ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃ ហោ សុខុន រត់បាត់ពីវត្តច្បារអំពៅ ហើយ នៅយប់នេះ ដោយមិនដឹងនិមន្តទៅណា

198

ភ្នំពេញ ៖ សេចក្តីរាយការណ៍នៅយប់នេះ បានឲ្យដឹងថា ៖ ព្រះសង្ឃ ហោ សុខុន ដែលមហាជន​ទាមទារឲ្យចាប់ផ្សឹក ព្រោះបង្កបញ្ហាក្នុងសង្គម បានចេញបាត់ពីវត្តច្បារអំពៅហើយ ដោយមិនដឹងទៅទីណាទេ។
កាលពីព្រលប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរ បានឈរចាំនៅក្នុងវត្តនេះ ដែលប្រភពច្បាស់ការណ៍បាន​រាយការណ៍ថា ព្រះសង្ឃអង្គនេះ គង់នៅក្នុងវត្តនេះ នៅ​ឡើយ ប៉ុន្តែនៅវេលាយប់ថ្ងៃទី១២កុម្ភៈនេះ បានបាត់ចេញពីវត្តតែម្តង។
នៅវេលាព្រឹកថ្ងៃទិ១២កុម្ភៈនេះ គេសង្កេតឃើញព្រះសង្ឃ ហោ សុខុន​ និងព្រះសង្ឈផ្សេងទៀត និមន្តតាមរថយន្តចូល​មកក្នុងវត្ត ដោយមានចង្ហាន់ជាមួយផង ដែលទំនងទើបតែមកពីពិធីបុណ្យនៅខាងក្រៅវត្ត។ ប៉ុន្តែ នៅល្ងាចនេះ បរិយាកាសនៅក្នុងវត្តច្បារអំពៅ ហាក់មានសភាពស្ងាត់ជ្រងំ បន្ទាប់ពីមានវត្តមានអ្នកសារព័ត៌មាន កំពុងរង់ចាំយកព័ត៌មានពាក់ព័ន្ធនឹងព្រះសង្ឃអង្គនេះ។
សូមបញ្ជាក់ថា ៖ ក្នុងរយៈពេលតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា គណៈសង្ឃ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ថ្វាយបង្គំ​ព្រះអង្គឈប់​ឲ្យ​ផ្សាយ​ផ្ទាល់ តាម​ហ្វេ​ស​ប៊ុ​កពី​រឿង​ប្រទេសជាតិ​តទៅទៀត​នោះ គឺ​នៅ​ម៉ោង៧​យប់ ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ព្រះ​តេជគុណ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ក្នុង​រាជធានី​ភ្នំពេញ បាន​បន្ត Live ហ្វេ​ស​ប៊ុ​ក ដោយ​ប្រកាសថា បើ​ជាប់ទោស ក៏​មិន​សុំ​លើកលែងទោស​ទេ​។​

​ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់យ៉ាងហំហានថា «​អាយុ៣៤​ឆ្នាំ បើ​ជាប់គុក១០​ឆ្នាំ ចេញ​វិញ៤៤​ឆ្នាំ​។ អ្វីដែល​និយាយ​ចេញពី​បេះដូង​។ និយាយ​ទាំង​សើច​ថា មិន​ភ័យ មិន​ខ្លាច​»​។​

​នៅក្នុងឃ្លីបវីដេអូ បង្ហោះផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក ព្រះ​តេ​ជោ​គុណ ហោ សុខុន បាន​អះអាងបែបអ្នកក្លាហានថា ព្រះអង្គ​និយាយ​ប្រថុយស្លាប់ និយាយ​ប្រថុយ​ជាប់គុក​។​

​ជាមួយគ្នា​នោះ ព្រះអង្គក៏បាន​លើកឡើងថា ព្រះអង្គ​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​នេះ ដើម្បី​កុំ​ឲ្យ​មាន​ការយល់ច្រលំ ពីសារ​របស់​ព្រះអង្គ ដែល​បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក ដែល​បាន​សរសើរ​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថា​ជា​ផ្កាយ​សំណាង​។ តែ​ក្នុង​សារ​របស់​ព្រះអង្គ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ ក៏បាន​លើកសរសើរ​សម្តេច​តេ​ជោ ហ៊ុន សែន ថា​ជា​ព្រះឥន្ទ គឺ​ព្រះឥន្ទធំជាងគេ​ទាំងអស់​។

​ចំពោះ​សារ​ដែល​គេ​បង្ហោះ​ចែកចាយ ហើយ​នាំ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង បញ្ចេញ​ប្រតិកម្ម​នោះ ត្រូវបាន​ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់ថា ត្រូវបាន​គេ​កាត់ត ហើយ​ផ្សាយ​ក្នុង​បំណង​អាក្រក់ ធ្វើបាប​លើ​ព្រះអង្គ​ប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់ថា ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនមាន​ការបាក់​ទេ ហើយ​សម្តេច ស ខេង ក៏​មិន​ទៅ​ដណ្តើម​អំណាច​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ដូច​ការលើកឡើង​នោះទេ​។ កុំ​យល់​ច្រ​ឡំ​។​

​ព្រះ​តេជគុណ ហោ សុខុន បាន​បន្តថា ក្នុង​សារ​ហ្វេ​ស​ប៊ុ​ករ​បស់​ព្រះអង្គ ដែល​គេ​ផ្សាយ​កោតសរសើរ​សម្តេច​ក្រឡា​ហោម ស ខេង ហើយ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​នោះ បានត្រឹមតែ ១០ភាគរយ​ទេ គឺ​ព្រះអង្គក៏មាន​សរសើរ​លើកឡើង​ពី​គុណសម្បត្តិ និង​សរសើរ​សម្តេច​តេ​ជោ ហ៊ុន សែនថា​ ជា​ព្រះឥន្ទ ដែល​ធំជាងគេ​បំផុត​។​
ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់ថា ទោះបីជា​មានការ​ផ្សព្វផ្សាយ​ដោយ​ក្លែង​សារ​របស់​ព្រះអង្គ​ក៏ដោយ ក៏​គណបក្ស​ប្រជាជន​កម្ពុជា មាន​សាមគ្គី​ផ្ទៃក្នុង​រឹងមាំ ដែល​មិនមាន​គណបក្សនយោបាយ​ណា នៅលើ​ពិភពលោក រក​ស្មើ​បាន គឺ​រឹងមាំ​ជាង​ដែកថែប​ទៀតផង​។ ក្នុងនោះ សម្តេច​តេ​ជោ ហ៊ុន សែន មានគុណ​សម្បត្តិ​ធំជាងគេ ក្នុងការ​រំដោះជាតិ​មាតុភូមិ រួមទាំង​កសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

​ក្នុងពេល​ផ្សាយ​ផ្ទាល់​នេះ ព្រះ​តេ​ជោ​គុណ ហោ សុខុន ក៏បាន​រិះគន់​លើ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​ហៅ​លោក ​ខឹម​ វាសនា ថា​ជា​ជន​ក្បត់ជាតិ​។​
កាលពី​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា គណៈសង្ឃ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ជួប​ព្រះ​តេជគុណ ហោ សុខុន នៅក្នុង​វត្ត​ច្បារអំពៅ ដោយ​ស្នើ​ឲ្យ​ព្រះអង្គ ឈប់​ Live វីដេអូ មាន​សង្ឃដីកាពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ប្រទេសជាតិ​តទៅទៀត​។​

​ប្រធាន​មន្ទីរ និង​សាសនា រាជធានី​ភ្នំពេញ លោក ផន ដាវី បាន​បញ្ជាក់ថា ក្រោយពី​មានការ​សម្របសម្រួល​រួចហើយ ព្រះ​តេជគុណ ហោ សុខុន បាន​ទទួលយក​ការណែនាំ​របស់​អាជ្ញាធរ ព្រមទាំង​ព្រះអង្គ ព្រម Live វីដេអូ​ឡើងវិញ ពាក់ព័ន្ធ​ករណី​ព្រះអង្គ​លើកសរសើរ​ថ្នាក់ដឹកនាំ កាលពី​ថ្ងៃមុន ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ​លើ​ព្រះអង្គ​។

បើតាមប្រពភពច្បាស់ការណ៍ បានបញ្ជាក់ថា គិតវេលាម៉ោង៨:៥០នាទីព្រឹកថ្ងៃទី១៣ខែកុម្ភៈនេះ ខាងសាលាខណ្ឌច្បារអំពៅ បានយកអាយឌី (ID) ចំនួន៣គ្រឿង មកប្រគល់ជូនចៅអធិការវត្តច្បារអំពៅ ដើម្បីទំនាក់ទំនងសន្តិសុខផ្ទាល់ខ្លួន និងការពារសន្តិសុខក្នុងវត្តទាំងមូលផង ដែលនេះបញ្ជាក់ថាព្រះចៅអធិការវត្តច្បារអំពៅ គង់នៅក្នុងវត្តនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង