ចៅក្រមតុលាការរាជធានី កំពុងសួងនាំ ចំប៉ីខ្មៅ ពាក់ព័ន្ធសំណុំរឿងញុះញង់ ឲ្យមានការរើសអើង
ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ខែកុម្ភៈនេះ កំពុងបន្តសាកសួរយកចម្លើយលម្អតពីជនត្រូវចោទ យិន ហេង ហៅចំប៉ីខ្មៅ ពាក់ព័ន្ធសំណុំរឿងញុះញង់ ឲ្យមានការរើសអើង តាមមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។
ចំប៉ីខ្មៅ ត្រូវបានបំពាក់ឯកសណ្ឋានអ្នកទោសពណ៌ ស្លាទុំ ដៃជាប់ខ្នោះទៅក្រោយ។ ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ កើតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៦ នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ លោកលី សុផាណា ព្រះរាជអាជ្ញារងអមតុលាការ បានសម្រេចចោទប្រកាន់ឈ្មោះយិន ហេង ហៅចំប៉ីខ្មៅ ពីបទញុះញង់អោយមានការរើសអើង តាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ ហើយចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្ដោះអាសន្ននៅព្រលប់ថ្ងៃទី៦កុម្ភៈ ដោយមិនទាន់បានសាកសួរលម្អិតនៅឡើយទេ ទើបនៅព្រឹកថ្ងៃទី១៥កុម្ភៈនេះ ចៅក្រមសម្រេចឲ្យនាំជនជាប់ចោទមកតុលាការ ដើម្បីសាកសួរបន្ថែម៕