ជើងខ្លាំងវ័យក្មេងបន្ទាយមានជ័យ ជួបជើងខ្លាំងវ័យក្មេងថៃ
ភ្នំពេញ:សម្រាប់ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី១៦កុម្ភៈ នេះអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងកម្ពុជារបស់ខេត្តបន្ទាយមានជ័យជូ សុជៀប ជួបប្រកួតជាមួយអ្នកប្រដាល់វ័យក្មេងថៃគៀងកៃ(Keang Kai)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម ។
សម្រាប់ប្រភេទទម្ងន់៤៥គីឡូក្រាមនេះនៅខេត្តបន្ទាយមានជ័យជូ សុជៀបគឺជាអ្នកខ្លាំងមួយរូបក្នុងចំណោមអ្នកខ្លាំង ។ ចំពោះអ្នកប្រដាល់វ័យក្មេងថៃគៀង កៃក៏ជាអ្នកខ្លាំងមួយរូបក្នុងចំណោមអ្នកប្រដាល់ថ្នាលរបស់ប្រទេសថៃ ។
លោកថៃ អ៊ូដែលជាប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យបានអះអាងថាក្លិបជាច្រើនចំណុះសមាគមប្រដាល់ខេត្តបន្ទាយមានជ័យ គឺបណ្ដុះបណ្ដាលអ្នកប្រដាល់វ័យក្មេងច្រើនណាស់ ។ លោកបញ្ជាក់ថាធនធានប្រដាល់
វ័យក្មេងនៅខេត្តបន្ទាយមានជ័យមានច្រើនណាស់ ។ពួកគេវ៉ៃសុទ្ធតែមានក្បាច់មានស្នៀតត្រឹមត្រូវមិនមែនវ៉ៃរបៀបកម្រោលនោះឡើយ ។
តាមការឲ្យដឹងបន្ថែមនោះថាគៀង កៃគឺជាម្ចាស់ខ្សែក្រវាត់របស់ស្រុកថៃលើប្រភេទទម្ងន់៤៥គីឡូក្រាមរីឯជូ សុជៀបវិញនោះគេជាម្ចាស់មេដាយមាសខេត្តបន្ទាយមានជ័យលើប្រភេទទម្ងន់នេះដែរ ។
ជំនួនរវាងអ្នកប្រដាល់វ័យក្មេងទម្ងន់ស្រាលកម្ពុជាជូ សុជៀប ជាមួយអ្នកប្រដាល់វ័យក្មេងថៃគើង កៃនេះមិនដឹងថានរណាឈ្នះនរណាចាញ់នោះឡើយ ។
ប្រកួតជាមួយអ្នកប្រដាល់ថៃដែរនោះអ្នកប្រដាល់កម្ពុជាខេម ចាន់ក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់ថៃអ៊ីត តា(Eatt Ta)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយ ។ ចំពោះខេម ចាន់វិញនោះជាអ្នកប្រដាល់ជើងថ្មី ដែលកំពុងតែអង្រួន ដោយសារតែមានអ្នកប្រដាល់ជើងចាស់មួយចំនួនត្រូវអ្នកប្រដាល់វ័យក្មេងរូបនេះបង្ក្រាបបាន ។ចំពោះអ្នកប្រដាល់ថៃអ៊ីត តាវិញមិនដឹងថាមានសមត្ថភាពប៉ុណ្ណានោះឡើយ ។ចាំមើលជំនួបមួយនេះនរណាជាអ្នកឈ្នះនរណាចាញ់ ?