ធ្វើឲ្យខូចខាតដោយចេតនានូវទ្រព្យ សម្បត្តិអ្នកដទៃ បោកទូរស័ព្ទបណ្តាលឲ្យបែក ចាប់បុរសម្នាក់
ភ្នំពេញ៖ ចាប់បុរសម្នាក់ ករណី ហិង្សាដោយចេតនា (ចាប់កាច់ដៃបណ្តាលឲ្យថ្លោះដើមដៃខាងស្តាំ) និង ធ្វើឲ្យខូចខាតដោយចេតនានូវទ្រព្យ សម្បត្តិអ្នកដទៃ (បោកទូរស័ព្ទបណ្តាលឲ្យបែក) នៅមុខផ្ទះគ្មានលេខ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៦- ០២-២០១៩ ម៉ោង០៩និង៣០នាទី។
ជនរងគ្រោះឈ្មោះ គ គឿង ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ត្រី ស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យឈ្មោះទូច បូរី ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិយក បាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ហេតុការណ៍ នៅថ្ងៃទី១៦-០២-២០១៩ ម៉ោង០៩និង៣០នាទី ជនរងគ្រោះ និងប្រពន្ធកំពុងរៀបចំកេះដាក់ត្រីនៅចំណុចកើតហេតុ យកទៅលក់នៅផ្សារព្រែកព្នៅ ស្រាប់តែជនសង្ស័យជាអ្នករស់ក្បែរគ្នាបានស្រែកជេរឡូឡា ពេលនោះជនរងគ្រោះសួរថា តើឯងជាអ្នកណាគេ? រួចក៏ទាស់ពាក្យសម្តីគ្នា ជនរងគ្រោះក៏យកទូរស័ព្ទម៉ាក iPhone៦ Plus ពណ៌ទឹកមាសមកថតសកម្មភាពជនសង្ស័យ រួចជនសង្ស័យក៏ឆក់ទូរស័ព្ទពី ជនរងគ្រោះបោក ទៅលើជញ្ជាំងថ្មបែក ហើយវាយជនរងគ្រោះមួយដៃចំចិញ្ចើមខាងឆ្វេង រួចចាប់ដៃជនរងគ្រោះខាងស្តាំ កាច់បណ្តាលឲ្យថ្លោះហើម ពេលនោះប្រពន្ធជនរងគ្រោះទូរស័ព្ទ ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកប៉ុស្តិ៍ក្បាលកោះធ្វើការសាកសួរ៕