ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងបើក “លំហាត់នាគមាស ឆ្នាំ២០១៩” រយៈពេល ២៨ថ្ងៃ

101


ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងបើក “លំហាត់នាគមាស ឆ្នាំ២០១៩” រយៈពេល ២៨ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅទីលានបាញ់គ្រាប់ពិត សាលាហ្វឹកហ្វឺនតេជោសែនជុំគីរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។ នេះគឺជាលំហាត់នាគមាសលើកទី៣ រវាងកងទ័ពប្រទេសទាំងពីរ ដែលបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១៦មក។

បើតាមផេកហ្វេសប៊ុកផ្លូវការ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺននាគមាស ឆ្នាំ២០១៩ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ធ្វើលំហាត់រួមគ្នា លើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេវរកម្ម ការរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ក្នុងមួយឆ្នាំម្តងៗ និងគ្រប់ប្រភេទទ័ព ស្របតាមកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ។ លំហាត់នេះ ក៏ដើម្បីឆ្លុះបញ្ចាំងអំពីគោលជំហររបស់រាជរដ្ឋាភិបាល ជាពិសេសកងយោធពលខេមរភូមិន្ទ ក្នុងការអនុវត្តន៍នយោបាយការពារជាតិរវាងប្រទេសទាំងពីរ (កម្ពុជា-ចិន) លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការជួយគ្នាលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ។

ពិធីបើកលំហាត់ នាគមាស ឆ្នាំ២០១៩ នឹងធ្វើឡើង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ចំណែកពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី២៧​ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

លំហាត់ហ្វឹកហ្វឺននេះ មានភាគីកងទ័ពរំដោះប្រជាជនចិនចូលរួមចំនួន២៥២នាក់ និងភាគីកម្ពុជាចូលរួមចំនួន២៥៤២នាក់ ក្នុងនោះមាន៖ កម្លាំងធ្វើលំហាត់ចំនួន ៣៨២នាក់, កម្លាំងបម្រើការក្នុងលំហាត់​ចំនួន៤៤៨នាក់, កម្លាំងចូលរួមក្នុងពិធីបើក-បិទ ចំនួន១,៦៨៥នាក់។

ក្នុងលំហាត់នាគមាសនេះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំងភេវរកម្ម, ការរំដោះចំណាប់ខ្មាំង, ការសង្រ្គោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ, ការបំពេញភារកិច្ចក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងវិស្វកម្មជាដើម។

អាវុធយុទ្ធភ័ណ្ឌ សំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា៖ រថពាសដែក​, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាចក្រ, អាវុធគាំទ្រពីលើអាកាស ជាដើម៕

អត្ថបទដែលជាប់ទាក់ទង