ជប៉ុនផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់ គម្រោងចំនួន២ ក្នុងទឹកប្រាក់ប្រមាណ ៤៥,៣០លានដុល្លារ
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក Yuichi SUGANO ប្រធាន JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ គម្រោងចំនួន ២ ក្នុងទឹកប្រាក់ហិរញ្ញប្បទានសរុបចំនួន ៤ ៩៣៩ លានយ៉េន ត្រូវជាប្រមាណ ៤៥,៣០ លានដុល្លារអាមេរិក, នារសៀលថ្ងៃអង្គារ ទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
កិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់ គម្រោងចំនួន២ ក្នុងទឹកប្រាក់ហិរញ្ញប្បទានសរុបចំនួន ៤,៩៣៩លានយ៉េន ត្រូវជាប្រមាណ ៤៥,៣០លានដុល្លារអាមេរិក រួមមានដូចខាងក្រោម៖
១៖ ហិរញ្ញប្បទានឥតសំណងចំនួន ១៣៤០លានយ៉េនជប៉ុន (ប្រមាណ ១១,៨លានដុល្លារ អាមេរិក) សម្រាប់គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនី នៅកំពង់ផែ ដើម្បីការធ្វើទំនើបកម្មកំពង់ផែ៖ គម្រោងនេះមានទិសដៅធ្វើបច្ចុប្បភាព និងទំនើបកម្មលើប្រព័ន្ធចាំបាច់នានា សម្រាប់ការផ្លាស់ប្តូរទិន្នន័យឌីជីថល Digital ទៅលើការស្នើសុំ និងការផ្តល់ព័ត៌មានជាដើម ទៅកាន់អ្នកគ្រប់គ្រងកំពង់ផែដែល គ្រោងនឹងរៀបចំសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តរាជធានីភ្នំពេញ។ តាមរយៈ វិសាលភាពនេះនីតិវិធីសម្រាប់ការចេញ-ចូលកំពង់ផែរបស់នាវា នឹងប្តូរមកប្រើប្រាស់តាមទិន្នន័យ ឌីជីថល (Digital) ហើយការបង្កើនប្រសិទ្ធិភាព នៃប្រព័ន្ធ Logistic និងទំនើបកម្មនៃរដ្ឋបាល កំពង់ផែ នឹងត្រូវបានអនុវត្ត។
២៖ ឥណទានសម្បទានចំនួន ៣៥៩៩ លានយ៉េនជប៉ុន (ប្រមាណ ៣៣,៥ លានដុល្លារ អាមេរិក) សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកខាងលិចទន្លេសាប (ជំហានទី២)៖ គម្រោងនេះ មានទិសដៅសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រ ដែលនឹងអាចស្រោចស្រពលើផ្ទៃដីកសិកម្មសរុបប្រមាណ ១២៧៦០ហិកតា។ តាមរយៈគម្រោងនេះ កម្ពុជានឹងរៀបចំបង្កើតនិងពង្រឹងសហគមន៍ កសិករប្រើប្រាស់ទឹក និងផ្សព្វផ្សាយស្តីពីការគ្រប់គ្រងកសិកម្ម នៅតាម តំបន់ជនបទចំនួន៦ អនុគម្រោង នៃខេត្តចំនួន៣ នៅភាគខាងលិចបឹងទន្លេសាប រួមមាន អនុគម្រោងលំហាច (ខេត្តកំពង់ឆ្នាំ), អនុគម្រោងដំណាក់អំពិល, អនុគម្រោងវត្តល្លូង និងអនុគម្រោងវត្តជ្រៃ (ខេត្តពោធិ៍សាត់), អនុគម្រោងរៀមគុន និងអនុគម្រោងប្រឡាយពោធិ៍ (ខេត្តបាត់ដំបង) ជាដើម។ គម្រោងនេះនឹងរួមចំណែកផងដែរ ក្នុងការបង្កើនផលិតកម្មកសិកម្មយ៉ាងខ្លាំង ក្នុងតំបន់គោលដៅ និង បង្កើតវិស័យសទេសចរណ៍ធម្មជាតិ ដែលជាកត្តាជួយធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរស់នៅតាមជនបទ កាន់តែខ្លាំង។
លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ដ្រី បានថ្លែងថា ការផ្តល់ហិរញ្ញប្បទានដល់គម្រោង ទាំងពីរខាងលើនេះគឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្តីត្រូវការជាអាទិភាពក្នុងវិស័យបច្ចេកវិទ្យា គមនាគមន៍ និង ព័ត៌មាន ដែលស្របទៅនឹងមុំទី១ នៃចតុកោណទី២ និង វិស័យធារាសាស្រ្ត/កសិកម្ម ដែលស្របទៅនឹង មុំទី១ នៃចតុកោណទី៤ មានចែងក្នុង ឯកសារយុទ្ធសាស្រ្តចតុកោណ ដំណាក់កាល ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទាន ទាំងពីរដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះគឺជាឯកសារគតិយុត្តមួយទៀត បន្ទាប់ពីលិខិតប្តូរសារ ដែលទើបត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលអាចនាំឲ្យឈានទៅដល់ ការអនុវត្តនីតិវិធីបន្តបន្ទាប់ទៀតសម្រាប់ការអនុវត្តគម្រោងជាក់ស្តែង។
លោកឧបនាយករដ្ឋមន្ដ្រី ក៏បានរំលឹកឡើងវិញថា រាប់ទាំងកិច្ចព្រមព្រៀងទាំងពីរនេះ ក្នុងឆ្នាំសារពើពន្ធជប៉ុន២០១៨ រដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានចុះហត្ថលេខា លើឯកសារសី្តពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ជាមួយរាជរដ្ឋាភិបាលកម្ពុជាសរុបចំនួន ១៤ ៤៩៧ លានយ៉េន (ប្រមាណជា១៣២,២៧ លានដុល្លារអាមេរិក) ក្នុងនោះជំនួយឥតសំណងប្រមាណ ១៤,៩១លានដុល្លារអាមេរិក និង ឥណទានសម្បទានប្រមាណ ១១៧,៣៦លានដុល្លារអាមេរិក។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានសម្តែងនូវមូលវិចារណ៍ដ៏ថ្លៃថ្លា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តគាំទ្រ និងបានផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា រួមចំណែក ដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕