យុវជនចាប់ពីក្លឹបកម្សាន្តរ៉ក់ ត្រូវដោះលែងធ្វើកិច្ចសន្យា តែទូដែកមួយ គាស់មកមិនមានលុយ មានតែថ្នាំញៀន
ភ្នំពេញ៖ យុវជនជាង៣០០នាក់ ដែលចាប់ចេញពីក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ យកទៅធ្វើតេស្តភាគច្រើនមានផ្ទុកសារធាតុញៀន ត្រូវបានដោះលែងហើយ និងឲ្យឪពុកម្ដាយ យកកូនទៅអប់រំ និងធ្វើកិច្ចសន្យា ហើយឈប់មានមានលើកក្រោយទៀត បានឲ្យត្រឡប់ទៅលំនៅដ្ឋាន និងមានសេរីភាពវិញ។
បើតាមគណនី ហ្វេសប៊ុក ឈ្មោះ Chet July បានសរសេរ កាលពីយប់ថ្ងៃទី២៤ខែកុម្ភៈនេះថា “យប់នេះជាដំណឹងល្អ
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត ជាអគ្គស្នងការរង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកមានចិត្តអាណិត បានឲ្យឪពុកម្ដាយ យកកូនទៅអប់រំ និងធ្វើកិច្ចសន្យា ហើយឈប់មានមានលើកក្រោយទៀត បានឲ្យត្រឡប់ទៅលំនៅដ្ឋាន និងមានសេរីភាពវិញ អបអរសាទ។ ប្អូនៗមានសេរីភាព ជួបជុំគ្រួសារវិញ។ តែអ្នកចែកចាយ អ្នករក្សាទុកគ្រឿងញៀន ជារឿងផ្សេង មានទោស និងមុខច្បាប់”។
ឧត្ដមសេនីយ៍ឯក ស ថេត បានថ្លែងថា ការធ្វើតេសទឹកនោមរកសារធាតុញៀន និងធ្វើកំណត់ហេតុទៅលើយុវជនយុវនារីជាង៣០០នាក់ កំពុងតែដំណើរការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភាគច្រើន សុទ្ធតែរកឃើញមានសារធាតុញៀននៅក្នុងខ្លួន
ចំពោះគ្រឿងញៀនគ្រប់ប្រភេទដែលដកហូត បានសរុបទៅមិនតិចជាង៥០គីឡូក្រាមឡើយ ក្នុងនោះមានជនជាតិចិន១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក ៩គីឡូ២ខាំ ជញ្ជីងថ្លឺងគ្រឿងញៀន ១២ និងកំាភ្លើងខ្លី១ដើម។
ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ក់ត្រូវគេស្គាល់ថា ជាកម្មសិទ្ធិរបស់ ឧកញ៉ាគិតធាង បងឧកញ៉ាគិតម៉េង ជាសេដ្ឋីលេចធ្លោប្រចាំស្រុកខ្មែរ ។ មជ្ឈមណ្ឌលកម្សាន្តរ៉ក់ ត្រូវសមត្ថកិច្ចចុះ ចាប់បង្រ្កាបគ្រឿងញៀន ជាច្រើនលើកមកហើយ ហើយ ឧកញ៉ារូបនេះ ធ្លាប់បានធ្វើកិច្ចសន្យា ចំពោះមុខច្បាប់ថា មិនអនុញ្ញាតឲ្យមានការផលិត ជួញដូរ ចែកចាយគ្រឿងញៀន ក្នុងកន្លែងអាជីវកម្ម របស់ខ្លួនឡើយ ប្រសិនជាមានឧកញ៉ារូបនេះ សុខចិត្តឲ្យបិទអាជីវកម្មរបស់ខ្លួន ។
គេរង់ចាំមើលថាចំណាត់ការ របស់តុលារក្រុងភ្នំពេញ ហ៊ានបញ្ចេញអំណាច ពិតចាប់ម្ចាស់រ៉ាក់ យកមកផ្តន្ទាទោសតាមច្បាប់ដែរឬទេ?
មហាជន និងអ្នកតាមដានរឿងនេះ បានលើកឡើងនូវមតិជាច្រើន ដោយបញ្ជាក់ថា នាពេលកន្លងមក សមត្ថកិច្ច រួមដៃគ្នាជាមួយតុលាការ ចុះចាប់គ្រឿងញៀននៅតាមក្លឹបកម្សាន្តនានា ហើយចំណាត់ការចុងក្រោយ គឺសម្រេចបិទទីតាំងអាជីវកម្ម និងចាប់មនុស្ស ពាក់ព័ន្ធបទពាក់ព័ន្ធបទល្មើស កសាងសំណុំរឿងបញ្ជូន ទៅតុលាការដែលមានភស្តុតាង គឺមានតិចតួចប៉ុណ្ណោះ តែក្លិបកម្សាន្តរ៉ុកចាប់បានគ្រឿងញៀនស្ថិតជិត 50 គីឡូនឹងមនុស្សជាង 300នាក់តើតុលាការ នឹងធ្វើយ៉ាងម៉េចចំពោះម្ចាស់រ៉ក់ ដែលជាសេដ្ឋីប្រចាំស្រុកខ្មែរ។
បន្ទាប់ពីមានករណីនេះ ប្រជាពលរដ្ឋដែលចោមរោមមើល នៅក្រៅរបងស្នងការក្រុង បានស្នើឲ្យមាន បិទ មជ្ឈមណ្ឌលកម្សាន្តរ៉ុក បានទេ ? ហើយថា នៅពេលនេះ ជាលើកទីមួយហើយ ដែលលោក ស ថេត ជាស្នងការក្រុងភ្នំពេញ ដែលហ៊ានបញ្ចេញសាច់ដុំ បង្រ្កាបគ្រឿងញៀន ក្នុងក្លឹបរ៉ាក់ ដែលគេគ្រប់ស្គាល់ថា ជារបស់លោកឧកញ៉ាកិត ម៉េង ។ ទាល់តែសមត្ថកិច្ច និងតុលាការ ចុះបង្ក្រាប ទើបដឹងថា អ្នកមានស្រុកខ្មែររកស៊ីអី ហើយហេតុអ្វីក៏មានលឿនម្លេះ ។
បើតាមផេកហ្វេសប៊ុក William Guang បានសរសេរថា ក្នុងនាមខ្ញុំ ជាសមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ខ្ញុំនិងរង់ចាំតាមដាន ការអនុវត្តន៍ច្បាប់ របស់អាជ្ញាធរពាក់ព័ន្ធ ចំពោះករណីនេះ ថាតើ ច្បាប់នឹងចាត់វិធានការ បែបណា ចំពោះលោក ឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌល Rock ជាតំបន់សំបុកគ្រឿងញៀន យ៉ាងធំ ដែលសមត្ថកិច្ចទើបបង្ក្រាបបាន ជាក់ស្ដែង ចាប់បានជនពាក់ព័ន្ធ ជាង៣០០នាក់ និងរឹបអូសគ្រឿងញៀន រាប់សិបគីឡូ ។
គូសបញ្ជាក់ថា ឧកញ៉ារូបនេះ ធ្លាប់បានធ្វើកិច្ចសន្យា ចំពោះមុខច្បាប់ថា មិនអនុញ្ញាតឲ្យមានការផលិត ជួញដូរ ចែកចាយគ្រឿងញៀន ក្នុងកន្លែងអាជីវកម្ម របស់ខ្លួនឡើយ ប្រសិនជាមានឧកញ៉ារូបនេះ សុខចិត្តឲ្យបិទអាជីវកម្មរបស់ខ្លួន និង “ទទួលខុសត្រូវចំពោះមុខច្បាប់ផ្សេងៗទៀតផងដែរ”។
រហូតមកដល់ព្រឹក ថ្ងៃ២៥កុម្ភ:នេះ សមត្ថកិច្ចមិនទាន់ បង្ហាញមុខមេខ្លោងគ្រឿងញៀននៅឡើយ គឺមានតែចាប់ជនរងគ្រោះរាប់រយនាក់ យកទៅធ្វើតេស្តទឹកនោមរកសារធាតុញៀន តែប៉ុណ្ណោះ។
នេះជាលើកទី ៤ ហើយ ដែលសមត្ថិកច្ចចុះបង្ក្រាបទីតាំង មជ្ឈមណ្ឌលកម្សាន្ត រ៉ុក ប៉ុន្តែទីតាំងនេះនៅតែបន្តបើក ចែកចាយ និង ប្រើប្រាស់គ្រឿងញៀនដដែល ។
មហាជន បញ្ចេញមតិថា យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋ សូមស្នើទៅអាជ្ញាធរ និង ថ្នាក់ដឹកនាំ មេត្តាបិទមជ្ឈមណ្ឌលកម្សាន្តរ៉ុក នេះចោលតែម្ដងដើម្បីសង្គ្រោះ យុវជន យុវតី ខ្មែរដែលកំពុងងប់ងុលនឹងទីតាំងខាងលើ រហូតបោះបង់ការសិក្សា និង ក្រុមគ្រួសារ ។ ជាពជាពិសេសមជ្ឈមណ្ឌលកម្សាន្តរ៉ក់ មានទីតាំងស្ថិតនៅជាប់វិទ្យាល័យបឹងត្របែក និង សាលាច្បាប់ ដែលងាយនឹងអូសទាញយុវជនអោយគេចវេះការសិក្សាផងដែរ ។
អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និងផ្ដល់លទ្ធភាពសមត្ថកិច្ច និងតុលាការ បន្តនីតិវិធីស្រាវជ្រាវ រកប្រភពនៃការនាំចូលគ្រឿងញៀន និងតាមចាប់ក្រុមជនល្មើស មកផ្ដន្ទាទោសទៅតាមច្បាប់។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញដែល ដែលសារព័ត៌មានយើងទទួលបាន នៅល្ងាចថ្ងៃទី២៣ កុម្ភៈនេះ សេចក្តីប្រកាសព័ត៌មាននេះ មានន័យទាំងស្រុង ថា រដ្ឋបាលរាជធានីភ្នំពេញ សូមប្រកាសព័ត៌មាន ស្ដីពីលទ្ធផលប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ក់ នៅថ្ងៃសៅរ៍ទី ៤ រោចខែមាឃឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០១៩ វេលាម៉ោង ១និង ៤០ នាទីទៀបភ្លឺ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំ សម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកំសាន្តរ៉ក់ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មនរាជធានីភ្នំពេញ ក្នុងនោះលទ្ធផលនៃ នៃប្រតិបត្តិការ កងកម្លាំងនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានឆែកឆេរបង្ក្រាប ក្នុងមជ្ឈមណ្ឌលកម្សាន្តនេះ និងបានចាប់យកវត្ថុតាងជាគ្រឿងញៀន មួយចំនួន ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣១១នាក់ស្រី ៥៦នាក់។
ចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ហើយផ្ដល់លទ្ធភាព ជូនអាជ្ញាធរមានសមត្ថកិច្ច និងតុលាការ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ ឈានទៅកំណត់ប្រភព នៃការនាំចូលគ្រឿងញៀន និងក្រុមជនល្មើស យកទៅផ្ដន្ទាទោសតាមច្បាប់ជាធរមាន អាស្រ័យ ដូចបានជម្រាបខាងលើ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
គួររំលឹកផងដែរថា កងកម្លាំងប៉ូលីសជាច្រើននាក់ បានឆ្មក់ចូលឆែកឆេរទីតាំងក្នុងក្លឹបកម្សាន្ត Rock ដោយបានរឹបអូសទូដែកមួយ ។ កងកម្លាំងសមត្ថកិច្ច បានគាស់ទូដែកនោះ ដោយនឹងស្មានថាមានលុយច្រើនហើយមើលទៅ តែតាមពិត គឺសុទ្ធតែថ្នាំញៀនជាច្រើនប្រភេទ ជិត៥០គីឡូក្រាម៕