ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លាស់ប្តូរតំណែង អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា

98


សៀមរាប: នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្រោមវត្តមានដ៏ខ្ពស់ខ្ពង់របស់លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងតំណាងក្រសួង ស្ថាប័នជាតិ-អន្តរជាតិមួយចំនួនទៀត។ ថ្នាក់ដឹកនាំដែលត្រូវបានប្រកាសចូលកាន់តំណែងរួមមាន លោក ហង់ ពៅ ត្រូវបានតែងតាំងជាអគ្គនាយកអាជ្ញាធរជាតិអប្សរា ជំនួសលោក ស៊ុំ ម៉ាប់ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាមួយគ្នានេះ អគ្គនាយករងអាជ្ញាធរជាតិអប្សរាថ្មីចំនួន២រូបទៀត ក៏ត្រូវបានប្រកាសកាន់តំណែងក្នុងពេលជាមួយគ្នានេះដែរ ក្នុងនោះរួមមាន លោក យិត ចាន់ដារដ្ឋ និងលោក គឹម សុធិន។

ថ្លែងក្នុងពិធីនោះ លោក ស៊ុំ ម៉ាប់ បានចាត់ទុកការតែងតាំងអគ្គនាយកថ្មីនៅពេលនេះ ថាជាការបើកទំព័រមួយទៀតរបស់អាជ្ញាធរជាតិអប្សរា ព្រមទាំងបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌អង្គរ មរតកដ៏ថ្លៃថ្លារបស់ជាតិ។ ឯកឧត្តមបន្ដថា សមិទ្ធផលដែលទទួលបាននាពេលកន្លងមក គឺបានកើតចេញពីការខំប្រឹងប្រែងនិងការលះបង់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករទាំងអស់ក្រោមការចង្អុលណែនាំដោយផ្ទាល់ពីសម្ដេចវិបុលបញ្ញា និងក្រោមការតម្រង់ទិសដ៏មានប្រសិទ្ធភាពរបស់លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានធ្វើការប្តេជ្ញាចិត្តថានឹងបំពេញភារកិច្ចសម្របសម្រួលដើម្បីធានាឲ្យបាននូវភាពរលូន ស៊ីសង្វាក់និងប្រទាក់ក្រឡាគ្នានៃកិច្ចដំណើរការការងារផ្ទៃក្នុងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាកិច្ចកិច្ចសហការល្អប្រសើរជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូជាតិ-អន្តរជាតិពាក់ព័ន្ធក្នុងគោលបំណងសម្រេចឲ្យបាននូវសមិទ្ធផលថ្មីៗស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ដោយចីរភាពរមណីយដ្ឋានអង្គរទាំងពេលបច្ចុប្បន្ន រយៈពេលមធ្យម និងរយៈពេលវែងទៅមុខទៀត។

មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានកោតសរសើរ និងថ្លែងអំណរគុណចំពោះឯកឧត្តម ស៊ុំ ម៉ាប់ ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា ដែលបានខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ មានលទ្ធផលជាទីមោទនៈ ព្រមទាំងបានសហការយ៉ាងល្អជាមួយដៃគូជាតិ និងអន្ដរជាតិនានាក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌអង្គរ។ សម្រាប់លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា តួនាទីជាអគ្គនាយកអាជ្ញាធរជាតិអប្សរា មិនមែនជាការងារដែលងាយស្រួលទេ តែវាជាអំរែកមួយដ៏ធ្ងន់លើការងារបេតិកភណ្ឌមួយនេះ។ លើសពី លោកជំទាវក៏រំលឹកប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានថ្លែងនាឱកាសនៃការប្រារព្វខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដែលបញ្ជាក់ថា “សូមកុំឲ្យមានការញុះញង់ប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ទៅរំលោភកាន់កាប់ដីធ្លីក្នុងតំបន់បេតិកភណ្ឌ ដែលនេះរួមបញ្ចូលទាំងបេតិកភណ្ឌបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនិងបេតិកភណ្ឌផ្សេងៗទៀត ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យយល់ដឹងពីបញ្ហានេះ មិនរំលោភដីធ្លីនៅក្នុងតំបន់ការពារនិងតំបន់មានប្រាង្គប្រាសាទតទៅទៀត”៕

អត្ថបទដែលជាប់ទាក់ទង