អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេស កំពុងកាន់កាប់ប្រើប្រាស់ក្នុងកម្ពុជា ចំនួន ៣៥.០០១ឯកសារ
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងផ្សព្វផ្សាយលើកទិសដៅបន្ដ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងមានការចូលរួមពីថ្នាក់ដឹកនាំ ក្នុងនគរបាលអន្ដោប្រវេសន៍ ស្នងការនគរបាលខេត្ត ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ដោយឡែក ពេលបិទសន្និបាតនារសៀលនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបង្ហាញឆ្នាំ២០១៨ មានជនបរទេសដែលការស្នាក់នៅ និងធ្វើការខុសច្បាប់កើតមាន ៧៧លើក មនុស្ស១៧៧នាក់ (ច្រើនជាងគេវៀតណាម ១៣៤នាក់)។
ស្នាក់នៅលើសរយៈពេលកំណត់ ៨៦លើក មនុស្ស៨៦នាក់ (ច្រើនជាងគេនីហ្សេរីយ៉ា ៤៨នាក់) កូរ៉េខាងត្បូង៧នាក់ អង់គ្លេស៥នាក់។ ស្នាក់នៅគ្មានឯកសារ៥២លើក មនុស្ស១៤៧នាក់ (ច្រើនជាងគេវៀតណាម ៨៧នាក់ ចិន៨នាក់ នីហ្សេរីយ៉ា៧នាក់ មីយ៉ាន់ម៉ា៦នាក់ និងឡាវ ៦នាក់)។ ជួញដូរគ្រឿងញៀន៣១លើក មនុស្ស៥២នាក់ (ច្រើនជាងគេឡាវ១៥នាក់ វៀតណាម១៤នាក់ ថៃ១០នាក់ ចិន៥នាក់ កូរ៉េ៣នាក់)។
ជំរិតទារប្រាក់តាមប្រព័ន្ធ VOIP និងហ្គេមអនឡាញខុសច្បាប់ ១៤លើក មនុស្ស៤៨១នាក់ (ភាគច្រើនចិន៤០៣នាក់ ម៉ាឡេស៊ី៤៨នាក់)។ អំពើហិង្សា ២០លើក មនុស្ស២៨នាក់ (ច្រើនជាងគេចិន១៣នាក់)។ អំពើអាសអាភាស និងអណាចារ្យ ១៨លើក មនុស្ស២៥នាក់ (ច្រើនជាងគេអង់គ្លេស៦នាក់) ក្រៅពីនោះបទល្មើសផ្សេងៗទៀតចំនួន ៧២លើក មនុស្ស១២៩នាក់។
ដោយឡែក បានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេស កំពុងកាន់កាប់ប្រើប្រាស់ក្នុងកម្ពុជា ចំនួន ៣៥.០០១ឯកសារ ស្មើនឹង៨៨,៧៩ភាគរយ នៃផែនការ។ បានទទួលពាក្យសុំប្រកាសទទួលស្គាល់ជា ជនបរទេសអន្តោប្រវេសន៍ (ចាប់ពីអាយុ១៨ឆ្នាំឡើង) បានចំនួន ៧៥.០៨៩នាក់ ស្មើនឹង៥៩,៦៤% ក្នុងនោះ បានចេញប្រកាសទទួលស្គាល់ចំនួន២៩.១៨១ ដែលមានមនុស្ស ៤៦.៣៨១នាក់ (១៤.៤៤៩គ្រួសារ)។ បានទទួលពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍បានចំនួន ៥៧.៤៤៤នាក់ ស្មើ៤៥,៦២ភាគរយ ដោយបានផ្តល់រួចនូវប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ចំនួន ១៨.៥៣០សន្លឹក ទទួលបានប្រាក់អាករពីប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ចំនួន ១១.១០៦.០០០.០០០រៀល បង់ចូលថវិកាជាតិ៕