ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ចែកមួកសុវត្ថិភាពដល់កុមារ មិនទាន់គ្រប់គ្រាន់ទេ គួរតែចែក ចំណេះដឹងអំពីច្បាប់ចរាចរណ៍ផង

288

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបើកយុទ្ធនាការផ្តល់មួកសុវត្ថិភាពជាច្រើនដល់កុមារ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កុមារ។ ពិធីចែកមួកសុវត្ថិភាពដល់កុមារ ត្រូវបានធ្វើឡើងនៅសាលាបឋមសិក្សា កូលាបទី១ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។

ការចែកមួកសុវត្ថិភាពដល់កុមារនេះ ជាការចូលរួមបំផុសស្មារតីអ្នកធ្វើដំណើរតាមម៉ូតូ អោយប្រើប្រាស់មួកសុវត្ថិភាព ក្នុងការធ្វើដំណើរ ជាពិសេសសម្រាប់ជួយការពារជីវិតកុមារ ក្នុងការធ្វើដំណើរ ដែលឈានទៅរកការកាត់បន្ថយអត្រាស្លាប់របស់កុមារ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញថា ក្នុងឆ្នាំ២០១៧ អ្នកស្លាប់ បាត់បង់ជីវិត ១៧៨០ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលក្នុងនោះ ភាគច្រើន ជាអ្នកធ្វើដំណើរតាមម៉ូតូ ហើយមិនបានពាក់មួកសុវត្ថិភាព ដោយមានទាំងកុមារក្រោមអាយុ ១៥ឆ្នាំ ចំនួន ៧ភាគរយ។ កុមារទាំងនោះ ជាសិស្សសាលាបឋមសិក្សា និងជាសិស្សអនុវិទ្យាល័យ។

ជាការពិត ការផ្តល់មួកសុវត្ថិភាពដល់កុមារ ដោយមិនគិតថ្លៃនេះ ជាចំណែកមួយ ក្នុងការជួយកាត់បន្ថយ អត្រាស្លាប់របស់កុមារ នៅពេលកើតមានគ្រោះថ្នាក់ចរាចរណ៍។ ក៏ប៉ុន្តែដើម្បីឲ្យកុមារក្នុងប្រទេសកម្ពុជាយើង ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ពិសេសក្រសួងអប់រំ ត្រូវបញ្ចូលមេរៀន និយាយពីច្បាប់ចរាចចរណ៍ដល់កុមារ តាំងពីថ្នាក់បឋមសិក្សា ថ្នាក់ទី១ រហូតដល់ថ្នាក់វិទ្យាល័យ។

កាលណា កុមារបានយល់ដឹងច្បាស់អំពីច្បាប់ចរាចរណ៍ ពោលគឺចេះដឹងច្បាប់ ហើយចូលរួមគោរពច្បាប់ នោះអត្រាអ្នកស្លាប់ និងអ្នករបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាមធ្យមមានមនុស្ស ៥នាក់ស្លាប់ និងប្រមាណ ១៥នាក់ផ្សេងទៀត រងរបួស ជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសកម្ពុជាយើង នឹងត្រូវកាត់បន្ថយជាក់ជាមិនខាន។

ម្យ៉ាងទៀត មួកសុវត្ថិភាពភាគច្រើន នៅក្នុងប្រទេសកម្ពុជា គឺមិនមានគុណភាពល្អ ដើម្បីការពារជីវិតរបស់អ្នកដំណើរបាននោះទេ។ ក្នុងនោះ អ្នកធ្វើដំណើរតាមម៉ូតូ ភាគច្រើន ក៏បានពាក់មួកសុវត្ថិភាព ត្រឹមតែខ្លាចប៉ូលិសចាប់ផាកពិន័យតែប៉ុណ្ណោះ។

ដូច្នេះសរុបមក មានតែការអប់រំ បណ្តុះបណ្តាល និងដាក់មេរៀនច្បាប់ចរាចរណ៍ ជាមុខវិជ្ជា សម្រាប់កុមាររៀន ចាប់ពីថ្នាក់បឋមសិក្សា បន្តដល់ថ្នាក់វិទ្យាល័យ នោះនឹងកាន់តែអាចជួយដល់កុមារ និងប្រជាពលរដ្ឋខ្មែរយើង យល់ដឹង ចេះពីច្បាប់ចរាចរណ៍។ នៅពេលចេះដឹងអំពីច្បាប់ហើយនោះ គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ក៏នឹងត្រូវកាត់បន្ថយ ជាមិនខាន៕ ដោយ៖ សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង