ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្តើមអនុវត្តការងារជំរឿនទូទៅប្រជាជន នៅរាជធានីភ្នំពេញ

101

ភ្នំពេញ: នៅយប់ថ្ងែសៅរ៍ ថ្ងៃទី២ ខែ​មីនា ឆ្នាំ​២០១៩​ លោក ឆាយ​ ថន​ ទេសរដ្ឋមន្រ្តី​ រដ្ឋ​មន្ត្រី​ក្រសួង​ផែនការ​ និនិងលោក ឃួង​ ស្រេង​ អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​ បាន​ចុះពិនិត្យ​ការ​ធ្វើ​ជំរឿនពិសេស​​ ចំពោះ​ប្រជាជន​​ឆ្លងកាត់​ គ្រួសារ​គ្មាន​ផ្ទះ​សម្បែង​ នៅ​ទី​តាំង​ផ្សារ​ដើម​គ​ ផ្សារ​នាគមាស ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

នៅរាជធានីភ្នំពេញ នៅម៉ោង៨យប់នេះ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យការសម្ភាសន៍របស់មន្ត្រីជំរឿនលើជនអនាថា និងជនគ្មានទីលំនៅ នៅម្តុំផ្សារដើមគរ និងជិត Naga World។

នៅព្រឹកថ្ងៃទី៣មីនានេះ លោកឃួង ស្រេង អភិបាលរាជធានី និងក្រុមការងារ បានមកធ្វើជំរឿននៅភូមិគ្រឹះ សម្ដេចពិជ័យសេនា ទៀបាញ់ ។

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំស្ដីពី ការអនុវត្តការងារជំរឿនទូទៅប្រជាជន នៅរាជធានីភ្នំពេញ ឆ្នាំ២០១៩។
រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីឲ្យការងារជំរឿនទូទៅប្រជាជន នៅរាជធានីភ្នំពេញ ឆ្នាំ២០១៩ ទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖ គ្រប់ទីតាំងអង្គភាព ស្ថាប័ន ឬគ្រឹះស្ថាននានា ទាំងវិស័យសាធារណៈ និងវិស័យឯកជនដូចជា សណ្ឋាគារ ផ្ទះសំណាក់ មជ្ឈមណ្ឌលកំសាន្តនានា មន្ទីរពេទ្យ ផ្សារ ចំណតរថយន្ត កំពង់ផែ ព្រលានយន្តហោះ…-ល-។ ដែលមានទីតាំងស្ថិត នៅក្នុងរាជធានីភ្នំពេញ ត្រូវចូលរួម និងផ្តល់កិច្ចសហការ​ ជាមួយមន្ត្រីជំរឿនក្នុងការសម្ភាសន៍ជំរឿន នៅម៉ោងនៃយប់ជំរឿន (ម៉ោងសូន្យ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩)។
ដោយឡែក ទីតាំងអង្គភាពមួយចំនួន ដែលមានលក្ខណៈជាគ្រួសារស្ថាប័ន ដូចជា វត្តអារាម ពន្ធនាគារ អន្តេវាសិកដ្ឋាន និងមណ្ឌលប្រមូលផ្តុំនានា…-ល-។ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ត្រូវផ្តល់កិច្ចសហការ និងចូលរួមជាមួយមន្ត្រីជំរឿន ក្នុងការរាប់សម្ភាសន៍អ្នករស់នៅតាមស្ថាប័ន ឬគ្រឹះស្ថានទាំងនោះ ចាប់ពីថ្ងៃទី០៣-១៣ ខែមីនា ឆ្នាំ២០១៩។ ចំពោះប្រជាពលរដ្ឋដែលមានលក្ខណៈជាគ្រួសារធម្មតា ឬគ្រួសារប្រក្រតី សូមចូលរួមផ្តល់ព័ត៌មានតាម សំណួរសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ជូនដល់មន្ត្រីជំរឿន ដែលបានចុះជួបសម្ភាសន៍ផ្ទាល់តាមគ្រួសារ ក្នុងមណ្ឌលជំរឿននីមួយៗ។
 គណៈកម្មាធិការជំរឿនទូទៅប្រជាជនរាជធានី ខណ្ឌ សង្កាត់ ត្រូវបង្កើនអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន ក្នុងការដឹកនាំធ្វើជំរឿន និងជួយសម្របសម្រួល ជាមួយមន្ទីរផែនការរាជធានីភ្នំពេញ មន្ត្រីជំរឿនប្រចាំតំបន់ នៃវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ ដើម្បីឲ្យមន្ត្រីជំរឿនធ្វើការរាប់សម្ភាសន៍ប្រជាជនរស់នៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានអស់ដោយមិនរំលងចោលនរណាម្នាក់ឡើយ ព្រមទាំងត្រួតពិនិត្យតាមដានការងារជំរឿន នៅមូលដ្ឋាន ការប្រមូលបញ្ជីរសំណួរជំរឿនដែលបំពេញរួច និងការងារផ្សេងៗទៀត។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងទីតាំងអង្គភាពស្ថាប័ន ឬ គ្រឹះស្ថាននានា ទាំងវិស័យសាធារណៈ និងវិស័យឯកជនទាំងអស់ មេត្តាជ្រាប និងចូលរួមសហការអនុវត្ត តាមសេចក្តីណែនាំខាងលើនេះ ឲ្យបានល្អប្រសើរ។

សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា
ក្រោយការអំពាវនាវរបស់ខ្ញុំ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមជំរឿនទូទៅទូទាំងប្រទេស ដែល​ នឹង​ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ខាងមុចនេះ ខ្ញុំបានសង្កេតឃើញ និង បានទទួលចម្ងល់ ក៏ដូចជាសំណួរមួយចំនួនទាក់ទង​ ​បញ្ហានេះដែលខ្ញុំសុំធ្វើការបកស្រាយបំភ្លឺដូចតទៅ៖
១- ចំពោះចម្ងល់ដែលបានលើកឡើងថាតើប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ជា​ ពិសេស​ បងប្អូនដែលកំពុងធ្វើការ​ នៅក្រៅប្រទេសតើត្រូវឲ្យត្រឡប់ចូលមកប្រទេសដើម្បីធ្វើជំរឿនឬយ៉ាងណា? បញ្ហានេះខ្ញុំមានសេចក្តីសោមនស្សរីករាយសូមប្រកាសជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបានជ្រាបថា៖ បងប្អូនដែលកំពុងធ្វើការនៅក្រៅប្រទេសគឺមិនតម្រូវឲ្យត្រឡប់ចូល​ ប្រទេស​ នោះទេ គឺអ្នកបច្ចេកទេសធ្វើជំរឿន បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានរៀបចំឯកសារសម្រាប់ភ្នាក់ងារតាមប្រទេសនានាដើម្បីធ្វើជំរឿនប្រជា​ ពលរដ្ឋ​ ខ្មែរដែលកំពុងរស់នៅបណ្តាប្រទេសទាំងនោះ ។ ដូច្នេះបងប្អូនជនរួមជាតិខ្មែរដែលកំពុងរស់នៅក្រៅប្រទេសសូមចូលរួមជាមួយភ្នាក់ងារជំរឿន ដើម្បីឲ្យការធ្វើជំរឿនមានភាពត្រឹមត្រូវនិងទទួលលទ្ធផលយកជាការបាន ។
២- ចំពោះចម្ងល់ទាក់ទងនឹងជនបរទេសជាអន្តោប្រវេសន៍ និង មិនមែនអន្តោប្រវេសន៍ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា? បញ្ហានេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិថា៖ ការធ្វើជំរឿននេះក្រុមបច្ចេកទេសរបស់យើងបានត្រៀមឯកសារសំណួរជាច្រើនភាសារួចរាល់ហើយ ហើយកិច្ចការនេះនឹងធ្វើឲ្យយើងដឹងកាន់តែច្បាស់អំពីបរិមាណជនបរទេសទាំងអស់ គ្រប់សញ្ជាតិ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ។

ជាថ្មីម្តងទៀតខ្ញុំសូមធ្វើការអំពាវនាវដល់ប្រជាជន ទូទាំងប្រទេស សូមគាំទ្រ និងចូលរួមក្នុងកិច្ចការដ៏ មានសារៈសំខាន់ ឲ្យបានគ្រប់ ៗគ្នា ប្រកប ដោយក្ដីស្មោះត្រង់ ក្នុងការផ្ដល់ព័ត៌មានតាមការសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ ជូនដល់មន្ត្រី ជំរឿន ដើម្បីជាប្រយោជន៍របស់បងប្អូន ជនរួមជាតិ និងដើម្បីជាផលប្រយោជន៍នៃប្រទេសជាតិយើង ៕

អត្ថបទដែលជាប់ទាក់ទង