ប្រតិបត្តិការចាប់មុខសញ្ញាជនជាតិវៀតណាម ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ជាង២គីឡូ
ស្វាយរៀង៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI នៅថ្ងៃទី២៨ខែកុម្ភៈនេះ បានឲ្យដឹងថា កម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានទទួលព័ត៌មានពីប៉ុស្តិ៍ការពារព្រំដែនមីវីតី ស្រុកឌឹវ៉េ ខេត្តឡុងអាន វៀតណាម ថាមានមុខសញ្ញាជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់ម្នាក់ នៅផ្ទះជួលនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២១០៩ ក្រោមការចង្អុល ដឹកនាំរបស់ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងមានការដឹកនាំសម្របសម្រួលផ្ទាល់ពី លោកព្រះរាជអាជ្ញា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា កម្លាំងប៉ុស្តិ៍ច្រកទ្វារទ្វេភាគីសំរោង កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៦០៩ បានធ្វើការឆែកឆេរបន្ទប់ជួលរបស់ឈ្មោះ ង្វៀង ថាន់ងុក ភេទស្រី អាយុ២៨ឆ្នាំ រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ២កញ្ចប់ធំ ទម្ងន់ ២,០៥គីឡូក្រាម។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានធ្វើការឃាត់ខ្លួន ដោយសមត្ថកិច្ចវៀតណាម រីឯវត្ថុតាងថ្នាំញៀនចំនួន
២កញ្ចប់ធំ ទម្ងន់២,០៥គីឡូក្រាម ដែលឆែកឆេររកឃើញ ត្រូវបានរឹបអូស និងបញ្ជូនមកការិយាលយ័ប្រឆាំងគ្រឿង
ញៀន តាមបញ្ជារបស់លោកព្រះរាជអាជ្ញា ដើម្បីធ្វើការស្រាវជ្រាវ កសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់៕