សម្តេចតេជោ ហ៊ុន សែន អញ្ជើញ បិទសន្និបាតបូក សរុបការងារបស់ក្រសួងមហាផ្ទៃ
នៅរសៀលថ្ងៃព្រហស្ប៍១០ កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ គ.ស ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃបានបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ កាលពីថ្ងៃម្សិលមិញនេះ។ ក្នុងសន្និបាតរយៈពេលពីរថ្ងៃនេះ ក្រសួងមហាផ្ទៃបានបង្ហាញនូវសមិទ្ធផលជាច្រើនដែលថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងនគរបាលសម្រេចបាននៅក្នុងឆ្នាំ២០១៨ ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។ អង្គសន្និបាតក៏បានបង្ហាញនូវផែនការមួយចំនួនដែលនៅចន្លោះប្រហោងទាមទារឲ្យមានការយកចិត្តទុកដាក់បំពេញបន្ថែមទៀតនៅក្នុងឆ្នាំ២០១៩នេះ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កេីត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញមានមតិបូកសរុបនិងដឹកនាំ លើការងារពិភាក្សាប្រធានបទទាំង៩របស់គណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៨និងលើកទិសដៅការងារឆ្នាំ២០១៩របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវជារដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ អគ្គស្នងការ-អគ្គស្នងការរង អគ្គនាយក-អគ្គនាយករង អភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត ប្រធាន-អង្គភាពពាក់ព័ន្ធនិងសមាជិកសមាជិកាក្រោមឱវាទក្រសួងមហាផ្ទៃជាច្រើនរូប។
មានប្រសាសន៍ក្នុងសន្និបាតនោះដែរ សម្តេចក្រឡាហោម ស ខេង បានលើកអំពីបញ្ហាទាក់ទងនឹងការផ្ទេរមុខងារ គ្រប់គ្រងមន្ត្រីរាជការថ្នាក់ក្រោមជាតិ។ ចំពោះយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋទទួលបានការគាំទ្រកាន់ច្រេីន តែនៅមានបញ្ហាដែលត្រូវប្រឈមមួយចំនួននៅឡេីយ ដូចជា ៖
-សេវាមួយចំនួននៅមិនទាន់បានផ្ទេរមកអនុវត្តនៅក្នុងអង្គភាពច្រកចេញចូលតែមួយ។
-ទម្រង់បែបបទ និងនីតិវិធីនៃការផ្ដល់សេវាត្រូវកាត់បន្ថយបែបបទអោយបានខ្លី និងមានភាពងាយស្រួលជាងមុន។
ក្នុងនោះដែរសម្ដេចក្រឡាហោម ស ខេង ក៏បានលេីកឡេីងពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ចរាចរណ៍ដោយ
-ត្រូវបង្កេីនការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអោយយល់ដឹងពីបញ្ហាចរាចរណ៍ ដោយគោរពច្បាប់ចរាចរណ៍ និងមានសីលធម៌យោគយល់អធ្យាស្រ័យគ្នាក្នុងការបេីកបរ។
-ពង្រឹងគុណភាពសាលាបង្រៀនបេីកបរ។
-គ្រប់គ្រងអោយបាននូវយានយន្តដែលធ្វេីការកែច្នៃគ្រប់ប្រភេទ។
ចំពោះបញ្ហាហេដ្ឋារចនាសម្ព័ន្ធ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបង្កេីនសណ្ដាប់ធ្នាប់តាមទីប្រជុំជន រៀបចំអោយមានចិញ្ចេីមផ្លូវសំរាប់ អ្នកថ្មេីរជេីង។
ដោយឡែកបញ្ហាផលិតផលក្លែងក្លាយ ត្រូវយកចិត្តទុកដាក់អោយបានខ្លាំង ជាពិសេស ចំពោះឱសថក្លែងក្លាយ និងខូចគុណភាព និងគ្រឿងបរិភោគដែលមានផ្ទុកនូវសារធាតុគីមី។
សម្ដេចក៏បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើការគ្រប់គ្រងមន្ត្រី ត្រូវអនុវត្តន៍ទៅតាមច្បាប់ និងលុបបំបាត់នូវវប្បធម៌អន្តរាគមន៍ បក្សពួកនិយម គ្រួសារនិយម ហើយត្រូវពិនិត្យឡើងវិញទៅលើអតីតភាព សមត្ថភាព ការងារសកម្ម អសកម្ម មានជំនាញ អត់ជំនាញ និងមានមុខក្នុងអង្គភាពរឺអត់មុននឹងធ្វើការតែងតាំងឬផ្លាស់ប្ដូរមន្ត្រីក្នុងអង្គភាពក្រោមឱវាទនិមួយៗ។