ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ប្រា​ប់លោក សួង សុ​ភ័​ណ្ឌ ប្តូរ​ឈ្មោះ​ “គណបក្ស​អំណាច​ខ្មែរ​” ក្រោយពេលមានការតវ៉ាពីអតីតស្ថាបនិក

96


​ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតផ្ញើជូនលោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ ស្តីពីការប្រើប្រាស់ឈ្មោះ គណបក្សអំណាចខ្មែរ។

បើយោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ក្រោយមានការតវ៉ាពីអតីតស្ថាបនិក និងអតីតថ្នាក់ដឹកនាំរបស់គណបក្សមួយនេះ ក្រសួងមហាផ្ទៃស្នើឲ្យគណបក្សអំណាចខ្មែរ ធ្វើការពិនិត្យ និងសម្រេចក្នុងការប្តូរឈ្មោះគណបក្សអំណាចខ្មែរ នេះឡើងវិញ។

​នៅក្នុង​លិខិត​របស់​សម្ដេច​ក្រឡាហោម ស ខេង ថ្ងៃទី​២៦ កុម្ភៈ បានបញ្ជាក់​ប្រាប់​លោកប្រធានគណបក្ស​ថា ​ក្រសួងមហាផ្ទៃ បានទទួល​នូវ​លិខិត​របស់​អតីត​សមាជិក​ស្ថាបនិក និង​អតីត​ថ្នាក់ដឹកនាំ គណបក្ស​អំណាច​ខ្មែរ ដែល​បាន​សំណូមពរ​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើការ​ហាមឃាត់​បុគ្គល ឬ​ក្រុម​ផ្សេងៗ​ទៀត ដែល​មិនមែនជា​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ បន្ត​ប្រើប្រាស់​ឈ្មោះ​គណបក្ស ដោយ​ផ្អែក​តាមច្បាប់​ស្តីពី​គណបក្សនយោបាយ និង​លក្ខន្តិកៈ​របស់​គណបក្ស​អំណាច​ខ្មែរ តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ នាពេល​កន្លងមក ​។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​គណបក្ស អំណាច​ខ្មែរ ធ្វើការ​ពិនិត្យ និង​សម្រេច ក្នុង​ការប្តូរឈ្មោះ “​គណបក្ស​អំណាច​ខ្មែរ​” នេះ​ឡើងវិញ​។

ក្រោយ​លោក​សួន​សេរី​រដ្ឋា ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់គុក​កាលពី​ខែសីហា​ឆ្នាំ​២០១៧ ​លោក​សួង សុ​ភ័​ណ្ឌ ឡើង​គ្រប់គ្រង​ជា​ប្រធាន គណបក្ស​អំណាច​ខ្មែរ ។ ក្រោយ​ទទួល​សេរីភាព​វិញ លោក សួន សេរី​រដ្ឋា បានដាក់​ពាក្យ​ប្តឹងតវ៉ា ដើម្បី​យក​គណបក្ស​អំណាច​ខ្មែរ​វិញ​ពី​លោក​សួង​សុ​ភ័​ណ្ឌ ប៉ុន្តែ​លោក​សួង សុ​ភ័​ណ្ឌ បាន​បដិសេធ ។ លោក​ សួន ​សេរី​រដ្ឋា ធ្លាប់បាន​ធ្វើលិខិត​មួយ ទៅ​ក្រសួងមហាផ្ទៃ​ដើម្បីអោយ​ក្រសួង​ផ្អាក​សកម្ម ភាព​គណបក្ស​អំណាច​ខ្មែរ​៕

អត្ថបទដែលជាប់ទាក់ទង