បញ្ជូនយុវជនម្នាក់ ទៅតុលាការ ករណី ដុតចំការអំពៅអ្នកដ៏ទៃ
បន្ទាយមានជ័យ ៖ ដោយមានតម្រុយពិរុទ្ធភាព នៃបទល្មើសយ៉ាងជាក់លាក់ យុវជនម្នាក់ដែលត្រូវចាប់ខ្លួនក្នុងករណី ដុតចំការអំពៅអ្នកដ៏ទៃ អាចត្រូវចោទពីបទ ធ្វើឲ្យខូចខាតដោយចេតនា (ដុតចំការអំពៅអ្នកដ៏ទៃ) ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី នៅថ្ងៃទី២២ខែកុម្ភៈនេះ។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៤ រសៀល នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណី ធ្វើឲ្យខូចខាតដោយចេតនា (ដុតចំការអំពៅអ្នកដ៏ទៃ) និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាព របស់ជនសង្ស័យរួចមក លោកបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ មកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ៖ យោងពាក្យបណ្តឹងរបស់ឈ្មោះ អ៊ឹង ស៊ីហុង ភេទ ប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ ជនសង្ស័យមានឈ្មោះ ម៉ន ទ្រី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ តែងតែដើរដុតព្រៃ នៅក្បែរចំការអំពៅអ្នកដ៏ទៃ ពេលខ្លះក៏ពន្លត់ទាន់ តែពេលខ្លះពន្លត់មិនទាន់ បណ្តាលឲ្យឆេះរាលដាលជាច្រើនលើក ច្រើនសារមកហើយ។ កន្លងមក ម្ចាស់ចំការតែងតែធ្វើការណែនាំ ដល់ជនសង្ស័យខាងលើ ឲ្យបញ្ឈប់សកម្មភាពដើរដុតព្រៃ តែជនសង្ស័យ មិនព្រមស្តាប់ ហើយនៅតែបន្តធ្វើសកម្មភាព ដើរដុតព្រៃនៅក្បែរចំការ រហូតឆេះរាលដាល បណ្តាលឲ្យខូចខាត ដល់ចំការអំពៅអ្នកដ៏ទៃ និងចំការអំពៅរបស់ខ្លួនថែមទៀត ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនមិនបានដុតចំការអំពៅអ្នកណាម្នាក់ឡើយ គ្រាន់តែដុតស្មៅ នៅក្រៅចំការប៉ុណ្ណោះ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាព របស់ជនសង្ស័យ យោងតាមរបាយការណ៍ របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ និងយោងតាមការបំភ្លឺរបស់សាក្សី ឃើញថា មានតម្រុយពិរុទ្ធភាព នៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ធ្វើឲ្យខូចខាតដោយចេតនា (ដុតចំការអំពៅអ្នកដ៏ទៃ) ។ បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕