ក្រុមហ៊ុនចិនវិនិយោគនៅខេត្តកោះកុងនិងព្រះសីហនុក្នុងទឹកប្រាក់ជិត៦០០លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារផ្កាយ៥
កោះកុង៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបាន សម្រេច ផ្តល់សិទ្ធិឱ្យក្រុមហ៊ុនចិនចំនួនពីរគឺក្រុមហ៊ុនUNION DEVELOPMENT GROUP CO.,LTD និងក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD ធ្វើការវិនិយោគលើវិស័យសណ្ឋាគារ ផ្កាយ៥ ថ្នាក់ផ្កាយ៥ នៅខេត្តកោះកុង និងខេត្ដព្រះសីហនុ ដោយទំហំទុនជិត៦០០លានដុល្លារអាម៉េរិក។ នេះបើយោងតាមការផ្សាយតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា ក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្ម សណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៣០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨៨.៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២.៥៩៨កន្លែង។ ចំណែកឯក្រុមហ៊ុន UNION CITY DEVELOPMENT GROUP CO.,LTD.”គម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ “TEMI” រួមមាន៖ សណ្ឋាគារថ្នាក់ផ្កាយ៥ចំនួន៨០០បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម តារាងវាយកូនគោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកម្សាន្ត។ ចំណតកប៉ាល់ និងគម្រោងផ្សេងៗមួយចំនួនទៀត ដែលមានទីតាំង វិនិយោគស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៥០០.៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៥.១៥០កន្លែង។ ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុនបីផ្សេងទៀតដូចជា ទី១.“FULL EVER TEXTILES (CAMBODIA) COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៥កន្លែង។ ទី២“KAI GAO PAPER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតម្ស៉ៅក្រដាស “Paper Pulp and Lignin” ពីឈើដាំដុះក្នុងស្រុក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ១៧.២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៦១កន្លែង។ ចំណែកទី៣ ក្រុមហ៊ុន“TOP RISE MASTER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងសម្ភារបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥១០កន្លែង។
បើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ឡៅ ទិព្វសីហា បានឱ្យដឹងថា ការវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ ២០១៩នេះ នៅតែបង្ហាញសញ្ញាវិជ្ជមាន ខណៈគម្រោងធំៗក្នុងមួយចំនួន បាននឹងកំពុងមានវត្តមានជាបន្ត បន្ទាប់ ហើយគម្រោងធំៗមួយចំនួនផ្សេងទៀត ក៏កំពុងស្ថិតក្នុងការត្រួតពិនិត្យ និងស្នើសុំអាជ្ញា ប័ណ្ណសាងសង់ផងដែរ។
សូមបញ្ជាក់ថា ៖ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក៏បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាព ទាក់ទាញ និងប្រកួតប្រជែងខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ក្នុងន័យទាក់ទាញការវិនិយោគពីក្រៅប្រទេសឱ្យបានច្រើន៕