត្តព្រះសីហនុ មន្ត្រីអនុវត្តច្បាប់មានតែនគរបាល និងកងរាជអាវុធហត្ថ និងព្រះរាជអាជ្ញា ធ្វើអ្វីក៏ដោយត្រូវឈរលើច្បាប់ ហើយការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ដូចជាបញ្ហាដីធ្លី មិនអាចទាហានទៅអនុវត្តច្បាប់បានឡើយ ។ គ្រប់ខេត្តក្រុង ពេលដោះស្រាយរាល់បញ្ហា ត្រូវយកច្បាប់ជាធំមកដោះស្រាយ ហើយមិនមែនអ្នកប្រព្រឹត្តខុសទៅប្រើហិង្សាបាញ់បោះឡើយ។ សម្ដេច ក៏បានបញ្ជាថ្នាក់ដឹកនាំតាមអង្គភាព ត្រូវតាមដានសារព័ត៌មាន ហើយបើការផ្សាយប៉ះអង្គភាពរបស់ខ្លួនត្រូវដោះស្រាយភ្លាម។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា “កាលពីថ្ងៃមុន នៅខេត្តព្រះសីហនុ ទៅដោះស្រាយរឿងដី ឥឡូវយើងជាអ្នករដ្ឋបាលផង ជាអ្នកច្បាប់ផង ដូច្នេះយើងត្រូវដឹង។ គាត់ទៅយកកម្លាំងនគរបាល និងប៉េអឹម គឺត្រូវហើយ ប៉ុន្តែបើគាត់ទៅយកកម្លាំងយោធា គឺខុសហើយ ។ គេមិនយកកម្លាំងយោធា ទៅអនុវត្តន៍ដីការនោះទេ ។ រឿងដូចគ្នានេះដែរ កើតនៅខេត្តក្រចេះមួយដែរ កើតនៅខេត្តព្រះសីហនុមួយដែរ ។ ហ្នឹងមានន័យថា រដ្ឋបាលខេត្តប៉ប៉ុណ្ណាណីអត់ដឹងច្បាប់ ។ ប្រយ័ត្នខេត្តផ្សេងទៀត មិនបានប្រាប់អ៊ីចឹង រមៀលអ៊ីចឹងទៀត ។ មានអី ដល់ឃើញយោធា ទៅប្រើយោធា អនុវត្តន៍គឺអន្តរធាន។ មន្រ្តីអនុវត្តន៍ មានតែនគរបាល កងរាជអាវុធហត្ថ ព្រះរាជអាជ្ញា ហើយរឿងវាមិនទាន់ត្រូវធ្វើផង វាមិនទាន់ចាំបាច់ត្រូវធ្វើខានមិនបានផង ខ្ញុំនិយាយច្រើនដងហើយខ្ញុំមិនទាន់និយាយទៀត ។ ថាបើធ្វើទៅ មិនធ្វើខុស។ ហើយយើងនៅតែធ្វើទាំងខុសច្បាប់ គឺកាន់តែខុសថែមទៀត”។
ក្នុងជម្លោះដីធ្លី កើតឡើងនៅភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ខេត្តព្រះសីហនុ កាលពីថ្មីៗនេះ បណ្តាលឲ្យមានការបង្រ្កាប និងមានការបាញ់ដោយកាំភ្លើង រហូតមានរបួសមនុស្សម្នាក់ ។ ប្រជាពលរដ្ឋប្រមាណ២០០នាក់ បាននាំគ្នាទៅតវ៉ា ប្រឆាំងទៅនៅដីការតុលាការកំពូល ចេញសាលដីកាស្ថាពរ ដោយសម្រេចឲ្យប្រពន្ធលោកឧកញ៉ា ស៊ីវ គង់ទ្រីវ ឈ្នះក្តីពួកគាត់ លើរឿងដីធ្លី។ សមត្ថកិច្ច បកស្រាយថា ការរារាំងប្រជាពលរដ្ឋមិនឲ្យតវ៉ា គឺជាការអនុវត្តតាមសាលដីការបស់តុលាការកំពូល។ យ៉ាងណា ប្រជាពលរដ្ឋ តវ៉ាថា វា ជារឿងអយុត្តិធម៌សម្រាប់ពួកគាត់។
សមត្ថកិច្ចខេត្តព្រះសីហនុ ទទួលស្គាល់ថា ពិតជាមានការបាញ់កាំភ្លើង ហើយបណ្តាលឲ្យប្រជាពលរដ្ឋម្នាក់ រងរបួសមែន ពេលប្រជាពលរដ្ឋ និង សមត្ថកិច្ច កំពុងផ្ទុះជម្លោះដាក់គ្នា ក្នុងការតវ៉ារឿងដីធ្លី។ ប៉ុន្តែ សមត្ថកិច្ច បកស្រាយថា គ្រាប់កាំភ្លើង ដែលបាញ់ត្រូវប្រជាពលរដ្ឋនោះ មិនមែនជាគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចទេ។
ក្បាលគ្រាប់ដែលបៀមជាប់ក្នុងខ្លួនជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញរកឃើញថា ជាប្រភេទគ្រាប់ឡុក ដែលសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដោយហេតុថា ក្នុងពេលប្រតិបត្តិការ សមត្ថកិច្ចបានបាញ់ឡើងលើដើម្បីរារាំងកុំឲ្យក្រុមអ្នកតវ៉ា គប់ដបសាំង និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដែលជាហេតុនាំឲ្យមានមហន្តរាយខ្លាំងថែមទៀត ហើយសមត្ថកិច្ច ក៏មិនបានប្រើប្រាស់កាំភ្លើងម៉ាកឡុកនេះ ក្នុងពេលនោះដែរ។ បច្ចុប្បន្ន ជនរងគ្រោះម្នាក់ ដែលរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ហើយក៏បានធូរស្បើយហើយដែរ៕