លើកទឹកចិត្តឲ្យបន្តរៀបចំព្រឹត្តិការណ៍ កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ
ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ រាជរដ្ឋាភិបាល បានជំរុញដល់ការបណ្តុះបណ្តាល កីឡាករ កីឡាការិនី ការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា និងគាំទ្រឲ្យមានការរៀបចំការប្រកួតកីឡាគ្រប់ប្រភេទដើម្បី ផ្តល់ឱកាសឲ្យកីឡាករ កីឡាករិនីបញ្ចេញសមត្ថភាពដកស្រង់បេច្ចេកទេស បង្ហាញទេពកោសល្យរបស់ខ្លួន និង កសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។
ក្នុងពិធីសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រ លើកទី២ ឆ្នាំ២០១៩
The 2ndANCHOR INTERNATIONAL BEACH VOLLEYBALL 2019 រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រ លើកទី២ ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុន ស្រាបៀរអាន់ឆ័រ សហការបច្ចេកទេសជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា ដោយមានការគាំទ្រផ្នែកបច្ចេកទេស ពីសហព័ន្ធកីឡាបាល់ទះអាស៊ី (AVC) និងអន្តរជាតិ (FIVB)។
ក្នុងបរិបទថ្មីដែលប្រទេសជាតិយើងកំពុងតែទទួលបាននូវផលចំណេញពីសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ត្រូវបានយកចិត្តទុកដាក់ឡើងវិញ ហើយរាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការបាន កំណត់យកការអភិវឌ្ឍការងារកីឡា ជាចំណុចស្នូលនៃកំណែទម្រង់ក្នុងគោលបំណងលើកកម្ពស់សុខភាព សមត្ថភាពជំនាញបច្ចេកទេសកីឡា ប្រកបដោយគុណភាព និងសិទ្ធផលខ្ពស់ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ។
លោកបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា តែងតែបានបង្កលទ្ធភាពគ្រប់បែបយ៉ាងដល់គ្រប់ក្រុមមុខសញ្ញាក្នុង ការរៀបចំការប្រកួតកីឡានានានៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ក៏ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដែលជាប្រភពធនធានថវិកា ដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា។
លោកក៏បានលើកទឹកចិត្តឲ្យបន្តរៀបចំព្រឹត្តិការណ៍ កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ ដើម្បីផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យកីឡាបាល់ទះ ឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕