ជប៉ុនផ្តល់ថវិកាជាង៤សែនដុល្លារ សម្រាប់គម្រោងលើកកម្ពស់ សុខភាពមាតានិងទារកក្នុងខេត្តតាកែវ
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានឯកភាពផ្ដល់ថវិកាសរុបចំនួន៤០០៣៨៤ ដុល្លារអាមេរិក ដល់អង្គការ world vision japan ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខា នៅថ្ងៃទី 21 ខែកុម្ភៈឆ្នាំ 2019 ដោយលោកហូរីណូអ៊ុជិហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកម៉ាត់ស៊ូអុកកា តាគូយ៉ា ប្រធានគម្រោងអង្គការworld vision japan
សម្រាប់គម្រោងលើកកម្ពស់សុខភាពមាតា និងទារកនៅក្នុងខេត្តតាកែវ (ឆ្នាំទី 3)។
នៅក្នុងគម្រោងនេះ អង្គការនឹងផ្ដល់នូវ ១)ការបណ្ដុះបណ្ដាលដល់បុគ្គលិក និងអ្នកស្ម័គ្រចិត្តសុខាភិបាល និង២) ផ្ដល់ការអប់រំផ្នែកសុខភាព ដល់មាតា។ អង្គការក៏បានបង្កើតនូវ “ហឹបសុខភាព និងអាហារូបត្ថម្ភសហគមន៍” ដែលជួយឲ្យគ្រួសារមានជីវភាពក្រីក្រ អាចមានលទ្ធភាព ទទួលបានសេវាសុខាភិបាល នៅក្នុងស្រុកប្រតិបត្តិគិរីវង់
និងស្រុកប្រតិបត្តិកោះអណ្តែត ខេត្តតាកែវ ក្នុងគោលបំណង
ដើម្បីលើកកម្ពស់គុណភាព និងការទទួលបានសេវាសុខភាព ឲ្យកាន់តែល្អប្រសើរ និងកាត់បន្ថយអត្រាកុមារ ដែលខ្វះអាហារូបត្ថម្ភ និងជំងឺនានាដែលឆ្លងតាមទឹកមិនស្អាតជាដើម។ គម្រោងនេះ ក៏រួមបញ្ចូលផងដែរ នូវការកសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងបរិក្ខាអនាម័យ នៅមណ្ឌលសុខភាពចំនួន 7 ក្នុងស្រុកប្រតិបត្តិចំនួនពីរ ដើម្បីកែលម្អបរិស្ថានសុខាភិបាល។
កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោង អង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ 2002 ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ 2002 មករដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង 35 លានដុល្លារអាមេរិកសម្រាប់គម្រោងចំនួន 115 ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងវិស័យសកម្មភាពបោសសម្អាតមីន ក្នុងប្រទេសកម្ពុជា។
លោកហូរីណូអ៊ុជិហ៊ីដេហ៊ីសា បានមានប្រសាសន៍ថា នៅខេត្តតាកែវ អង្គការនេះ នឹងធ្វើការបណ្ដុះបណ្ដាលបុគ្គលិក របស់មណ្ឌលសុខភាព នឹងផ្ដល់ការអប់រំ អំពីសុខភាពដល់អ្នកម្តាយ នៅក្នុងតំបន់បង្កើតនូវផាសុកភាព និងអាហារូបត្ថម្ភសហគមន៍ ដើម្បីឲ្យគ្រួសារក្រីក្រ អាចទទួលបានសេវាសុខាភិបាល និងកែលម្អប្រពន្ធគត់ផ្គង់ទឹកស្អាត និងអនាម័យ នៅតាមមណ្ឌលសុខភាព ។ តាមរយៈគម្រោងនេះ ខ្ញុំរំពឹងថាចំណេះដឹង ត្រឹមត្រូវអំពីសុខភាព នឹងត្រូវបានផ្សព្វផ្សាយ ហើយស្ថានភាពសុខភាពមាតា និងកុមារ នឹងត្រូវបានកែលម្អ ហើយការទទួលបានទឹកប្រកបដោយ សុវត្ថិភាព និងត្រូវបានលើកកម្ពស់ផងដែរ។
លោកម៉ាត់ស៊ូអុកកា តាគូយ៉ា បានថ្លែងថា ដែលបានបន្តនូវការអនុវត្ត គម្រោងការធ្វើឲ្យប្រសើរឡើង សុខភាពមាតា និងទារកនៅខេត្តតាកែវ ឆ្នាំទី 3
ជាមួយនឹងជំនួយដ៏សប្បុរស ពីសំណាក់រដ្ឋាភិបាលជប៉ុន។ តាមរយៈគម្រោងនេះ
ដែលត្រូវអនុវត្តន៍អស់រយៈពេល 2 ឆ្នាំ យើងបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល ដែលផ្ដោតលើប្រធានបទសុខភាព ដូចជាការថែទាំមុននិងក្រោយសំរាល ជំនាញសង្គ្រោះជីវិតជាមូលដ្ឋាន និងសមាហរណកម្មការគ្រប់គ្រង និងការព្យាបាលជំងឺកុមារតាមសហគមន៍។ ចំណេះដឹងស្ដីអំពីសុខភាពមាតា និងទារក ត្រូវបានចែករំលែកយ៉ាងទូលំទូលាយ នៅក្នុងភូមិគោលដៅទាំង290 តែកើតឡើងពីថ្នាក់ខេត្ត ដល់ថ្នាក់សហគមន៍ តាមរយៈការបណ្ដុះបណ្ដាល និងវគ្គពង្រីកការយល់ដឹង ដែលបានចូលរួមសម្របសម្រួល ជាមួយគ្នា ដោយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងក្រុមគាំទ្រសុខភាពភូមិ។ នេះពិតជាបានជួយលើកកម្ពស់ ការផ្លាស់ប្ដូរឥរិយាបទ របស់ប្រជាជននៅតាមសហគមន៍ លើការថែទាំសុខភាពមាតានិងទារក។ យើងបានអនុវត្តផងដែរ នូវសកម្មភាពសហគមន៍កូនល្អ តែហៅកាត់ថា អែស ខេ អិល នៅក្នុង 43 ភូមិគោលដៅ ដើម្បីបង្ការនិងស្ដារនីតិសម្បទា កុមារខ្វះអាហាររូបត្ថម្ភ ហើយលើសពីនេះទៀត មាតា និងអាណាព្យាបាល សិក្សារៀនសូត្រពីសារសំខាន់នៃ 1000 ថ្ងៃដំបូង ថ្ងៃនៃជីវិតកុមារ បូករួមផងដែរ នូវការរៀបចំអាហារ ដែលមានជីវជាតិគ្រប់គ្រាន់ សម្រាប់កូនកូនរបស់ពួកគេ ដោយប្រើគ្រឿងផ្សំពីធនធាន ដែលមានស្រាប់នៅក្នុងសហគមន៍។
យើងបានសាងសង់បង្គន់អនាម័យចំនួន 5 អាងស្តុកទឹកភ្លៀងចំនួន 19 និងស្ថានីយ៍បន្សុតទឹកស្អាតចំនួន 2 នៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលជួយឱ្យមានទីកន្លែងធ្វើការ និងផ្ដល់សេវាដោយមានអនាម័យ និងផាសុកភាពសម្រាប់អ្នកផ្តល់ និងអ្នកទទួលសេវា។
លោកបានបន្តថា យើងពិតជាអាចជួយអនុវត្តន៍គម្រោងនេះ បានជោគជ័យ រហូតដល់ពេលនេះនោះទេ បើគ្មានការគាំទ្រ និងការជឿទុកចិត្ត ពីសំណាក់រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល។ យើងថ្លៃការដឹងគុណ យ៉ាងក្រៃលែង ចំពោះការសហការ យ៉ាងយកចិត្តទុកដាក់ ពីសំណាក់មន្ទីរសុខាភិបាលខេត្តតាកែវ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិគិរីវង់ និងកោះអណ្ដែត ដែលមានវត្តមាននៅថ្ងៃនេះ តែងតែផ្ដោតការយកចិត្តទុកដាក់ ចំពោះការសហការជាមួយ និងគម្រោងរបស់យើង ហើយជាច្រើនលើកច្រើនសារ បានបង្ហាញនូវការឲ្យតម្លៃ ចំពោះសកម្មភាពរបស់អង្គការទស្សនៈពិភពលោក និងប្រជាជនជប៉ុន។ ដោយប្រតិបត្តិទៅតាមគ្នាជាមួយដៃគូ យើងនឹងបន្តការខិតខំប្រឹងប្រែង រួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើង គុណភាព និងការទទួលបានសេវាសុខភាព បូករួមទាំងកាត់បន្ថយកង្វះអាហារូបត្ថម្ភ ដល់កុមារ នៅក្នុងខេត្តតាកែវ រហូតដល់ពេលចប់គម្រោង៕