ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានរដ្ឋវៀតណាម ជួបពិភាក្សាការងារជាមួយ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយ៍ សម្តេច សាយ ឈុំ និងសម្តេចហេង សំរិន ក្នុងទស្សនកិច្ច២ថ្ងៃនៅកម្ពុជា

102


ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប​ពិភាក្សាការ​ងារ​ជាមួយលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការ​មជ្ឈឹម​បក្ស​កុំម្មុយនីស្ត និងជាប្រធាន​រដ្ឋ នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល២ថ្ងៃ។

បន្ទាប់ពីបញ្ចប់ជំនួប​ជាមួយ​សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការម​ជ្ឈឹមបក្ស​កុំម្មុយនីស្ត និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋ​សង្គម​និយមវៀតណាម នៅវេលាម៉ោង១០:០០ ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបន្ត​ជួប​ពិភាក្សា​ការ​ងារជា​មួយ​ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​បន្តទៀត មុនបន្តដំណើរ​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

លោក ង្វៀន ហ៊្វូជុង បានអញ្ជើញ​បំពេញទស្សនកិច្ច​នៅក្នុងប្រទេស​កម្ពុជាជា​លើកដំបូង ក្នុងនាមជាប្រមុខរដ្ឋ​វៀតណាម​នៅថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះ។ ពេលអញ្ជើញដល់លោក ង្វៀន ហ៊្វូជុង បានអញ្ជើញ​ចូល​​គាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា និងសម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។

នាវេលារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ក្នុងឱកាសដ៏ឧត្តុង្ឥឧត្តមនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ របស់ លោកដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា។

សូម​បញ្ជាក់​ថា លោក ង្វៀន ហ៊្វូជុង ដែលជា​បុគ្គលមាន​អំណាច​លើស​គេ នៅ​ប្រទេស​វៀតណាម បានឡើង​កាន់តំណែង​ជាប្រធាន​រដ្ឋវៀតណាម កាលពីខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីអតីត​រដ្ឋ​វៀតណាម លោក ត្រាន ដៃក្វាង បានទទួល​​មរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨​​ នៅអាយុ​៦១ឆ្នាំ។

នាវេលាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីលៀងសាយភោជន៍ប្រោសព្រះរាជទានជូន លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ នាព្រះរាជដំណាក់សិរីមង្គល ព្រះបរមរាជវាំង ។

នាវេលារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញដឹកនាំគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នាព្រះរាជដំណក់គន្ធបុប្ផា ព្រះបរមរាជវាំង ក្នុងឱកាសដ៏ឧត្តុង្ឥឧត្តមនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ របស់ ឯកឧត្តម ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅព្រះរាជាណាចក្រកម្ពុជា។

កម្ពុជា​-វៀតណាម បានភ្ជាប់ទំនាក់​ទំនងការ​ទូតជាមួយគ្នា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ហើយត្រូវបាន​កាត់​ផ្តាច់នៅខែមីនា ឆ្នាំ១៩៧០។ ប្រទេសទាំងពីបាន​ភ្ជាប់​ទំនាក់​ទំនង​ឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។ វៀតណាម និងកម្ពុជា គឺជាប្រទេស ដែលមានភូមិផង​របងជា​មួយគ្នា មានព្រំប្រទល់​រួមគ្នា​ប្រវែងប្រមាណ ១២៧០គីឡូម៉ែត្រ។

ឆ្នាំ២០១៨​កន្លងទៅនេះ ជាខួបលើកទី៥១ នៃការបង្កើតទំនាក់​ទំនងការ​ទូតរវាង​ប្រទេស​ទាំងពីរ។ ក្នុង​ខួប៥១​ឆ្នាំ នៃទំនាក់​ទំនង​នេះ មេដឹកនាំជាន់​ខ្ពស់ នៃប្រទេស​ទាំងពីរ បានផ្លាស់​ប្តូរទំនាក់​ទំនង និងទស្សនកិច្ចគ្នា​ទៅវិញ ទៅមកជា​ញឹកញាប់ ដែលបានបង្ហាញពីចំ​ណងសាមគី្គភាព មិត្តភាព ដោយឈរលើគោលការណ៍ជឿ​ទុកចិត្តគ្នា និងគោរពគ្នា មិនជ្រៀតជ្រែកចូល​កិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញ​ទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។

ក្នុងទំនាក់​ទំនងពាណិជ្ជ​កម្មវិញ ប្រទេសទាំងពីរ​មានពាណិជ្ជ​កម្មសរុប​ក្នុងឆ្នាំ២០១៧ សម្រេច​បានចំនួនប្រមាណ ២,១៣ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ ២០១៦។ តែការ​នាំចេញ​របស់កម្ពុជា​ទៅប្រទេស​វៀតនៅមាន​ទំហំតូចនៅឡើយ។ ជាក់ស្តែងការនាំ​ចេញ​របស់​កម្ពុជា​ទៅប្រទេស​វៀតណាម​ក្នុ​ងឆ្នាំ​២០១៧ មានចំនួន ៣៤២លាន​ដុល្លារ​អាមេរិក ធៀបនឹង​ការនាំ​ចូល​របស់​កម្ពុជាពីវៀតណាម ក្នុងឆ្នាំ២០១៧ មានចំនួនប្រមាណ ១,៨ពាន់លានដុល្លារអាមេរិក។

ក្នុងក្រប​ខណ្ឌ នៃការវិនិយោគ​ផ្ទាល់ពី​វៀតណាម រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន ៧៥គម្រោង លើទុនវិនិយោគ​សរុប​ចំនួនប្រមាណ ២,៤ពាន់លាន​ដុល្លារ​អាមេរិក ដែលផ្តោតសំ​ខាន់​លើ​វិស័យ​កសិកម្ម និងហេដ្ឋា​រចនាសម្ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង