ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុំបរិភោគត្រីក្រពតចំនួន៣ប្រភេទ មានជាតិពុល

96


ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រាប់ដល់ប្រជាពលរដ្ឋ​ កុំបរិភោគត្រីក្រពតចំនួន៣ប្រភេទ មានជាតិពុល នៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែម របស់វា មានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់ អាចបណ្តាលឱ្យមនុស្សមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាននៅពេលជាតិពុល បានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល។

សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ដោយសារតែករណីស្លាប់បង្កឡើងដោយការបរិភោគត្រក្រពតនៅតែបន្តកើតមាន នៅបណ្តាខេត្តមួយចំនួន ក្រសួងសុខាភិបាល ប្រកាសថា ចាប់តាំងពីឆ្នាំ២០១៧មក ដល់ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៩ មានករណីពុល និងបណ្តាលឲ្យស្លាប់ ដោយសារការបរិភោគត្រីក្រពត ចំនួន៥នាក់ ក្នុងចំណោមអ្នកឈឺចំនួន៤០នាក់ ដែលករណីនេះ បានកើតឡើងនៅខេត្តក្រចេះចំនួន២លើក ក្នុងឆ្នាំ២០១៧ ខេត្តកោះកុង ១លើកក្នុងឆ្នាំ២០១៨ ខេត្តសៀមរាប១លើក ក្នុងឆ្នាំ២០១៨ និងខេត្តបន្ទាយមានជ័យ ៣លើកដែល២លើក កើតក្នុងឆ្នាំ២០១៧ និង១លើកទៀត ទើបកើតមានឡើងនៅថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៩នេះ ដែលករណីចុងក្រោយនេះ កើតមានលើគ្រួសារមួយដែលបណ្តាលឲ្យពុលឈឺ៥នាក់ ក្នុងនោះស្លាប់ម្នាក់។ ក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ប្រភេទ ក្នុងនោះមាន ៣ប្រភេទមានជាតិពុល, តាមការស្រាវជ្រាវ បានរកឃើញថា ត្រីក្រពតដែលមានជាតិពុលនោះ រួមមាន៖ Tetraodon cochinchinensis, Monotrete leiurus និងTetraodon fluviatilis ត្រីក្រពតទាំងនេះ ពេលជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងអាចបណ្តាលឲ្យស្លាប់បាន។

ត្រីក្រពតដែលមានសារធាតុពុលទាំង៣ប្រភេទខាងលើនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។
ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពង និងស្ពែម របស់វា មានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។

សម្រាប់រោគសញ្ញាចាប់ផ្តើមក្នុងរយៈពេល ២០នាទី ទៅ២ម៉ោង បន្ទាប់ពីបានបរិភោគត្រីបែបនេះ រោគសញ្ញា រួមមាន រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈ ឈឺក្បាលវិលមុខ រមាស់ចាក់ៗនៅចុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្តាលឲ្យស្លាប់តែម្តង។

ជាថ្មីម្តងទៀតលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក ណែនាំ និងអំពាវនាវដល់សាធារណជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការ បង្ការការពុលចំណីអាហារ ពិសេសការរួមគ្នាអនុវត្តន៍ ឲ្យបានខ្ជាប់ខ្ជួន នូវអនាម័យចំណីអាហារល្អ គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគរហូត ដល់អ្នកបម្រើអាហារ ដើរតួនាទីសំខាន់ ក្នុងការលើកកម្ពស់ សុវត្ថិភាពចំណីអាហារ ចាប់តាំងពីការរៀបចំ ចំណីអាហារ របៀបទុកដាក់ និងពេលចម្អិនអាហារ។ ដើម្បីជៀសវាងបាននូវបញ្ហាសុខភាព ដែលអាចធ្វើ ឲ្យបាត់បង់ជីវិតបាន និងដើម្បីចៀសផុតពីការពុលត្រីក្រពតដូចករណីខាងលើ “សូមបងប្អូនប្រជាពលរដ្ឋ សូមកុំបរិភោគត្រីក្រពតដែលមានជាតិពុល” ដោយសារវាមានជាតិពុលនៅក្នុងខ្លួនវា ដែលអាចបណ្តាលឲ្យស្លាប់បាន។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតនេះ មិនអាចកម្ចាត់ចោលបានទេ ទោះបីជាបានចម្អិន ឬដាក់ឲ្យកកក៏ដោយ។

អត្ថបទដែលជាប់ទាក់ទង