មន្ដ្រីប្រចាំគោលដៅ និងមន្ដ្រីទទួលខុសត្រូវ ក្នុងខណ្ឌមានជ័យ មិនគោរពអនុវត្តន៍បទបញ្ជា ទើបមានរថយន្តធុនធំចូលក្រុងបានដោយរលូន
ភ្នំពេញ៖ បន្ទាប់ពីមានរថយន្តធុនយក្សដឹកកុងតឺន័រ និងថែមឥវ៉ាន់យ៉ាងសន្ធឹកបន្ធាប់ទៀតនៅពីលើ បានចូលក្រុងទាំងព្រឹក នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ វេលាម៉ោងជាង៧ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឱ្យមានការកកស្ទះ និងធ្វើឱ្យបាក់ដៃស្ពានថែមទៀតនោះ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញភ.ព៧ បានបញ្ជាក់ថា មកពីមន្ដ្រីប្រចាំគោលដៅ និងមន្ដ្រីទទួលខុសត្រូវ ក្នុងខណ្ឌមានជ័យ មិនគោរពអនុវត្តន៍បទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ ដូច្នេះ គួរមានវិធានការយ៉ាងណាចំពោះមន្រ្តីទាំងនោះ។
បើតាមផេកហ្វេសប៊ុកផ្លូវការរបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញភ.ព៧ CPP-PhnomPenh បានផ្សាយថា “សូមអធ្យាស្រ័យដែរ បងៗអ្នកសារព័ត៌មាន មិនមែនបទបញ្ជា ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមស្នងការនគរបាលរាជធានីភ្នំពេញ សាបដូចទឹកទន្លេនោះទេ។ ជាក់ស្ដែងសូមសាធារណមតិ ក៏ដូចជាសារព័ត៌មានទាំងអស់ជ្រាបថា បញ្ហានេះ គឺមកពីអាជ្ញាធរក្រោមឱវាទ សាលារាជធានីភ្នំពេញ និងស្នងការនគរបាលរាជធានីភ្នំពេញ មិនគោរពអនុវត្តន៍ នូវបទបញ្ជា ចឹងអ្នកទទួលខុសត្រូវពិតប្រាកដ គឺមន្ដ្រីប្រចាំគោលដៅ និងមន្ដ្រីទទួលខុសត្រូវ ក្នុងខណ្ឌមានជ័យ។
គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញភ.ព៧ បានបន្ថែមថា “សូមឯកឧត្តមអភិបាលរាជធានី និងឯកឧត្ដមស្នងការនគរបាលរាជធានីភ្នំពេញ គួរមានវិធានការយ៉ាងណា ចំពោះមន្ដ្រីអាជ្ញាធរពាក់ព័ន្ធ ដែលមិនគោរពអនុវត្តន៍បទបញ្ជា នៅតែបណ្ដែតបណ្ដោយឲ្យរថយន្តប្រភេទទាំងនេះ ចូលរាជធានីភ្នំពេញបានយ៉ាងដូចច្នេះ”។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសថា “នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានករណីរថយន្តធំមួយគ្រឿង បានបើកបរខុសម៉ោងកំណត់នៅចំណុចស្ទឹងមានជ័យ ដែលនៅពេលនេះអាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការឃាត់ទាំងអ្នកបើកបរ និងរថយន្តបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ សូមអ្នកបើកបររថយន្តធុនធំទាំងអស់ គោរពនូវម៉ោងពេលដែលបានកំណត់ ក្នុងការធ្វើចរាចរណ៍នៅតាមដងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ”។
នាព្រឹកព្រលឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ រថយន្តដ៏ធំនិងដ៏វែងមួយគ្រឿង បានធ្វើដំណើរយ៉ាងរលូនរហូតឆ្លងមកដល់ចំណុចលើស្ពានស្ទឹងមានជ័យ ហើយនៅលើក្បាលរថយន្តនោះ មានបិទអក្សរ “HC”។
អ្វីជាការភ្ញាក់ផ្អើលនិងពលរដ្ឋរិះគន់យ៉ាងខ្លាំងក្លា នោះ គឺ រថយន្តដ៏វែងនិងដ៏ខ្ពស់នេះ បានប៉ះនឹងក្បាលស្ពានស្ទឹងមានជ័យ ធ្វើដំណើរលែងរួច ដែលកំពុងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។
អ្នកតែងតែធ្វើដំណើរផ្លូវនេះ រិះគន់អាជ្ញាធរខណ្ឌមានជ័យ និងអភិបាលរាជធានីភ្នំពេញ ថា បើខាងចាប់ម៉ូតូអត់មួក ភ្លេចបិទភ្លើងស៊ីញ៉ូ និង ជិះបញ្ច្រាសឆ្លងផ្លូវបន្តិចបន្តួច មិនដែលលើកលែងឡេីយ ។ ប៉ុន្តែពេលរថយន្តដ៏ធំឆ្លងកាត់បែបនេះវិញ “ភ្នែកស្រវាំងមើលលែងឃើញ”។
បន្ទាប់ពីមានករណីរថយន្តធំ ចូលក្រុងហើយមានបង្កគ្រោះថ្នាក់ នៅស្ពានអាកាសស្ទឹងមានជ័យនេះ មហាជនបានលើកឡើងថា ប្រហែលជាប៉ូលីស ឬសមត្ថកិច្ច ជំនាញនៅតាមមាត់ច្រករាជធានីភ្នំពេញ ពិសេសនៅតាមផ្លូវក្រវ៉ាត់ក្រុងនានា គោលដៅទាំងនោះ ចេះចាប់ដៃជាមួយអ្នកបញ្ជាឡានធំនេះហើយមើលទៅ បានចូលយ៉ាងរលូនបែបនេះ ។ អាជ្ញាធរ ក្រុងភ្នំពេញ បានដាក់បទបញ្ជាយ៉ាងដាច់ខាត មិនឲ្យរថយន្តធំ ចូលក្រុងខុសម៉ោងកំណត់នោះទេ។ សូមបញ្ជាក់ថា រថយន្តធំត្រូវបានអាជ្ញាធររាជធានី អនុញ្ញាតឲ្យចូលក្រុង តែក្នុងពេលយប់ស្ងាត់តែប៉ុណ្ណោះ ចំណែកឯពេលថ្ងៃ មិនអនុញ្ញាតឲ្យចូលក្រុងឡើយ។ ករណីរថយន្តធំចូលក្រុងនេះ នៅតែមានការលើកឡើងថា ក្រុមហ៊ុនទំនង ជាងមិនគោរពតាមបទបញ្ជា របស់អាជធរក្រុងភ្នំពេញ ឬយ៉ាងណា បានជារថយន្តធំ ចេញទៅចូលក្នុងក្រុង តាមអំពើចិត្តបានយ៉ាងដូច្នេះ៕