គណៈកម្មការផ្សារអូរឬស្សីចុះរៀបចំសណ្ដាប់ធ្នាប់និងណែនាំអោយម្ចាស់អាជីវកម្មភាស៊ី យកតម្លៃឲ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុក
ភ្នំពេញ៖ គណៈកម្មការផ្សារអូរឬស្សីកាលពីថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩នេះបានចុះរៀបចំសណ្ដាប់ធ្នាប់និងណែនាំអោយម្ចាស់អាជីវកម្មភាស៊ី យកតម្លៃឲ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុក ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
មន្ត្រីក្នុងជួរគណៈកម្មការផ្សារអូរឬស្សីបានអោយដឹងថា នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩នេះ អាជីវករបើកតូបលក់ដូរ និងអតិថិជនចេញចូលផ្សារជាធម្មតា។ ការងារសតិអារម្មណ៍ មានសភាពស្ងប់ស្ងាត់។ ការងារសន្តិសុខ-សុវត្ថិភាព បន្តពង្រឹងការងារសន្តិសុខតាមគោលដៅ ល្បាតចល័តការពារសុវត្ថិភាពជាប្រចាំ ទាំងវេនថ្ងៃនិងវេនយប់។ ចំពោះការងារភាស៊ី បានបន្តពង្រឹង និងណែនាំម្ចាស់អាជីវកម្មភាស៊ី មិនឲ្យទទួលផ្ញើយានជំនិះប៉ះពាល់សណ្តាប់ធ្នាប់ ព្រមទាំងយកតម្លៃឲ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុក។
ចំណែកការងារសណ្ដាប់ធ្នាប់វិញ គណៈកម្មការផ្សារអូរឬស្សីដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមតូប អាគារ និងតាមដងផ្លូវជុំវិញបរិវេណផ្សារ(ផ្លូវលេខ ១១១ . ១៦៦ .១៣៩. ១៤១ . ១៨២) និងបានណែនាំអោយម្ចាស់ការ៉ាសម៉ូតូឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យ ព្រមទាំងបានណែនាំឲ្យអាជីវករដាក់តាំងទំនិញលក់ដូរតាមការកំណត់របស់គណៈកម្មការផ្សារ និងបានណែនាំឲ្យប្រុងប្រយ័ត្នពីបញ្ហាភ្លើងផ្សែង បញ្ហាចាក់សោតូប ត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។
ថ្ងៃនេះចរាចរណ៍នៅជុំវិញបរិវេណផ្សារ(ផ្លូវលេខ ១១១ .១៣៩ .១៤១ .១៦៦ .១៨២) មិនមានការកកស្ទះទេ។
សម្រាប់ការងារអនាម័យ-បរិស្ថាន ភ្នាក់ងារអនាម័យបានបន្តបោសសម្អាត ប្រមូល សម្រាម នៅជុំវិញបរិវេណផ្សារជារៀងរាល់ពេលព្រឹក។ ភ្នាក់ងារអនាម័យបានបន្តការ បោសសម្អាត ប្រមូល សម្រាមជុំវិញបរិវេណផ្សាររាល់ពេលល្ងាច និងសហការជាមួយក្រុមហ៊ុន ស៊ីនទ្រី ដឹកជញ្ជូនកាកសំណល់ឲ្យបានស្អាតជាប្រចាំ។ ភ្នាក់ងារអនាម័យធ្វើការបាញ់ទឹក ដុស លាង សម្អាតទ្រុងមាន់រៀងរាល់ពេលល្ងាច។ភ្នាក់ងារអនាម័យធ្វើការជួសជុលរទេះដឹកសម្រាមឲ្យបានល្អស្អាតឡើងវិញ។
ក្នុងថ្ងៃដដែលនោះ ពោលគឺ នៅរសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៩ ប្រធានគណៈកម្មការផ្សារ បានអញ្ចើញប្រធានមណ្ឌលគ្រប់មណ្ឌល ប្រធានក្រុមប្រចាំការនៅចំណតបេនឡាន កម្លាំងការិយាល័យសណ្ដាប់ធ្នាប់រាជធានីភ្នំពេញប្រចាំការនៅចំណតបេនឡាន អ្នកគ្រប់គ្រងចំណតឡាន និងម្ចាស់ការ៉ាសផ្ញើកង់ ម៉ូតូ នៅជុំវិញបរិវេណផ្សារ ចូលរួមប្រជុំពីបញ្ហាអនាម័យ សណ្ដាប់ធ្នាប់ និងយកតម្លៃភាសុីតាមសៀវភៅបន្ទុករបស់មន្ទីរសេដ្ឋកិច្ចនិងហិរញវត្ថុ (ផ្ញើកង់ក្នុង១លើកតម្លៃ ២០០រៀល ផ្ញើម៉ូតូ+មួកក្នុង១លើក ៣០០រៀល) ហើយឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យ និងបានបញ្ឍប់ម្ចាស់ការ៉ាសលេខ ១៩+២០ ទៅឲ្យម្ចាស់ដើមវិញ៕