នាយឧត្តមសេនីយ៍ សៅ សុខា ដាក់បញ្ជាឲ្យកម្លាំងចូលរួមការពារសណ្ដាប់ធ្នាប់ សន្តិសុខសង្គម និងបង្ក្រាបបទល្មើស
(មណ្ឌលគិរី)៖ នាយឧត្តមសេនីយ៍សៅ សុខា បានណែនាំដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្ត/ក្រុង/ស្រុក ត្រូវកសាងអង្គភាព ឱ្យមានកន្លែងធ្វើការសមរម្យ មានសណ្ដាប់ធ្នាប់ល្អ ជាពិសេស កងកម្លាំងទាំងអស់ ត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រូវធ្វើអ្វីៗ ដើម្បីប្រជាជន។
លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងដាក់បទបញ្ជាទៅកាន់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចនានាជាប្រចាំ ដើម្បីថែរក្សាការពារ សណ្ដាប់ធ្នាប់ សន្តិសុខសង្គម និងត្រូវបង្ក្រាបបទល្មើសផ្សេងៗ ដែលកើតមានឲ្យបានជោគជ័យ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ការដឹកនាំកងទ័ព ត្រូវអប់រំហ្វឹកហ្វឺនកងទ័ព ឲ្យមានសមត្ថភាពគ្រប់គ្រាន់ មានអត្តចរឹកត្រឹមត្រូវ សីលធម៌ ស្អាតស្អំ យល់ច្បាស់អំពីកាតព្វកិច្ច ភារកិច្ចដោយស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានលះបង់គ្រប់កាលៈទេសៈដែលជាតិត្រូវការ។
លោកថា ការដឹកនាំកងទ័ពត្រូវធ្វើតាមពាក្យស្លោក កងទ័ពជាកូនចៅប្រជាជន ធ្វើអ្វីៗទាំងអស់ដើម្បីប្រជាជន មកនៅឲ្យប្រជាជនស្រលាញ់ ទៅឲ្យប្រជាជននឹក ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរ ជាមួយមហាជន និងជាមួយសមត្ថកិច្ចគ្រប់ប្រភេទ។
នៅក្នុងឱកាសនោះអភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង ដែលបានចូលរួមផផងដែរនោះ បានកោតសរសើរចំពោះចំពោះសមិទ្ធផលនានា ដែលបាននិងកំពុងមានការអភិវឌ្ឍន៍រីកចំរើន នៅខេត្តមណ្ឌលគិរី ជាពិសេសអគារជាច្រើនសម្រាប់បំរើការងារនៅក្នុងមូដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីតែម្តង។ មិនតែប៉ុណ្ណោះ លោកអភិបាលខេត្ត បានជុំរុញឲ្យគ្រប់អង្គភាព
នានាជុំវិញខេត្តធ្វើការប្រឡងប្រណាំងគ្នា ឲ្យមានការអភិវឌ្ឍន៍រីកចំរើនសំណង់អគាររដ្ឋបាល សម្រាប់មន្រ្តីបំរើការងារ ក៏ដូចធ្វើការប្រកួតប្រជែងគ្នាធ្វើការអភិវឌ្ឍន៍ រាល់ហេដ្ឋារចនាសម្ព័ននានាទៅតាមជំនាញរបស់ខ្លួន។
លោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឲ្យដឹងថា ការកសាង និងពិធិបញ្ចុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មីនេះ គឺមានការណែនាំ និងបញ្ជាដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងគោលបំណងឲ្យសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មានកន្លែងធ្វើការត្រឹមត្រូវ ដើម្បីឆ្លើយតបទៅតាមសំណូមពរ និងសេចក្តីត្រូវការ ស្របតាមការវិវឌ្ឍន៍ និងរីកចម្រើនរបស់អង្គភាព កងរាជអាវុធហត្ថពីមួយថ្ងៃទៅមួយថ្ងៃ។
លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឲ្យដឹងថា ការបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត មានទំហំបណ្ដោយប្រវែង ៥៦ ម៉ែត្រនិង ទទឹង ១១ម៉ែត្រ និង(មានវេរ៉ងដា) ទំហំ ៧ម៉ែត្រ គុណ ៨ ម៉ែត្រ មានកំពស់៣ជាន់ រយៈពេលការសាងសង់ចំនួន០២ឆ្នាំ ដោយចំណាយថវិការសរុប៦៥ម៉ឺនដុល្លាអាមេរិច។ លោកបន្ថែមថា ក្នុងនោះថវិការរបស់ នាយឧត្តមសេនីយ៍ សៅ សុខា ១០ម៉ឺនដុល្លារ រួមនិងថវិការរបស់ លោក អភិបាលខេត្តមណ្ឌលគិរី១ម៉ឺនដុល្លាផងដែរ៕