ទាហានថៃចាប់ពលរដ្ឋខ្មែរឆ្លងដែន ចូលកាប់ឈើគ្រញូង ក្នុងឧទ្យានជាតិ ថាប់ឡានទី
ប្រទេសថៃ ៖កាសែតថៃ បានផ្សាយថា មានពលរដ្ឋខ្មែរ ១៨ នាក់មកពីបណ្តាខេត្តចំនួន៦ ក្នុងប្រទេសកម្ពុជា ត្រូវបានកម្លាំងទាហានថៃសហការជាមួយមន្ត្រីជំនាញរក្សាព្រៃឈើថៃ បានចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងយកទៅចាត់ការតាមផ្លូវច្បាប់ ។ កាសែតថៃ បានបញ្ជាក់ថា ដែលពលរដ្ឋខ្មែរទាំង១៨នាក់ បានឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូង ក្នុងទឹកថៃ នៅក្នុងឧទ្យានជាតិ ថាប់ឡានទី៣និងទី៤ ចំណុចខ្លងណាំម៉ាន់ ស្ថិតនៅស្រុកខនបុរី ខេត្តនគររាជសីម៉ា ប្រទសថៃ កាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងកិច្ចប្រតិបត្តិការនោះ ដែលកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាប ចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរជាច្រើននាក់ បានកំពុងធ្វើដំណើរមានសម្ភារៈជាមធ្យោបាយដូចជា រណារយន្ត ស្បៀងអាហារ និងមានកាំភ្លើងបាញ់ខ្យល់ហ្គាស ត្រូវបានសមត្ថកិច្ចចម្រុះថៃ ឡោមព័ទ្ធចាប់បានជាបន្តបន្ទាប់ និងមានមួយចំនួនទៀត រត់គេចខ្លួនបានដោយសុវត្ថិភាព ។ ពលរដ្ឋខ្មែរទាំងនោះ ដើរសំដៅកាត់ព្រៃ និងភ្នំឆ្ពោះលបចូលទៅកាប់ឈើគ្រញូង ក្នុងតំបន់ឧទ្យានជាតិថាប់ឡាន។ ពលរដ្ឋខ្មែរទាំង១៨នាក់មកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ចាម និងខេត្តតាកែវ៕