ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការកងទ័ពជើងគោក ៖ “កំណែទម្រង់ និងការពង្រឹងកងទ័ព គឺដើម្បីជាតិយើងខ្លាំង”

103

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា “កំណែទម្រង់ និងការពង្រឹងកងទ័ព គឺដើម្បីជាតិយើងខ្លាំង យើងការពារជាតិយើង គ្មាននរណាការពារយើងទេ ពេលមានសភាពការណ៍យើងត្រូវរៀនរស់ខ្លួនឯង ការពារបូរណភាពទឹកដី ត្រូវមាននាយទាហានដែលមានសមត្ថភាពដឹកនាំកងទ័ពខ្មែរ ដែលនេះគឺជាការងារចាំបាច់”។ ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីសម្តែងលំហាត់សំយោគអន្តរាវុធ បញ្ចប់វគ្គរបស់និស្សិត នាយទាហានទ័ពជើងគោកជំនាន់ទី៧ នៅវិទ្យាស្ថានទ័ពជើងគោក (ថ្លុកតាសេក) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា “ជំនាញយើង សព្វាវុធយើង ពេលខ្លះយើងប្រៀបធៀបទៅប្រទេសជិតខាង គេដើរមុនយើងខ្លះ ប៉ុន្តែកុំភ្លេចថាសម្ភារៈគ្រាន់តែជាឧបករណ៍បង្កើនប្រសិទ្ធិភាពប្រយុទ្ធទេ សំខាន់លើមនុស្ស មានឆន្ទៈ ការទុកចិត្តលើខ្លួនឯងក្នុងសមត្ថភាពប្រយុទ្ធ។ ដូច្នេះវាមិនសំខាន់លើសព្វាវុធនោះទេ វាសំខាន់លើឆន្ទៈប្រយុទ្ធ ព្រោះឆន្ទ:ធ្វើអោយយើងមានម្ចាស់ការរៀបចំប្រយុទ្ធ”។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំបម្រើជាតិ កសាងប្រទេសឲ្យរីកចម្រើនបានប៉ុណ្ណេះ សេដ្ឋកិច្ចយើងរឹងមាំបានប៉ុណ្ណេះ យើងកុំព្រួយបារម្ភ អ្វីដែលសំខាន់យើងត្រូវម្ចាស់ការការពាររឹងមាំជាតិរបស់យើង គ្មានបរទេសណាមកធ្វើសេដ្ឋកិច្ចឲ្យយើងនោះទេ មានតែយើងអ្នកធ្វើសេដ្ឋកិច្ចខ្លួនឯង គ្មាននរណាមកការពារសុខសន្តិភាពឲ្យយើងនោះទេ មានតែយើងទេជាអ្នកការពារសុខសន្តិភាព គ្មាននរណាការពារច្បាប់យើងទេ មានតែយើងកាពារច្បាប់របស់យើង។ ស្រុកខ្មែរយើងតាំងពីមានសង្គ្រាមបែកបាក់រហូតយើងខ្លាំងបានប៉ុណ្ណេះ ប្រជាពលរដ្ឋមានជីវភាពរឹងមាំប៉ុណ្ណេះ កងទ័ពរឹងមាំប៉ុណ្ណោះ យើងមិនត្រូវខ្លាចនោះទេ សំខាន់បំផុតជាតិរបស់យើងមិនអោនក្បាល យកកិត្តិយសជាតិ ឯករាជ្យជាតិលត់ជង្គង់ទៅឲ្យនរណាដើម្បីសុំអំណោយនោះទេ។ យើងរឹងមាំខ្លួនឯង ការពារជាតិខ្លួនឯង សេដ្ឋកិច្ចជាតិឯងរឹងមាំ។ EBA មិនធ្វើអោយយើងស្លាប់នោះទេប៉ុន្តែផ្ទុយទៅវិញធ្វើអោយយើងខ្លាំងរឹងមាំ ធ្វើឲ្យយើងម្ចាស់ការខ្លួនឯង កាន់តែស្គាល់ខ្លួនឯង កាន់តែពង្រឹងខ្លួនឯង ដើម្បីជាតិរស់ដោយខ្លួនឯង។
មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ទៀតថា កងទ័ពត្រូវមានមានមោទនភាពជាតិខ្មែរ ការពារបូរណភាពទឹកដី មានជំហរនឹងនរច្បាស់លាស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងត្រូវការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋាភិបាលស្របច្បាប់។ ខ្ញុំជឿជាក់ថាប្អូនៗមិនចង់ឃើញប្រទេសរបស់យើងហែកជាពីរជាបី កាប់សម្លាប់គ្នាផ្ទៃក្នុងដូចពីអតីតកាលនោះទេ។ ដូច្នេះ គោលដៅធំរបស់យើងត្រូវការពារសុខសន្តិភាព ការពារស្ថិរភាព ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ និងសម្រាប់ខ្មែរតែមួយ។ ការពារប្រឆាំងជនណាដែលញុះញង់ទាញដើម្បីបម្រើនយោបាយណាមួយដែលអាចអោយបែកបាក់ផ្ទៃក្នុង និងប៉ុនប៉ងបំផ្លាញសុខសន្តិភាព សេចក្តីសុខប្រជាពលរដ្ឋ។
លោកបានលើកឡើងថា សមត្ថភាពទាំងអស់នេះគឺជាសមត្ថភាពមូលដ្ឋានគ្រឹះដើម្បីចែករំលែក និងបំពេញបន្ថែមនៅពេលដែលយើងចេញទៅអនុវត្ត។ នេះគឺជាគោលការណ៍សំខាន់ណាស់សម្រាប់ការបណ្ដុះបណ្ដាលកងទ័ព ប្រកបដោយមោទនភាព។ នៅក្នុងឱកាសនេះក៏សូមថ្លែងអំណរគុណរដ្ឋាភិបាល និងកងទ័ពប្រជាជនចិន ដែលជានិច្ចកាលតែងតែជួយបណ្ដុះបណ្ដាល កសាងហេដ្ឋាសម្ព័ន្ធផ្សេងៗ។ ជាពិសេសផ្តល់លទ្ធភាពឲ្យប្អូនៗបានចេញទៅបំប៉នបន្ថែមនៅប្រទេសចិនតាមជំនាញរបស់ខ្លួន និងសូមបន្តការជួយការងារនេះតទៅទៀតដោយសង្ឃឹមថាភាគីចិនជួយកាន់តែច្រើន។ ការកសាងសមត្ថភាពនេះ គឺជាការងារចាំបាច់សំខាន់សម្រាប់កងទ័ពរបស់យើងដើម្បីបង្កើនភាពក្លាហាន និងភាពម្ចាស់ការរបស់យើងក្នុងការការពារទឹកដី ដែលនេះគឺជាភារកិច្ចសំខាន់បំផុតនៅក្នុងនាមជាកងទ័ព។ ការកសាងកម្លាំងធនធានរបស់យើង ដើម្បីពង្រឹងវិស័យការពារជាតិ ធានាសម្រាប់កម្លាំងបន្តវេនដែលជាកម្លាំងចាំបាច់ក្នុងការដឹកនាំ និងជាឆ្អឹងខ្នងនៅក្នុងវិស័យការពារជាតិ៕

អត្ថបទដែលជាប់ទាក់ទង