ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ ២នាក់ជួញដូរថ្នាំញៀន ត្រូវនគរបាលចាប់ខ្លួន ដល់កន្លែងជក់និងប្រើប្រាស់

106


កណ្តាល៖ សេនាធិការ នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យ ២នាក់ និងថ្នាំញៀនមួយចំនួន ត្រូវកម្លាំងនគរបាលស្រុកស្អាង បង្ក្រាបក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃ សុក្រទី ១ ខែ មីនា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទី នៅចំណុច ភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ ដែលឃាត់ខ្លួន៖ ឈ្មោះ អាន ហុតលី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ ទីលំនៅបច្ចុប្បន្នភូមិ កូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ឈ្មោះ អ៊ី ធួន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១១កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ និងតូច ១០កញ្ចប់។ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ អាន ហុតលី បានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចប់តូច នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អាន ហុតលី បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចប់នេះ ខ្លួនបានទិញពីឈ្មោះ អ៊ី ធួន ភេទប្រុស អាយុ ៣៨ឆ្នាំ នៅចំណុចភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល តម្លៃ ៥០.០០០រៀល ដើម្បីយកទៅលក់ឲ្យគេមិនស្គាល់ឈ្មោះ តម្លៃ ៨០.០០០រៀល ។
បន្ទាប់មកសមត្ថកិច្ចនគរបាល បានបន្តទៅឃាត់ខ្លួនឈ្មោះ អ៊ី ធួន បានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៩កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ , តូច ០៨កញ្ចប់ , ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង និងស​ម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អ៊ី ធួន បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ តម្លៃ ១.០០០.០០០រៀល ពីឈ្មោះ រ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ នៅចំណុចភូមិចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីយកមកលក់បន្ត ក្នុង ០១កញ្ចប់តូច តម្លៃ ៤០.០០០រៀល ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

អត្ថបទដែលជាប់ទាក់ទង