មន្ដ្រីអធិការកិច្ចថា៖ ការធ្វើអធិការកិច្ច គឺសំដៅទៅលើការទប់ស្កាត់អំពើពុករលួយ
ភ្នំពេញ៖ លោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ការធ្វើអធិការកិច្ច គឺសំដៅទៅលើការទប់ស្កាត់ អំពើពុករលួយ ព្រោះអំពើពុករលួយធ្វើឱ្យខាតបង់ថវិការដ្ឋ ប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យបាត់បង់ជំនឿរបស់ប្រជាពលរដ្ឋមកលើរាជ រដ្ឋាភិបាល។
ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវផ្តោតទៅលើកត្តាជាសារវន្ត័ចំនួន៣ គឺការបង្ការទប់ស្កាត់ជាមុន ការពង្រឹងការអនុវត្តច្បាប់ និងការចូលរួមពីមហាជន។ ដូច្នេះការងារអធិការកិច្ច ឬការពង្រឹងការអនុវត្តច្បាប់ មិនអាចផ្តាច់ចេញពីការអប់រំផ្សព្វផ្សាយច្បាប់ជូនដល់មហាជនបានឡើយ។
លោក បានបន្ថែមទៀតថា ជាមួយនឹងទិសដៅ ក្រសួងសម្រេចបានលទ្ធផលជាច្រើន ក្នុងការងារ អធិការកិច្ច ដូចជា៖ ការងារទទួលពាក្យបណ្តឹង (បណ្តឹងតវ៉ា និងបណ្តឹងបរិហារ) ការងារស៊ើប អង្កេត ករណីបណ្តឹងពាក់ព័ន្ធទំនាស់ដីធ្លី ការងារ សម្របសម្រួលបញ្ចប់ទំនាស់រ៉ាំរៃ បានជាច្រើន ករណី ការងារតាមដានការអនុវត្តច្បាប់ការកែលម្អ ចំណុចខ្វះខាតរបស់ក្រសួង-ស្ថាប័នអង្គភាព សាធារណៈ លើកិច្ចការរដ្ឋបាល ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អជំរុញប្រសិទ្ធភាព ផលិតភាព និងគុណភាពសេវាសាធារណៈ ដើម្បីបម្រើ ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
លើសពីនេះ ក្រសួងក៏មានភារកិច្ចធ្វើការអប់រំ បង្ការទប់ស្កាត់ និងកែលម្អកំហុសឆ្គងក្នុង ការអនុវត្តការងាររបស់ក្រសួង-ស្ថាប័នអង្គភាព គ្រឹះស្ថានសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកែលម្អ ជំរុញ លើកកម្ពស់ អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រ ចតុកោណ ទាំងដំណាក់កាលទី១ ដល់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានបញ្ជាក់បែបនេះក្នុងប្រជុំជាមួយមន្ដ្រីជំនាញ កាលពីថ្ងៃ២៦កុម្ភៈ ឆ្នាំ ២០១៩ ។
លោក ណុប ចាន់ណារិន្ទ បានអះអាងថា ក្រុមការងារបានជម្នះ និងបំពេញតួនាទីទៅតាមច្បាប់អនុញ្ញាត ហើយយើងបានឃើញច្បាស់ថា ការងាររបស់យើងពិតជាជួយធានាការពង្រឹងប្រសិទ្ធភាពការងាររបស់ស្ថាប័ន-អង្គភាព រដ្ឋ ធានាសុវត្ថិភាព និងសិទ្ធសេរីភាពជូនប្រជាពលរដ្ឋ និងនាំមកនូវតម្លាភាពកាត់បន្ថយបាននូវបាតុភាពអសកម្មនានា ដូចជាតម្រូវឱ្យអនុវត្តកិច្ចសន្យារវាងក្រុមហ៊ុននានា ជាមួយរដ្ឋឱ្យបានល្អ ជួយកាត់បន្ថយ និងលុបបំបាត់ ការកឹបកេងថវិកា និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋខុសទិសដៅជាដើម។
លោក អ្នកនាំពាក្យបន្តថា៖ ក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា និងអធិការកិច្ច បានតម្រង់ទិស និងណែនាំឱ្យក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ក្នុងសកម្មភាព ការងាររបស់ខ្លួន ស្របតាមការកែទម្រង់ស៊ីជម្រៅការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ចល្អ។ ដូច្នេះការងារអធិការកិច្ចពិតជាមានសារៈសំខាន់ មិនអាចខ្វះបានដើម្បីបម្រើឱ្យផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលបានសន្តិភាពយ៉ាងពិត ប្រាកដ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕