ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម ដែលជនរងគ្រោះ លួចទាក់ទងស្នេហ៍ជាមួយប្អូនថ្លៃជនដៃដល់ ញឹកញាប់
បន្ទាយមានជ័យ៖ រឿងឃាតកម្មមួយ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ។ តាមចម្លើយសារភាពជនសង្ស័យ ជាបងដែលជាជនដៃដល់ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន ដោយមូលហេតុដែលគេសម្លាប់នោះ ក៏ព្រោះតែបានឃើញជនរងគ្រោះ និងប្អូនថ្លៃរបស់គេ ទាក់ទងគ្នា ក្រោយពីប្អូនរបស់មានប្រពន្ធចុង លែងគ្នា ពេលត្រូវគ្នាវិញជាប្អូនគេ គឺជនរងគ្រោះ នៅតែមកលួចទាក់ទងស្នេហ៍ជាប្អូនថ្លៃរបស់គេទៀត ជាញឹកញាប់ ។
នាថ្ងៃទី២៧ ខែខែកុុម្ភ: ឆ្នាំ២០១៩ វាពិតជាឈាមស្រែកស្បែកហៅមែន រឿងឃាតកម្មមួយដែលកើតឡើង ក្នុងភាពអាថ៌កំបាំង ត្រូវបានកងកម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ មានកម្លាំងនគរបាលជំនាញ ផែនព្រហ្មទណ្ឌ កម្លាំងនគរបាល អធិការដ្ឋាននគរបាលស្រុកថ្មពួក និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ដឹកនាំបញ្ជាផ្ទាល់ របស់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តនិងលោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានស្រាវជ្រាវវែកមុខសញ្ញាឃាតករនិង ឈានដល់បំបែកសំណុំរឿងបានទាំងស្រុង ។
យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ករណីឃាតកម្មទុកជាមុននេះ បានកើតឡើងនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៩ ចន្លោះពីម៉ោង១០ទៅម៉ោង១២ ថ្ងៃត្រង់ នៅចំណុចព្រៃអាព្រហ្មក្នុងដីក្រុមហ៊ុនជាតិអភិវឌ្ឍ ក្នុងភូមិថ្មរមៀលឃុំបន្ទាយឆ្មាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ក្រោយពីកើតហេតុ និងទទួលបានព៌ត៌មានថា មានមនុស្សត្រូវបានគេសំលាប់ ដែលជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហាន សុថុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអំពិលចាស់ឃុំបន្ទាយអំពិលស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ មុខរបបបើករោងម៉ាស៊ីនកិនស្រូវ និងបើកឡានយកស្រូវតាមផ្ទះទៅកិន ។
លោកបានដាក់បទបញ្ជាឲ្យ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង ដឹកនាំកម្លាំងនគរបាលជំនាញខេត្ត និងកម្លាំងអធិការដ្ឋាននគរបាល ស្រុកថ្មពួក រួមទាំងកម្លាំងវរសេនាសតូចការពារ ព្រំដែនគោកលេខ៨០៧ បើកការស៊ើបអង្កេត ស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ទី១-ឈ្មោះ ស៊ួត សុភាក់ ហៅភ័ក្ត្រភេទប្រុសអាយុ៣៤ឆ្នាំ និង ទី២-ឈ្មោះ ស៊ួត សុផាត ភេទប្រុសអាយុ៣៧ឆ្នាំ ជាបងប្អូនបង្កើតរស់នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ។
ឆ្លងតាមចម្លើយសារភាពជនសង្ស័យ ឈ្មោះស៊ួត សុផាត ភេទប្រុសអាយុ៣៧ឆ្នាំ ជាបងដែលជាជនដៃដល់ បានឆ្លើយសារភាពថា៖ ខ្លួនពឹតជាបានប្រព្រឹត្តអំពើឃាតកម្មគឹតទុកជាមុន ដោយប្រើកាំបិតប៉ាំងតោ កាប់ទៅលើជនរងគ្រោះ ចំនួនពីរកាំបិត ត្រូវចំក និងត្រូវចំដៃ បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
មូលហេតុដែលគេសម្លាប់នោះ ក៏ព្រោះតែបានឃើញជនរងគ្រោះនិងប្អូនថ្លៃរបស់គេ ទាក់ទងគ្នា ក្រោយពីប្អូនរបស់មានប្រពន្ធចុង លែងគ្នាពេលត្រូវគ្នាវិញជាប្អូនគេ គឺជនរងគ្រោះ នៅតែមកលួចទាក់ទងស្នេហ៍ជាប្អូនថ្លៃរបស់គេទៀត ដោយនាំមកកន្លែងគុម្អប្ញស្សី ដែលមានអូរនេះ ជាញឹកញាប់ ។ ក្រោយពីគេបានស្លាប់រួចហើយបានបើកគោយន្តទៅភូមិប្រាប់ទៅប្អូនរបស់គេ ឈ្មោះស៊ួត សុភាក់ ហៅភ័ក្ត្រ ដែលជាជនសមគំនិត គេបានស្លាប់ឈ្មោះសុថុនហើយ និងបាននាំគ្នាយកកង់មុខគោយន្តកន្ត្រៃចំនួន០៤ និងកង់មុខត្រាក់ទ័រចំនួន០១ ដឹកតាមគោយន្ត ដុតសពជនរងគ្រោះ ដើម្បីបំបាត់ភស្តុតាង។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា៖ ក្រោយពីទទួលបានចម្លើយសារភាព របស់ជនសង្ស័យ នៅថ្ងៃទី២៧ ខែកុម្ភៈនេះ លោកក៏បានដឹកនាំកម្លាំង ជំនាញ អធិការដ្ឋាននគរបាលស្រុកថ្មពួក និងវរសេនាតូច ការពារព្រំដែនគោកលេខ៨០៧ នាំជនសង្ស័យ២នាក់ បងប្អូន និង ស្ត្រី ជាប្អូនថ្លៃជនដៃដល់ ធ្វើសារឡើងវិញ ពីសកម្មភាពនៃបទល្មើស និងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕