ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម ធ្វើការនិរាករណ៍សេចក្ដីស្នើសុំឆ្វៀលដីតំបន់ទំនាស់ដីធ្លីនៅឃុំបិតត្រាង មកជាដីរដ្ឋវិញ

201


ភ្នំពេញ៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សខ្មែរក្រោក បានលើកឡើងថា ទំនាស់ដីធ្លីនៅឃុំបិតត្រាង រហូតដល់កងកម្លាំងប្រដាប់អាវុធប្រើប្រាស់អាវុធបង្រ្កាបហ្វូងបាតុកម្មតវ៉ា និងមានរបួសមនុស្សម្នាក់នោះ ត្រូវបានយុត្តិធម៌ហើយ ក្រោយពេលដែលក្រសួងកសិកម្ម អនុវត្តន៍តាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដោយសម្រេចនិរាករណ៍លើលិខិតកាត់ឆ្វៀលផ្ទៃដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ ។

បើតាមផេកហ្វេសប៊ុក ឈ្មោះ William Guang ដែលផ្សាយព័ត៌មានកាលពីថ្ងៃទី១៤ខែកុម្ភៈ លោកវឌ្ឍនា សាពង្ស សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សខ្មែរក្រោក បានឲ្យដឹងថា យុត្តិធម៌ពិតជាមាន បន្ទាប់ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានរកឃើញតម្រុយថា ករណីសាលាខេត្តព្រះសីហនុ អនុវត្តន៍សាលដីកាតុលាការខុសប្រក្រតី រហូតនាំឲ្យមានការប្រើកម្លាំងប្រដាប់អាវុធ និងទាហានសរុប ៣០០នាក់ ឈានដល់ថ្នាក់ វាយ សំពង បាញ់ ពលរដ្ឋឲ្យរងគ្រោះនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីយកដី “រដ្ឋ” ឲ្យឧកញ៉ា និងមន្ត្រីធំ នៅពីក្រោយចាំស្រូបផលប្រយោជ៍នោះ ឥឡូវនេះ សម្ដេចតេជោ បានសម្រេចណែនាំឲ្យក្រសួងកសិកម្ម ធ្វើការនិរាករណ៍សេចក្ដីស្នើសុំឆ្វៀលដីនោះ មកជាដីរដ្ឋវិញហើយ ។ លោកបានបន្ថែមថា បានន័យថា ដីនោះ ជាដីរដ្ឋ ដែលគេបង្កើតស្ថានការណ៍ជំលោះដីធ្លី ឈ្លោះដណ្ដើមដីរដ្ឋ ហើយតុលាការសម្រេចដោយឈរលើ ឯកសារគតិយុត្តមិនប្រក្រតី ក្នុងការកាត់ដីរដ្ឋ ឲ្យឯកជន ដែលដើមបណ្ដឹង មិនមែនជាអាជ្ញាធររដ្ឋ ។

លោកវឌ្ឍនា សាពង្ស បានលើកឡើងថា “ករណីនេះយើងខ្ញុំបានតាមដានជិត៤ខែមកហើយ រហូតដល់ពេលអនុវត្តន៍សាលដីកា យើងខ្ញុំបានចុះស្រាវជ្រាវផ្ទាល់ ឈានដល់ការបានពន្លឺ តម្រុយ ភស្តុតាង រៀបជារបាយការណ៍ ២លើក សរុបចំនួន ៧ ទំព័រដាក់ជូនរដ្ឋាភិបាល និងជជែក ក្នុងអង្គប្រជុំដេញដោល ជាមួយក្រសួងមហាផ្ទៃ លើករណីនេះ យ៉ាងស្វិតស្វាញបំផុតកាលពីថ្មីៗនេះ។ យើងខ្ញុំអបអរចំពោះលទ្ធផលនេះ តែយើងខ្ញុំទន្ទឹងចំពោះការអនុវត្តច្បាប់បន្ថែមទៀត លើក្រុមបុគ្គលជាប្រព័ន្ធ ដែលអាងអំណាច ឃុបឃិតគ្នាយកដីរដ្ឋទាំងនេះបន្ថែមទៀត”។

បើយោងតាមលិខិតរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលមានបោះត្រា និងចុះហត្ថលេខាដោយលោកវេង សាខុន រដ្ឋមន្រ្តីក្រសួងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលធ្វើឡើងកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០១៩ បានជម្រាបជូនអភិបាលខេត្តព្រះសីហនុ ក្នុងកម្មវត្ថុ​ ករណីនិរាករណ៍លើលិខិតកាត់ឆ្វៀលផ្ទៃដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលបានផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីអនុវត្តន៍នីតិវិធីបន្ត។ ការសម្រេចបែបនេះ យោងតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោកវេង សាខុន បានថ្លែងក្នុងលិខិតនោះថា” ខ្ញុំសូមជម្រាប ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ជ្រាបថា កន្លងមក ក្រសួងកសិកម្ម បានឯកភាពតាមសំណើរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត លើការកាត់ឆ្វៀលផ្ទៃដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ ចំនួន១៩ករណី ដើម្បីអនុវត្តនីតិវិធីបន្ត។ ទន្ទឹមនឹងនេះ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសម្រេចឲ្យក្រសួងកសិកម្ម ស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល លើការកាត់ឆ្វៀលផ្ទៃដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ ជាមុនសិន។ ចំពោះមុខ ដើម្បីបញ្ជៀសបាននូវបញ្ហាភាពមិនប្រក្រតីនានា ដែលអាចកើតមានឡើងផ្ទុយនឹងបទដ្ឋានគតិយុត្ត ក្រសួងកសិកម្មសម្រេចនិរាករណ៍លើលិខិតកាត់ឆ្វៀលផ្ទៃដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ ទាំង១៩ករណីដែលក្រសួងបានចេញរួច៕

សូមអានរបាយការណ៍លម្អិតនៅខាងក្រោម៖


អត្ថបទដែលជាប់ទាក់ទង