ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តី​ថ្លែង​ការណ៍​រួម ​នៃ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ ​(GBC)​ កម្ពុជា​-​ថៃ លើ​ក​ទី​១៤

101

ភ្នំពេញ៖ កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ​(GBC) ​កម្ពុជា-ថៃ​ លើក​ទី​១៤ ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ​នៅ​រាជធានី​ភ្នំពេញ ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ត្រូវ​បាន​ដឹក​នាំ​ដោយ​សហ​ប្រធាន​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​លោកនាយ​ឧត្តម​សេនីយ៍ ​ប្រាវីត​ វង្ស​សុវណ្ណ​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស ​នៃ​ព្រះ​រាជាណាចក្រ​​ថៃ​។​
កិច្ច​ប្រជុំ​ត្រូវ​បាន​រៀប​ចំ​ឡើង ​ដោយ​យោង​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ នៃ​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​ព្រំ​ដែន ​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ព្រះ​រាជាណាចក្រ​ថៃ ​ក្នុង​គោល​បំណង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ ដើម្បី​សន្តិភាព​ និង​សន្តិ​សុខ​ក្នុង​តំបន់​ព្រំ​ដែន​ ក៏​ដូច​ជា​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​រវាង​កង​ទ័ព​ និង​កង​ឯក​ភាព​សន្តិសុខ​ពាក់​ព័ន្ធ​ដ៏ទៃ​ទៀត​របស់​កម្ពុជា​ និង​ថៃ។​ កិច្ច​ប្រជុំ​បាន​បញ្ជាក់​អំពី​សារសំខាន់​ នៃ​ការ​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC)​ លើក​ទី​១៤​ ដែល​បាន​ផ្តល់​នូវ​ការ​ណែនាំ​ និង​ទិស​ដៅ ​ដើម្បី​ជម្រុញ​ឲ្យ​ទំនាក់​ទំនង​ល្អ​ដែល​មាន​ស្រាប់​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​មាន​សារ​ប្រយោជន៍​ រវាង​កង​ទ័ព​ទាំង​ពីរ​នៅ​គ្រប់​កម្រិត​ទាំង​អស់​ កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ​សម្រាប់​ជា​ការ​លើក​កម្ពស់​ដល់​សន្តិភាព ​ស្ថិរភាព​ និង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន។​ កិច្ច​ប្រជុំ​បាន​ស្វាគមន៍​ចំពោះ​វឌ្ឍន​ភាព​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​តាម​បណ្តោយ​ព្រំ​ដែន​។ ភាគី​ទាំង​ពីរ​បាន​ពិនិត្យ​ឡើង​វិញ​ នូវ​លទ្ធផល​ នៃ​ការ​អនុវត្តន៍​កម្ម​វិធី​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ​ ដែល​ដាក់​ចេញ​ដោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ​លើក​ទី​១៣ ​កាល​ពី​ថ្ងៃទី​២១ ​ខែមី​នា ​ឆ្នាំ​២០១៨ ​នៅ​ទី​ក្រុង​បាងកក​ ព្រះ​រាជាណាចក្រ​ថៃ ​ដូច​ជា៖​ កិច្ច​សហប្រតិ​បត្តិការ​លើ​ការ​ឆ្លង​កាត់​ព្រំ​ដែន​ បញ្ហា​ពលករ ​ការ​ទប់​ស្កាត់​ និង​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន កា​រ​លើក​កំពស់​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​កម្ពុជា​ ជា​មួយ​បណ្តា​អង្គ​ភាព​ សន្តិ​សុខ​ថៃ​ ក្នុង​តំបន់​ព្រំ​ដែន ​បញ្ជា​កសិកម្ម​ បញ្ហា​សុខ​ភាព​សាធារណៈ ​ការ​អភិវឌ្ឍន៍​ជីវភាព​រស់​នៅ​ការ​អប់រំ​ សាសនា ​និង​វប្បធម៌​។​ កិច្ច​ប្រជុំ​បាន​ឯកភាព​ជម្រុញ​ភាគី ​ទាំង​ពីរ​ ឲ្យ​បន្ត​នូវ​ភារកិច្ច ​ក្នុង​ការ​ថែ​រក្សា​សន្តិភាព ​ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន​ នៃ​ប្រទេស​ទាំង​ពីរ​ ដោយ​ស្រប​តាម​គោល​ការណ៍ ​និង​វិធាន​ការ​ដែល​បាន​កំណត់​ក្នុង​កំណត់​ហេតុ​ព្រម​ព្រៀង​ នៃ​កិច្ច​ប្រជុំ​លើក​ទី​១៤​នេះ ​លើ​គ្រប់​ទិដ្ឋភាព​ទាំង​អស់​។ ភាគី​ថៃ​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​គណៈកម្មា​ធិការ​ព្រំដែន ​ទូទៅ(GBC) ​កម្ពុជា-ថៃ​លើក​ទី​១៥​ ហើយ​នឹង​ធ្វើ​ការ​ជូន​ដំណឹង​ទៅ​ភាគី​កម្ពុជា ​អំពី​កាល​បរិច្ឆេទ​ និង​ទី​កន្លែង​នៅ​ពេល​ក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង