ប្រធានរដ្ឋវៀតណាម ស្នើសុំរដ្ឋសភាកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឲ្យរឹងមាំបន្ថែមទៀត
ភ្នំពេញ៖ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន ភូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ង្វៀន ភូជុង បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ដំណើរទស្សនកិច្ចរបស់ លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងរឹតចំណងមិត្ត ភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីនៃប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើងថែមទៀត ពិសេសរដ្ឋសភាប្រទេសទំាងពីរ។
លោកប្រមុខរដ្ឋវៀតណាម បានកោតសរសើរចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងរដ្ឋសភាកម្ពុជា និងវៀតណាម ទំាងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ តាមរយៈវេទិកាអន្តរសភានានា ដែលមានអន្តរសភាអាស៊ាន ដែលហៅកាត់ថាអាយប៉ាជាដើមនោះ កម្ពុជា-វៀតណាម បានគំាទ្រគ្នាទៅវិញទៅមក។ ឯកឧត្តមប្រធានគណៈប្រតិភូបានគូសបញ្ជាក់ថា សភាពការណ៍ពិភពលោក និងតំបន់មានការប្រែប្រួលផ្លាស់ប្តូរជានិច្ច ទំាងផលវិជ្ជមាន និងអវិជ្ជមាន ដែលទាមទារឲ្យប្រទេសនីមួយៗខិតខំតស៊ូ ដើម្បីជោគជ័យប្រទេសនីមួយៗ។
លោក ង្វៀន ភូជុង បានលើកឡើងថា ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា និងវៀតណាម បានឆ្លងកាត់ការសាកល្បងដ៏លំបាកជាច្រើនដំណាក់កាល ទំរាំបានជោគជ័យដូចពេលបច្ចុប្បន្ន។ ចំណងសាមគ្គីភាពនេះត្រូវពង្រឹងពង្រីកទៅមុខបន្ថែមទៀត ជាពិសេសកិច្ចសហប្រ តិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ពីព្រោះរដ្ឋសភាមានតួនាទីសំខាន់ក្នុងការកំណត់គោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសវៀតណាម នៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។ សម្តេចបានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់លោកង្វៀន ភូជុង មិនត្រឹមតែបានផ្តល់នូវកិត្តិយសដ៏ធំធេងដល់រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទំាងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមាំទ្វេដងថែមទៀត។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណប្រទេសវៀតណាមដែលបានរំដោះ និងគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជាតំាងពីដើមមក និងបានផ្តល់ជំនួយសាងសង់អគាររដ្ឋបាលដល់រដ្ឋសភាកម្ពុជា។ សម្តេចបានលើកឡើងថា បច្ចុប្បន្នប្រទេសវៀតណាម កំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ទាំងក្នុងតំបន់ និងសកល លោក ហើយកិត្យានុភាពរបស់មិត្តវៀតណាម កាន់តែលេចធ្លោលើឆាកអន្តរជាតិ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរចំពោះប្រទេសវៀតណាម ដែលបានក្លាយជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺ លោក ដូ ណាល់ត្រាំ និង លោក គីម ជុងអ៊ុន នៅក្នុងខែកុម្ភៈនេះ ដែលជាកិច្ចប្រជុំដ៏មានសារសំខាន់ ដើម្បីសន្តិភាព ស្ថិរភាព ក្នុងតំបន់ និងសកលលោកនោះ៕