ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការរៀបចំការឺឡាថ្មីនៅចិញ្ចើមមហាវិថី ព្រះនរោត្តម ចាប់ពីរមណីយដ្ឋានវត្តភ្នំ ដល់វិមានឯករាជ្យត្រូវបានបញ្ចប់ ប៉ុន្តែនៅតែមានគេរំលោភធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន

165
ភ្នំពេញ៖ ដើម្បីលើកកំពស់សោភ័ណ្ឌភាព និងដើម្បីរៀបចំសណ្តាប់ធ្នាប់សម្រាប់អ្នកថ្មើរជើងអោយបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការឺឡាថ្មីនៅចិញ្ចើមមហាវិថី ព្រះនរោត្តម ចាប់ពីរមណីយដ្ឋានវត្តភ្នំ ដល់វិមានឯករាជ្យ ហើយគម្រោងនេះ ក៏មានការរៀបចំតម្រាយផ្លូវសម្រាប់ជនពិការផង ។ប៉ុន្តែអ្វិដែលជាការហួសចិត្តនោះ ក្រោយការស្ថាបនារួចហាក់មិនមានអ្វី
ប្រសើរឡើងនោះទេ នោះក៏ដោយសារប្រជាពលរដ្ឋមួយចំនួន ពិសេសមុខផ្ទះអ្នកធំ និងក្រុមហ៊ុនក្រាក់ៗមួយចំនួនមិនបានចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញនោះទេ ដោយបានយករថយន្តទៅចតពាសពេញ ការ៉ូឡាថ្មីនិងចិញ្ចើមផ្លូវទាំងនេះ ដែលធ្វើអោយបាត់បង់សណ្តាប់ធ្នាប់យ៉ាងធ្ងន់ធ្ងរ ស្របពេលដែលការ៉ូឡាថ្មីនិងចិញ្ចើមផ្លូវត្រូវបានរដ្ឋបាលរាជធានីស្ថាបនាឡើងយ៉ាងប្រណិតនឹងអស់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ។
    ជាក់ស្តែង នៅព្រឹកថ្ងៃទី១៨ខែកុម្ភៈនេះ ក្រុមអ្នកយកព័ត៌មានប្រចាំរដ្ឋបាលរាជធានីភ្នំពេញ បានផ្តិតយករូបភាពជាច្រើន ពីការចតរថយន្ត និងម៉ូតូ នៅតាមចិញ្ចើមថ្មី នៃមហាវិថីព្រះនរោត្តម ទាំងសងខាង ចាប់ពីស្ពាននាគ រហូតដល់វិមានឯករាជ្យ ដែលរដ្ឋបាលរាជធានីរៀបការឺឡារួចទុកឲ្យថ្មើរជើងដើរ តែបែរជាម្ចាស់ផ្ទះនិងម្ចាស់ក្រុមហ៊ុនមួយចំនួន យករថយន្ត មកចតពីលើ ។ កន្លែងដែលមានរថយន្តចតលើចិញ្ចើមផ្លូវខាងលើមានដូចជា នៅមុខក្រុមហ៊ុន ដែលម្ចាស់ក្រុមហ៊ុនមានឈ្មោះល្បីនៅស្រុកខ្មែរ ក្រុហ៊ុនលក់ទិញរថយន្តកោះកែវ កែងក្បាលស្ពាននាគ មុខកាហ្វេអាម៉ាហ្សូន មុខធនាគារវឌ្ឍនៈ មុខសាលាស៊ីសុវត្ថិ មុខផ្ទះឧកញ៉ាក្រាក់ៗ មុខក្រុមហ៊ុនលក់ទិញរថយន្តហាក់ ហួត មុខរបងអង្គភាពរបស់រដ្ឋ មុខក្រុមហ៊ុនលក់ទំនិញ THANH YOU និងនៅមុខគ្លីនិចដឺបូតេលុច្ស ជាដើម។
     សកម្មភាពរំលោភយកចិញ្ចើមផ្លូវខាងលើនេះអាជ្ញាធរ ខណ្ឌដូនពេញ និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធហាក់មិនឃើញធ្វើសកម្មភាពអ្វីសោះ គេមិនដឹងថា អាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាននេះ ខ្លាច បុណ្យសក្តិអ្នករំលោភឬយ៉ាងណានោះទេ។
   មានការលើកឡើងថា ដើម្បីលើកកំពស់សោភ័ណ្ឌភាព និងដើម្បីរៀបចំសណ្តាប់ធ្នាប់សម្រាប់អ្នកថ្មើរជើងអោយបានល្អប្រសើរឡើងនៅលើបណ្តោយមហាវិថីខាងលើ សូមអស់លោកដែលរំលោភទាំងអស់នេះ មេត្តាគិតដល់ប្រយោជន៍សាធារណៈផង កុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនពេក ។
   គួរបញ្ជាក់ផងដែរថា គម្រោងរៀបចំការឺឡាថ្មីនៅចិញ្ចើមមហាវិថី ព្រះនរោត្តម ចាប់ពីរមណីយដ្ឋានវត្តភ្នំ ដល់វិមានឯករាជ្យត្រូវបានបញ្ចប់ កាលពីបំណាច់ខែធ្នូ២០១៨ មកម្លេះ តែអ្នកថ្មើរជើងមិនបានដើរស្រួលនោះទេ ដោយសារប្រជាពលរដ្ឋមួយចំនួន ពិសេសមុខផ្ទះអ្នកធំ និងក្រុមហ៊ុនក្រាក់ៗមួយចំនួនមិនបានចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយបានយករថយន្តទៅចតពាសពេញ ការ៉ូឡាថ្មីនិងចិញ្ចើមផ្លូវទាំងនេះ ៕
អត្ថបទដែលជាប់ទាក់ទង