ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបុណ្យមាឃបូជា ប្រារព្វធ្វើឡើង នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ

398

ព្រឹកថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ពិធីបុណ្យមាឃបូជា ប្រារព្វធ្វើឡើង នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្តុង្គ) ដែលស្ថិត​ក្នុង​ស្រុក​ពញាឮ​​ ខេត្តកណ្តាល​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះសង្ឃរាជ ពេទ វង្ស ។

ពិធីបុណ្យមាឃបូជាប្រារព្ធឡើងដើម្បី:
-រំលឹកនឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រងធ្វើចតុរង្គសន្និបាត។
-រំលឹកនឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងឱវាទបាតិមោក្ខ។
-រំលឹកនឹកដល់ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ។

តាមឯកសារ ដែលមាននៅក្នុងព្រះរាជពិធីទ្វាទសមាស
បានបញ្ចាក់ថាប្រភព នៃបុណ្យមាឃបូជា មាន២យ៉ាង ÷

ប្រភពទី១ បុណ្យមាឃបូជាគឺជាបុណ្យរំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាត នៃព្រះអរហន្ត១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបូណិមីក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល។

ប្រភពទី២ បុណ្យមាឃបូជាគឺជាបុណ្យរំលឹក ដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបូណិមីខែមាឃ ជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ទ្រង់ប្រជុំសាវ័កហើយ ប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ ។

ក្នុង​ឱកាសពិធីបុណ្យមាឃបូជានេះដែរ លោក និងលោកស្រី ក៏បាន រាប់បាត្រ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វបុរស​ ដែលបានបូជាជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិកម្ពុជាផងដែរ។

តើបុណ្យមាឃបូជានេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអ្វី? យើងខ្ញុំសូមលើកយកប្រវត្តិនៃពិធីបុណ្យនេះ មកជំរាបជូនប្រិយមិត្តអ្នកអានបានជ្រាបដូចតទៅ៖

បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

ការបង្កើតព្រះពុទ្ធសាសនា​ ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឲ្យ សមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា។

គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិមោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រ ក្នុងទីប្រជុំសង្ឃរាល់កន្លះខែ ៖ ឧទាហរណ៍រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សា ឲ្យយល់ដឹង និងអនុវត្ត ។

ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខ ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ ក្នុងព្រះពុទ្ធសាសនាក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងគឺ៖

១៖ ព្រះសង្ឃសមណៈទូត ១,២៥០អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយ គោលធម៌បានវិលត្រឡប់ មកចូលគាល់ ព្រះអង្គវិញយ៉ាង ព្រមព្រៀងគ្នា (សព្វេ ខីណាសវា)។

២៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួស ឲ្យដោយផ្ទាល់ដែល ហៅថា ឯហិភិក្ខុឧបសម្បទា(សព្វេ ឯហិភិក្ខុកា) ។

៣៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន,ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នកដទៃ, បានរលឹកជាតិបាន និងអស់អាសវៈមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ដោយមិនបាន ណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា) ។

៤៖ ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះ ត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។

ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះ ហៅម្យ៉ាងទៀតថាចតុរង្គសន្និបាតគឺ កិច្ចប្រជុំប្រកបដោយអង្គ៤។

ចតុរង្គសន្និបាតនេះប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិញាណកន្លងហើយបាន ៩ខែ គឺ មុន ព.ស.៤៥ឆ្នាំ។

មូលហេតុសំខាន់ដែល ព្រះសង្ឃសមណៈទូតទាំងនោះ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ននោះ ព្រោះថ្ងៃពេញបូណ៌មីខែមាឃនោះ ត្រូវនឹងថ្ងៃសិវរាត្រីរបស់សាសនាព្រាហ្មណ៍ ក្នុងថ្ងៃសិវរាត្រីនេះ សាសនិកព្រាហ្មណ៍ តែង ប្រារព្ធពិធីលាងជម្រះបាបបូជាព្រះសិវៈ ព្រោះហេតុនោះព្រះសង្ឃទាំងនោះទើបធ្វើដំណើរទៅគាល់ព្រះ បរម សាស្តាដែលទ្រង់ធ្វើពុទ្ធដំណើរចេញ ពីល្អាងសុករខាតាមកគង់ប្រថាប់ នៅក្នុងវត្តវេឡុវ័ន សូមជម្រាបថា ព្រះសង្ឃដែលធ្វើដំណើរទៅផ្សព្វផ្សាយពុទ្ធធម៌នោះ មិនមែនធ្វើដំណើរទៅព្រមគ្នាទាំង ១,២៥០ អង្គនោះទេ ប៉ុន្តែធ្វើដំណើរទៅតែមួយអង្គឯងប៉ុណ្ណោះ មានន័យថា ធ្វើដំណើរទៅដាច់ដោយឡែកពីគ្នា ការដែលព្រះសង្ឃអង្គនីមួយៗ ធ្វើដំណើរទៅវត្តវេឡុវ័នដោយមិន បានណាត់ទុកជាមុនដូចជាណាត់តាមទូរស័ព្ទ ឬ ឥន្ធើណិតជាដើម ទើបចាត់ជាហេតុការណ៍អស្ចារ្យ។

អត្ថបទដែលជាប់ទាក់ទង