អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចគាស់ផ្ទះ ០១នាក់ ទៅតុលាការ
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចគាស់ផ្ទះ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ករណីលួចគាស់ផ្ទះនេះ កើតឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៣:០០នាទីទៀបភ្លឺ នៅចំណុច ផ្ទះលេខ១៤៤E3 ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បង្ករឡើងដោយជនសង្ស័យ ឈ្មោះ ទួន ឌីដារិទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ ដែលកំពុងដើរចូលទៅផ្ទះប្រជាពលរដ្ឋ ដើម្បីគាស់សោរទ្វារផ្ទះចូលលួចទ្រព្យសម្បត្តិ។
ក្រោមការសាកសួរចម្លើយ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យខាងលើ បានសារភាពឲ្យដឹងថា នៅថ្ងៃកើតហេតុមុនធ្វើសកម្មភាព រូបគេបានជិះម៉ូតូ ០១គ្រឿង ម៉ាក ឡេត ពណ៍ក្រហម ស្លាកលេខ ភ្នំពេញ 1GX-8385 ចេញពីផ្ទះនៅម្តុំផ្សារ៧មករា ដើម្បីដើររកគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ ដោយមានជាប់ឧបករណ៍សម្រាប់គាស់មួយចំនួនមាន៖ កូនកាំបិតចុច ,ដែកកាប់ ,ទូរណឹវីស ,និងកូនសោរមួយចង្កោម។ លុះពេលជិះដល់ចំណុចខាងលើ រូបគេបានចូលតាមច្រកជណ្តើរ ឡើងទៅដល់ជាន់ទី៣ ហើយបានគោះទ្វារផ្ទះលេខ៤៤AE3 ស្រែកហៅ ពូៗ ដើម្បីកុំឲ្យអ្នកនៅក្បែរនឹងសង្ស័យ បន្ទាប់មកស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថខណ្ឌ៧មករា បានឃើញសកម្មភាពរូបគេគួរឲ្យសង្ស័យ ក៏ចុះមកសួរនាំឃាត់ខ្លួនរូបគេតែម្តង។
រូបគេបានបន្តឲ្យដឹងទៀតថា កន្លងមករូបគេធ្លាប់ធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ ០២លើករួចមកហើយ កាលអំឡុងឆ្នាំ២០១៨ ,លើកទី១ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋនៅម្តុំទំនប់ទួលគោក ,លើកទី២ បានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ នៅម្តុំសាលាកុលាប១ ជាប់គល់ស្ពានជ្រោយចង្វារ លួចបានកង់ ០១គ្រឿង។