ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហួត ហ៊ាង អតីតចៅក្រមសាលាដំបូងខេត្តកណ្តាល ដែលធ្លាប់ជាប់ពន្ធនាគារ ពីបទពុករលួយ ត្រូវព្រះមហាក្សត្របង្គាប់ឲ្យបន្តមុខងារជាចៅក្រម នៅក្នុងក្របខ័ណ្ឌនៃអង្គចៅក្រមវិញ

192

ភ្នំពេញ៖ អង្គការខុមហ្រ្វែល នៅថ្ងៃទី១៦កុម្ភៈនេះ បានផ្សាយលើផេកហ្វេសប៊ុករបស់ខ្លួនថា អតីតចៅក្រមសាលាដំបូងខេត្តកណ្តាលម្នាក់ ដែលធ្លាប់ទទួលរងការផ្តន្ទាទោសដាក់ពន្ធនាគារអស់រយៈពេល១ឆ្នាំ (ផ្តន្ទាទោសកំណត់២ឆ្នាំ ដោយដាក់ពន្ធនាគារ១ឆ្នាំ និងព្យួរទោស១ឆ្នាំ) ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តស៊ីសំណូកពុករលួយដោយចៅក្រមនាដើមឆ្នាំ២០១២ គឺលោក ហួត ហ៊ាង អាយុ៤៩ឆ្នាំ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់លើកលែងទោសទាំងស្រុង។

ព្រះរាជក្រឹត្យ ក៏បង្គាប់អនុញ្ញាតឲ្យ លោកហួត ហ៊ាង បន្តមុខងារជាចៅក្រមនៅក្នុងក្របខ័ណ្ឌនៃអង្គចៅក្រមវិញតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៨/១៤០០ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ។

គួរ រំលឹក ជូន ថា លោក ហួត ហ៊ាង អតីត ចៅក្រម សាលាដំបូង ខេត្តកណ្តាល ត្រូវបាន មន្ត្រីនគរបាល យុត្តិធម៌ នៃ អង្គភាព ប្រឆាំង អំពើពុករលួយ (ACU) ចាប់ ឃាត់ខ្លួន នៅក្នុង បន្ទប់ធ្វើការ តែម្តង នា ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១២ ក្នុង រឿង ស៊ីសំណូក ពុករលួយ ជាក់ស្តែង មាន ទំហំ ទឹកប្រាក់ ចំនួន ៥ ០០០ ដុល្លារ អាមេរិក ។ ក្រោយមក នៅ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១២ ចៅក្រម ជំនុំជម្រះ សាលាដំបូង ខេត្តកណ្តាល បានប្រកាស សាលក្រម ព្រហ្មទណ្ឌ សម្រេច ផ្តន្ទាទោស លោក ចៅក្រម ហួត ហ៊ាង ដាក់ពន្ធនាគារ កំណត់ រយៈពេល ២ ឆ្នាំ តែ អនុវត្ត ទោស ក្នុង ពន្ធនាគារ ត្រឹម រយៈពេល ១ ឆ្នាំ និង ១ ឆ្នាំ ទៀត ជា ទោស ព្យួរ ពីបទ ស៊ីសំណូក ពុករលួយ ដោយ ចៅក្រម ។ ទីបំផុត សំណុំ រឿងក្តី ពុករលួយ របស់លោក ចៅ ក្រម ហួត ហ៊ាង ក៏បាន ទៅដល់ សាលាឧទ្ធរណ៍ សម្រេច ផ្តន្ទាទោស តាម អំណាច សាលដីកា ព្រហ្មទណ្ឌ លេខ ០៨ ក្រ IV ត ចុះ ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៣ ។

ចៅក្រមសាលាដំបូងខេត្តកណ្តាលចំនួន ២ នាក់ គឺលោកចៅក្រម ហួត ហ៊ាង និងចៅក្រមម្នាក់ទៀត លោកស្រី ខូវ ច័ន្ទផូ ដែលត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១២នោះ តាមភស្ដុតាងដែលអង្គភាពប្រឆាំងអំពើពុករលួយមាន អាចធ្វើការចោទប្រកាន់ពីបទស៊ីសំណូក។ ចៅក្រមទាំងពីរ នឹងត្រូវបញ្ជូនទៅកាន់តុលាការខេត្តកណ្តាល នៅថ្ងៃអាទិត្យ ទី២២មករា ឆ្នាំ២០១២។ នេះតាមបើតាមការឲ្យដឹងពីលោកទេសរដ្ឋមន្ត្រី ឱម យ៉ីនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

ចៅក្រមបានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសលោក ហួត ហ៊ាង អតីតចៅក្រមតុលាការសាលាដំបូងខេត្តកណ្តាល ដាក់ពន្ធនាគារ ២ឆ្នាំ ក្នុងរឿងពុករលួយ ស៊ីសំណូក។ ក៏ប៉ុន្តែ អតីតចៅក្រមនោះត្រូវអនុវត្តទោសក្នុងពន្ធនាគារតែ ១ឆ្នាំប៉ុណ្ណោះ។
ក្នុងសំណុំរឿងពុករលួយ ទារប្រាក់ ៦.០០០ ដុល្លារ កាលពីខែមករា ដើមឆ្នាំ២០១២នេះ ក្រឡាបញ្ជីរបស់ចៅក្រមម្នាក់ ឈ្មោះ លោក លឹម កុម្ភៈ ក៏បានជាប់ចោទពីបទស៊ីសំណូក ហើយត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ២ឆ្នាំ ផងដែរ។

តាមច្បាប់ លោកអតីតចៅក្រម ហួត ហ៊ាង ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក ប្រព្រឹត្តដោយចៅក្រម ដែលត្រូវប្រឈមនឹងការផ្តន្ទាទោសពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ។ ក៏ប៉ុន្តែ ចៅក្រមតុលាការខេត្តកណ្តាល លោក លឹម សុគន្ថា បានសម្រេចដាក់ទោសអតីតចៅក្រម ហួត ហ៊ាង ត្រឹមតែជាប់ពន្ធនាគារ ២ឆ្នាំ តែអនុវត្តទោស ១ឆ្នាំ ដោយយោងលើស្ថានសម្រាលទោស ចំនួន ១០ចំណុច ដែលរួមមាន៖ ចៅក្រមជាប់ចោទនោះ ទើបតែប្រព្រឹត្តបទល្មើសជាលើកដំបូង នៅក្នុងវិជ្ជាជីវៈ និងមិនមានការប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ ហើយជនជាប់ចោទបានទទួលកំហុសពុករលួយរបស់ខ្លួន ជាដើម៕

អត្ថបទដែលជាប់ទាក់ទង