ក្លឹបកម្សាន្តរ៉ុកមានគ្រឿងញៀន មនុស្សជាង២០០នាក់ទៀតទៅផ្ទះវិញ ឯយុវជនខ្មែរ១៧នាក់ ចិន១៣នាក់បញ្ជូនឡើងតុលាការ
ភ្នំពេញ ៖ ក្រុមជនសង្ស័យជាង៣០០នាក់ដែលសមត្ថកិច្ចចាប់នៅ មជ្ឈមណ្ឌកម្សាន្តរ៉ក់ (Rock) ពាក់ព័ន្ធនឹងគ្រឿងញៀនជាង៥០គីឡូក្រាម មកដល់រសៀលថ្ងៃទី២៦ ខែកុម្ភៈ សមត្ថកិច្ចបានចម្រាញ់់និងដោះលែងអស់ជាង២០០នាក់ នៅសល់យុវជនខ្មែរ១៧នាក់ ដែលត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងជនជាតិចិន១៤នាក់ សុំជាគោលការណ៍ បញ្ជូនឲ្យទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីអនុត្តតាមនីតិវិធី ។
ជនជាតិខ្មែរទាំង១៧នាក់ ដែលត្រូវបញ្ជូនទៅតុលាការនោះ ពួកគេរងការចោទប្រកាន់ពីបទ«ចែកចាយគ្រឿងញៀន» ។
ជាមួយនេះ មន្ត្រីជំនាញបានធ្វើកោសល្យវិច័យលើសារធាតុញៀនបង្ហាញថា វត្ថុតាងដកហូតនៅមជ្ឈមណ្ឌលរ៉ក់ ជាក់ស្តែងមន្ត្រីជំនាញធ្វើតេស្តរកឃើញសារធាតុញៀនសុទ្ធ២១គីឡូក្រាម និង៤៦៧,៦៣ក្រាមប៉ុណ្ណោះ ដែលមានប្រភេទអ៊ិចស្តាសុី
(ថ្នាំគ្រវី) ១២គីឡូក្រាម និង២១៩,២១ក្រាម ប្រភេទខេតាមីន(ថ្នាំហិត)៨គីឡូក្រាមនិង៩៣៥,៣៩ក្រាម ប្រភេទនីម៉េតាស្បាម(ថ្នាំបន្សាប)៣០៥,១០ក្រាម ប្រភេទមេតំហ្វេតាមីន ១គីឡូក្រាមនិង៦ក្រាម ប្រភេទ ហេរ៉ូអ៊ីន៦១ក្រាម និងកញ្ឆាក្រៀម ២កញ្ចប់តូចទម្ងន់៦៦,៤៣ ក្រាម ។
ក្រៅពីនេះ មានសម្បកសម្រាប់វេចខ្ចប់(ដប ឬកែវ) ២៤៧ដប សម្បកកេស និងថង់ប្លាស្ទិកមួយចំនួនទៀត ព្រមទាំងម្សៅសង្ស័យជាសារធាតុញៀនប្រមាណ១៥គីឡូក្រាមនិង១៤ក្រាមទៀត ដែលខាងមន្ទីរប្រឆាំងគ្រឿងញៀនបាននិងកំពុងយកចូលមន្ទីរពិសោធន៍ដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់លាស់ ។
សរុបមកវិញ សារធាតុគ្រឿងសុទ្ធ ដែលសមត្ថកិច្ចបង្ក្រាប នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក តែ ២១គីឡូ ៤៦៧.៦៣ក្រាមប៉ុណ្ណោះទេ ហើយនេះក៏មិនមែនជារបាយការណ៍ផ្លូវការរបស់សមត្ថកិច្ចដែរ គឺគ្រាន់តែជាតួលេខដែលបានមកពីមន្ត្រីជំនាញ។
ខណៈសមត្ថកិច្ចមិនទាន់រកឃើញម្ចាស់គ្រឿងញៀន ឬអ្នកទទួលខុសត្រូវឲ្យនាំថ្នាំញៀនសន្ធឹកសន្ធាប់ចូលចែកចាចែកចាយក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់នេះនៅឡើយ។ មតិមហាជននិយាយតៗគ្នាថា ចាំមើលបន្តទៅទៀត តើតុលាការនឹងដាក់គុក ឬក៏ដោះលែងជនទាំង១៧នាក់ ដែលគ្រាន់តែជាអ្នកចែកចាយ ខណៈមេខ្លោងមិនទាន់ត្រូវបានវែកមុខនៅឡើយ ពេលដែលមនុស្សជិត៣០០នាក់ បានរួចផុតពីការចោទប្រកាន់អស់ទៅហើយនោះ ។
ចំពោះម្ចាស់ទីតាំង ឧកញ៉ា គិត ធាង និងអ្នកទទួលខុសត្រូវឯទៀតៗ ក្នុងការធ្វើអាជីវកម្មក្លឹបកម្សាន្តរ៉ុក រហូតមកដល់ពេលនេះ ហាក់ដូចជាគ្មានរបាយការណ៍ណាមួយបញ្ជាក់បែបណាឡើយ៕