ម៉ន សាម៉េត និង ធន អៀងឡៃត្រៀមប្រកួតផ្ដាច់ព្រ័ត្រ
ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាយប់ ថ្ងៃទី៩កុម្ភៈអ្នកប្រដាល់ជើងខ្លាំង២រូប បានត្រៀមខ្លួនប្រកួតផ្ដាច់ព្រ័ត្រ យកពានដែលមានរង្វាន់អមចំនួន៤.០០០ដុល្លារហើយ ។
ជើងខ្លាំងបឺត សង្ឃឹមដែលឈ្នះវគ្គជម្រុះចំនួន៣វគ្គមក ហើយនោះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របែរជាសន្លប់ នៅទឹកទី១ដោយសារថ្វីដៃរបស់ធន អៀងឡៃនៃសមាគម ប្រដាល់ក្រសួងការពារជាតិ ។ រវាងអ្នកប្រដាល់ទាំង២រូបនេះ សង្ឃឹមស្គាល់សង្វើនប្រដាល់មុន អៀងឡៃ ហើយក៏មានឈ្មោះបោះសម្លេង មុនអៀងឡៃដែរ ។
ការប្រកួតដែលនរណាក៏មានជំនឿចិត្តថាពួកគេ នឹងតស៊ូជាមួយគ្នា៣ទឹកពេញ នោះបែរជាសង្ឃឹមត្រូវអៀងឡៃវ៉ៃឲ្យសន្លប់មុន ស្នូរជួងបញ្ចប់ទឹកទី១ទៅវិញ ។
ប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ អ្នកប្រដាល់ជើងចាស់ពូកែ ឌឺ ម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍បានផ្ដួល ដៃគូប្រកួតរបស់ខ្លួនគឺគួន ប៊ុនហ៊ីមក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី៣ ។
ព្រឹត្តិការណ៍នេះប៊ុនហ៊ីមធ្លាប់ចូលរួមប្រកួត២-៣លើកហើយ តែគេពុំធ្លាប់បានឡៃងដល់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របែបនេះទេ ។ងាចនិយាយបានថាលើកនេះ គេត្រៀមខ្លួនបានល្អទើបឆ្លងផុតវគ្គជម្រុះទាំង៣វគ្គ ។ សូមបញ្ជាក់ថា ការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះ មានការតឹងតែងគួរសមដែរ ។
ជាមួយនឹងជ័យជំនះនេះម៉ន សាម៉េត និង ធន អៀងឡៃត្រៀមខ្លួន ជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមពាន ដែលមានរង្វាន់អមចំនួន៤.០០០ដុល្លារ ចំពោះអ្នកចាញ់បាន២.០០០ដុល្លារ ។ បឺត សង្ឃឹម និង គួន ប៊ុនហ៊ីមត្រៀមប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ៣ ។
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់វ័យ ចំណាស់កម្ពុជាព្រំ សំណាងក្លិបទ័ពឆ័ត្រយោង៩១១បាន យកឈ្នះអ្នកប្រដាល់ថៃម៉ានូ វ៉ាន់(Manouv Van)នៅទឹកទី៤ ។