ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែកុម្ភៈ កងយោធពលខេមរភូមិន្ទ បាន បង្ក្រាបបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិម ១៧៩លើក ឃាត់ខ្លួនជនសង្ស័យ២៩៩នាក់

96


ភ្នំពេញ:នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ ក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារខែកុម្ភៈ និងទិសដៅអនុវត្តខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ។ នេះបើតាមការលើកឡើងរបស់លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ឈុំ សុជាតិ បានលើកឡើងក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោកថា
សម្រាប់ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានប្រមូលផ្តុំបន្តអនុវត្តន៍ភារកិច្ចតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ផែនការកែទម្រង់កងយោធពល
ខេមរភូមិន្ទរយៈពេល៥ឆ្នាំ និងកម្មវិធីការងារដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន។

កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងប្រៀបការពារជាតិ លើគ្រប់វិស័យនៅតាមតំបន់ព្រំដែនធ្វើល្បាតជាប្រចាំ ដើម្បីត្រួតពិនិត្យគ្រប់គ្រងសភាពការណ៍និងភូមិសាស្ត្រទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ បទល្មើសផ្សេងៗ និងសកម្មភាពឆ្លងដែនខុសច្បាប់ ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេស ជិតខាងដោះស្រាយ បញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធី។

កងយោធពលខេមរភូមិន្ទ បានម្ចាស់ការនិងសហការចូលរួមយ៉ាងសកម្មធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ ក៏ដូចជាការគោរពអនុវត្តនូវបទបញ្ជា អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ គណៈប្រតិភូអន្តរជាតិនានា ព្រមទាំងពិធីបុណ្យជាតិនិងពិធីផ្សេងៗបានល្អប្រសើរ។

របាយការណ៍បានបង្ហាញថា អំឡុងខែកុម្ភៈ កន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានធ្វើម្ចាស់ការបង្ក្រាបបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិម ១៧៩លើក ឃាត់ខ្លួនជនសង្ស័យ២៩៩នាក់ ក្នុងនោះរកឃើញជនពាក់ព័ន្ធ ២៣៧នាក់ និងវត្ថុតាងមួយចំនួនបញ្ជូនទៅតុលាការ ព្រមទាំងបានដោះស្រាយបណ្ដឹងផ្សេងៗបានចំនួន ១១/២៩នៃបណ្តឹង និងអនុវត្តដីកាតុលាការបានចំនួន២០៦/៣០៧នៃដីកា។ ដោយឡែកកិច្ចសហការវិញ គឺកងយោធពលខេមរភូមិន្ទ បានសហការបង្ក្រាប បទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិម ៣៤១លើក និងករណីផ្សេងៗចំនួន១.២១០លើក ឃាត់ខ្លួនជនសង្ស័យចំនួន២១៧នាក់ និងសម្ភារៈផ្សេងៗមួយចំនួន។ កងយោធពលខេមរភូមិន្ទ ជួយសង្គ្រោះគ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ គ្រោះធម្មជាតិ និងករណីផ្សេងៗបានចំនួន៣២៣លើកដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ បានចំនួន៤២នាក់ និងសាកសពទៅកាន់លំនៅឋាន០៤នាក់។

កងទ័ពជើងគោកបានសហការ និងម្ចាស់ការធ្វើល្បាតការពារ និងត្រួតពិនិត្យបង្គោលសីមា ភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីក្តាប់សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ
សរុបបានចំនួន ៤៥៨ លើកព្រំដែនកម្ពុជា-ថៃ២១៨លើក កម្ពុជា-វៀតណាម ១១៩លើក កម្ពុជា-ឡាវ១២១លើក)។ ទន្ទឹមនេះ បានសហការជាមួយក្រុមរុករកអដ្ឋិធាតុវៀតណាម រុករកឃើញអដ្ឋិធាតុទាហានស្ម័គ្រ
ចិត្តវៀតណាមចំនួន៤១ធាតុ។

សូមបញ្ជាក់ថា នៅក្នុងពិធីបូកសរុបលទ្ធផលនោះ ពិធីប្រកាសតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្តិ ដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិចំនួន៤រូប រួមមាន៖
១. នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការ ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងការពារជាតិ

២. ឧត្តមសេនីយ៍ឯក អ៊ុ បុត្រ មេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានដំឡើងឋានន្តរស័ក្តិជា នាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ

៣. ឧត្តមសេនីយ៍ឯក ព្រហ្ម ឌិន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ត្រូវបានដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ

៤. ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ ត្រូវបានដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ៕

អត្ថបទដែលជាប់ទាក់ទង