សម្តេចនាយករដ្ឋមន្រ្តី ជួបជាមួយគណបក្សចំនួន ១៦ ដែលជាសមាជិកនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៨ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបប្រជុំពិភាក្សាការងារប្រចាំឆមាស ជាមួយបងប្អូនមកពី គណបក្សចំនួន ១៦ ដែលជាសមាជិកនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
បើតាមផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ បានថ្លែងថា នេះគឺជាដំណើការនៃលទ្ធិប្រជាធិបតេយ្យ នៅប្រទេសយើង។ ការចូលរួមផ្តល់នូវមតិយោបល់ល្អៗ ពីគណបក្សនយោបាយទាំងអស់ ដល់រាជរដ្ឋាភិបាល គឺជួយជំរុញដល់ការកសាង ប្រទេសឲ្យកាន់តែរីកចម្រើនទៅមុខ។
អរគុណបងប្អូន ដែលបានរួមចំណែក ចូលរួមជួយប្រទេសជាតិ និងអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាការពាសន្តិភាព ដើម្បីកម្ពុជា កាន់តែមានឱកាសអភិវឌ្ឍន៍លឿនទៅមុ។
លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានឲ្យដឹងថា កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នៅព្រឹកនេះ មានរបៀបវារៈមួយចំនួនរួមមាន៖ ១. ពាក់ព័ន្ធទៅនឹងទស្សនៈវិស័យនៃការប្រមូលធាតុចូលជាក់ស្តែងនៃការងាររបស់ឧត្ដម ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នៅក្នុងរយ:ពេល១ឆមាសកន្លងមក ទី២. ការផ្តល់មតិនិងសំណូមពរពាក់ព័ន្ធទៅនឹងបញ្ហា ដែលអនុវត្ត៦ ខែកន្លងមកហើយជាពិសេសទៅលើបញ្ហាជាក់ស្ដែងការវាយតម្លៃទៅលើចំណុចវិជ្ជមាន ចំណុចអវិជ្ជមាន ក៏ដូចជាការរកឃើញនូវតម្រុយ ភាពអសកម្មអំពើពុករលួយការរំលោភអំណាចពីសំណាក់គណៈប្រតិភូគណបក្សនីមួយៗដែលគាត់នឹងលើកឡើង ទី៣.បញ្ហាជ្សេងៗ និងទី៤. សម្តេចតេជោ ហ៊ុន សែន បង្ហាញអំពីទស្សនវិស័យនៃប្រសិទ្ធភាពការងារតទៅមុខឆ្លុះបញ្ចាំងទៅនឹងអ្វីដែលបានអនុវត្ត៦ ខែកន្លងមកនិងទស្សនវិស័យនៃ ប្រសិទ្ធភាពការងារសម្រាប់រយៈពេល ៦ ខែឬមួយឆ្នាំទៅមុខទៀត។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ៦ខែកញ្ញាឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយ ជូនរាជរដ្ឋាភិបាលក្រៅក្របខ័ណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។
ក្រោយពេលបង្កើតឡើងហើយនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសស្រោកសស្រាំទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់នានា មុនដាក់ឲ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំ តាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ។
ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏ត្រូវបានគេមើលឃើញថា បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាជម្លោះដីធ្លីនៅតាមបណ្តាខេត្ត។ លោក ឈឹម ផលវរុណ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយបានប្រមូលយកធាតុចូលជាច្រើនជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបញ្ហាដទៃទៀតកើតមាននៅក្នុងសង្គម។
លោក ឈឹម ផលវរុណ បានប្រាប់ថា ក្នុងរយៈពេល៦ខែមកនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបើកកិច្ចប្រជុំសរុបប្រមាណ ១៣លើក។ ក្នុងនោះការបើកកិច្ចប្រជុំជាទៀងទាត់ របស់ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់រៀងរាល់មួយខែម្តងចំនួន៦លើក ពិនិត្យទៅលើសេចក្តីព្រាងច្បាប់ និងព្រាងគោលនយោបាយជាតិចំនួន ៤លើក និងកោះអញ្ជើញថ្នាក់ដឹកនាំក្រសួង មកឆ្លើយបំភ្លឺលើបញ្ហានានាចំនួន៣លើកបន្ថែមទៀត។ ក្រសួងដែលកោះហៅនោះ រួមមានក្រសួងផែនការ ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន។
បើតាមលោក ឈឹម ផលវរុណ ក្នុងរយៈពេល៦ខែនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលជាប្រតិភូរបស់គណបក្សនយោបាយទាំង១៦ បានធ្វើបេសកកម្មចុះទៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយបញ្ហាជាង ១០០លើក។ លោកលើកឡើងថា ក្នុងបេសកកម្មជាង ១០០លើកនេះ បានចូលរួមដោះស្រាយលើបញ្ហាជាច្រើនជាពិសេសជម្លោះដីធ្លី ហើយបានកសាងរបាយការណ៍ដាក់ជូនសម្តេចតេជោ ហ៊ុន សែន។ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានរកឃើញផងដែរថា ទាំងជម្លោះដីធ្លី បទល្មើសនេសាទ និងបទល្មើសព្រៃឈើជាដើម សុទ្ធតែមានជាប់ពាក់ព័ន្ធជាមួយបុគ្គលជាមន្ត្រីទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន៕