ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ​កោះ​ហៅ​លោក ​រ៉ុង ឈុន ចូល​បំភ្លឺ​ករណី​ប្ដឹង​​ក្រសួង​អប់រំ​ខណៈលោកកំពុងដើរធ្វើជាវាគ្មិន ក្មុងវេទិកាអតីតគណសង្រ្គោះជាតិ ជាមួយលោកសម រស្ស៊ី

111

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ថៃទី១៤កុម្ភៈ បានចេញដីការកោះ​ហៅ​លោក រ៉ុង ឈុន ឲ្យ​ចូល​បំភ្លឺ​នៅ​២៧ខែ​កុម្ភៈ​នេះ ​ករណី​ប្ដឹង​សុំ​មោឃភាព​សេចក្ដីប្រកាស​របស់​ក្រសួង​អប់រំ​ដែល​បាន​លុប​ឈ្មោះ​គ្រូ​បង្រៀន​ជាង​១០នាក់។ នៅពេលនេះ លោករ៉ុង ឈុន កំពុងបេសកកម្មនៅក្រៅប្រទេស ដោយចូលរួម និងធ្វើជាវាគ្មិនក្មុងវេទិកាអតីតគណសង្រ្គោះជាតិ ជាមួយលោកសម រស្ស៊ី។

លោករ៉ុង ឈុន សរសេរលើផេកហ្វេសប៊ុកថា តុលាការ​កោះ​ហៅ ​លោក ​រ៉ុង ឈុន ចូល​បំភ្លឺ​ ករណី​ប្ដឹង​​ក្រសួង​អប់រំ​ {ខណៈលោកជាប់បេសកកម្មនៅក្រៅប្រទេសនៅឡើយ}។

​កាល​ពី​ថ្ងៃ​ទី​១៦ ខែមករា លោក​រ៉ុង ឈុន រួម​ជា​មួយ​អតីត​គ្រូ​បង្រៀន​១០​នាក់​ផ្សេង​ទៀត​ បាន​ដាក់​ពាក្យ​ប្ដឹង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​លោក ហង់ ជួនណារ៉ុន ដោយ​ស្នើ​ឱ្យ​តុលាការ​បដិសេធ​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​កាល​ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ និង​​ផ្ដល់​ក្រប​ខ័ណ្ឌ​ជា​គ្រូ​បង្រៀន​ ដល់​ពួក​គេ​វិញ។

ក្នុង​ដីកា​កោះ​ចុះ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក រស់ ពិសិដ្ឋ បាន​កោះ​ហៅ​លោក ​រ៉ុង ឈុន ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​នៅសាលាដំបូងរាជធានីភ្នំពេញ​ នា​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ​វេលា​ម៉ោង​៩​ព្រឹក។

តុលាការ​ បាន​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា៖​ «ចំពោះ​សាម៉ី​ភាគី​ បើ​ពុំ​ចូល​ខ្លួន​នោះ ​តុលាការ​អាច​ទទួល​ស្គាល់​ថា សេចក្ដី​អះអាង​អំពី​ចំណុច​សាកសួរ​របស់​ភាគី​ម្ខាង​ទៀត​ជា​ការ​ពិត​បាន»។

​កាល​ពី​ដើមឆ្នាំ២០១៨ រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន បាន​សម្រេច​លុប​ឈ្មោះ​គ្រូ​បង្រៀន​ និង​បុគ្គលិក​អប់រំ​ចំនួន​១១នាក់ ដែល​ជា​អតីត​មន្ត្រី​ជាប់​ឆ្នោត និង​មន្ត្រី គ.ជ.ប កូតា ​មក​ពី​បក្ស​ប្រឆាំង ចេញ​ពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ ​ក្រោម​ហេតុផល​ថា​គ្រូ​បង្រៀន​ទាំង​នោះអវត្តមាន​ពី​ការងារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

ក្រោយ​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ ក្រុម​គ្រូ​បង្រៀន​ទាំង​នោះ​បាន​ដាក់​លិខិត​អន្តរាគមន៍​ជា​ច្រើន​ ទៅ​ក្រសួង​អប់រំ​ ទៅ​លោក​នាយករដ្ឋមន្ត្រី និង​ទៅ​សហគមន៍​អន្តរជាតិ​ផង​ដែរ​។

សូមបញ្ជាក់ថា លោករ៉ុង ឈុន និងបក្ខពួក ជាអតីតគ្រូបង្រៀនចំនួន ១០នាក់ នៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលជាអង្គការ មាននិន្ននាការប្រឆាំង ជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បាននាំគ្នាដើរតាមផ្លូវតវ៉ាយ៉ាងក្តៅគគុកជាមួយក្រសួងអប់រំយុវជននិងកីឡា ទៅដាក់ពាក្យបណ្ដឹង នៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងលោកហង់ ជួន​ ណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។
លោករ៉ុង ឈុន ជាមនុស្សប្រឆាំងជារៀងរហូតដល់ទីបំផុតនោះ បានសរសេរលើផេកហ្វេសប៊ុករបស់ខ្លួនថា នៅថ្ងៃទី១៦ខែមករាឆ្នាំ២០១៩នេះ ខ្ញុំ និងលោកគ្រូ អ្នកគ្រូ ដែលត្រូវបានក្រសួងអប់រំ លុបឈ្មោះចេញពីក្របខ័ណ្ឌ មកដាក់ពាក្យបណ្ដឹង នៅសាលាដំបូងរាជធានីភ្នំពេញ ។ អតីតគ្រូបង្រៀនដែលក្រសួងអប់រំ កាប់ឈ្មោះចេញពីក្របខ័ណ្ឌនោះ រួមមាន ជុំ ចាន់ , លី ឌី , ខែម ស៊ីថា, យិន ឈូករ័ត្ន, រ៉ុង ឈុន, វង ទុន្នី, បុត មល្លា, ពៀត ម៉ាប់, ហុង សុជា, ច័ន្ទ សុភា និង គង់ ស៊ីវង្ស។

ក្នុងពេលដាក់ពាក្យបណ្តឹងនោះ លោករ៉ុង ឈុន ព្រមានធ្វើបាតុកម្មប្រឆាំង បើសិនជាមិនមានដំណោះស្រាយតាមផ្លូវច្បាប់។ ពិតជាខ្លាំងមែន លោករ៉ុង ឈុន ជាមនុស្សក្រៅក្របខ័ណ្ឌ ក៏បានបង្គាប់បញ្ជាឲ្យតុលាការ ចេញសាលក្រមបដិសេធរបស់ក្រសួងអប់រំចោល និងចេញសាលក្រមមួយទៀត ផ្តល់សិទ្ធិឲ្យក្រុមគ្រូបង្រៀន ។ លោករ៉ុង ឈុន ក៏យកឱកាសនេះ ឆ្លៀតវាយប្រហារទៅរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតយ៉ាងត្រឹមត្រូវ ដោយលោកបញ្ជាក់ថា” ដោយសារតែគណបក្សប្រជាជន លោកនាយករដ្ឋមន្រ្តី កូនចៅលោកនាយករដ្ឋមន្រ្តី ធ្វើការបែបនឹងហើយ បានជានាយករដ្ឋមន្ត្រីបាត់បង់ការគាំទ្រ “។ លោកបាននិយាយអូតខ្លួនឯងទៀតថា “ខ្ញុំមានមន្រ្តី មានកម្មករ មានគ្រូបង្រៀនច្រើន ក៏គាត់សម្តែងការមិនសប្បាយចិត្តដែរ ហើយលោកនាយករដ្ឋមន្រ្តីក៏បានបាត់បង់ តាមរយៈ “អា” មន្រ្តីក្រោមឱវាទធ្វើការមិនគោរពទៅតាមនីតិវិធីហ្នឹង “។
ចំណែកបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា លោករ៉ុង ឈុន ត្រូវក្រសួងអប់រំកាត់ឈ្មោះចេញពីក្របខ័ណ្ឌមិនខុសទេ ពីព្រោះបានមាក់ងាយមន្រ្តីរាជរដ្ឋាភិបាល ជាមន្រ្តីក្រសួងអប់រំតែម្តង ដោយហៅសុទ្ធតែ “អាមន្រ្តី”៕

អត្ថបទដែលជាប់ទាក់ទង