ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកិច្ចការនារី ជម្រុញ និងលើកកម្ពស់ ការកសាងច្បាប់ និងធ្វើសកម្មភាព សម្រាប់សមភាព យេនឌ័រកម្ពុជា

118

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបសំណេះសំណាលជាមួយគណៈប្រតិភូស្រ្តី ដឹកនាំដោយ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួង កិច្ចការនារី គឺជាការលើកកម្ពស់សមភាពយេនឌ័រ និងជាការអបអរ សាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។ គណៈប្រតិភូស្រ្តី ដែលចូលជួបសម្តែងការគួរសម និងសំណេះសំណាលសម្តេចប្រធានរដ្ឋសភា នាឱកាសនេះ មានចម្រុះវិស័យ មានមន្រ្តីរាជការ វិស័យឯកជន និងសង្គមស៊ីវិល ។ ពិធីនេះបានប្រព្រឹត្ដទៅ កាលពីថ្ងៃចន្ទ១៣រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៤ មីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ។
លោក ឡេង ប៉េងឡុង បានលើកឡើងថា៖ តាមរយៈការជួបជុំរបស់ស្រ្តីនាឱកាសនេះ ប្រតិភូស្ត្រីកម្ពុជា ដែលមានចំនួនជាងពាក់កណ្តាលនៃចំនួនប្រជាជនកម្ពុជាជាង ១៤លាននាក់ នឹងក្លាយជាកម្លំាងដ៏សំខាន់បំផុតដែលមិនអាចចៀសវាងបាន និងជាសក្តានុពល យ៉ាងធំធេង ក្នុងការរក្សាសន្តិភាព និងជំរុញកិច្ចអភិវឌ្ឍនៃមាតុភូមិកម្ពុជាជាទីស្នេហានៃយើង។
ទន្ទឹងនោះដែរ សម្តេចប្រធានរដ្ឋសភា បានមាន ប្រសាសន៍ថា ការជួបជុំគ្នានៅពេលនេះ គឺជាឱកាសដ៏ល្អប្រសើរមួយ និងប្រកបដោយអត្ថន័យដើម្បីរំលឹកឡើងវិញ នូវស្នាដៃដ៏មហិមារបស់ស្រ្តីនានា លើពិភពលោក ក្នុងនោះក៏មានស្ត្រីកម្ពុជាផងដែរ ដែលបានតស៊ូលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និងអាយុជីវិត នៅក្នុងការ ប្រយុទ្ធតស៊ូ ដើម្បីបុព្វហេតុស្រ្តី និងដើម្បីបុព្វហេតុរបស់មនុស្សជាតិ ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ជាថ្មីថា៖ នៅថ្ងៃ ៨មីនា គឺជាទិវាដែលផ្តល់កិត្តិយសចំពោះស្នាដៃរបស់ស្ត្រី និងជាថ្ងៃដែលយើងទាំងអស់គ្នា ជាពិសេសបុរសៗ ត្រូវតែបន្តជំរុញនិងលើក តម្កើងនូវតម្លៃ ឋានៈ តួនាទី និងសិទ្ធិរបស់ស្ត្រីកម្ពុជាយើងឲ្យកាន់តែមានភាពប្រសើរ និងថ្លៃថ្លាថែមទៀត។
ទិវាអន្តរជាតិនារី នៅឆ្នាំនេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រនិងការគំាពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ។ ជាមួយការគំាទ្រដល់ប្រធានបទខាងលើ ថាមានសារៈសំខាន់ ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តីកម្ពុជា ដែលជាម្តាយ ជាអ្នកដឹកនាំគ្រួសារ និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គម ឱ្យប្រកប ដោយគុណសម្បត្តិដ៏ថ្លៃថ្លា ជោគជ័យគ្រប់កិច្ចការក្នុងនាមជាពលរដ្ឋដ៏ល្អនោះ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា៖ កម្ពុជាកំពុងអនុវត្តគោលនយោបាយគាំពារសង្គម ដែលបាន ចាប់ផ្តើមអនុវត្តមុនគេ ចំពោះស្ត្រីដែលជាកម្មការិនីមានផ្ទៃពោះ។ ជាពិសេសទៀតនោះគឺក្នុងពេលសម្រាលកូនសាមីខ្លួនបានឈប់សម្រាក រយៈពេល ៣ខែ និងទទួលបានប្រាក់ ខែ ១២០% ទៀតផង។
សម្តេចអគ្គមហាពញាចក្រី បានសង្កត់ធ្ងន់បន្ថែមទៀតថា ទាក់ទងនឹងវិស័យអប់រំវិញ រាជរដ្ឋាភិបាល បានលើកទឹកចិត្ត និងជំរុញឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានច្រើន ដើម្បីឱ្យធនធានមនុស្ស របស់យើងជាស្ត្រីភេទ កាន់តែសំបូរបែបថែមទៀត។ ជាក់ស្តែងក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ សិស្សស្រីបានប្រឡងជាប់ ៦៩.៣៨% កើនជាងឆ្នាំ២០១៧។ឆ្នាំ២០១៧ ដែលមានសិស្សស្រីជាប់តែ៦៥.៩២%។ ដោយឡែកចំនួននិស្សិតស្រី បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិញ ក៏មានចំនួនកើនឡើងដែរ។ ឆ្នាំ២០១៧មានចំនួន៤៦,៦៧% ចំណែកនៅឆ្នាំ២០១៨ មានចំនួន ៤៩,២៤%។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា កន្លងមករដ្ឋសភា បានអនុម័តថវិកាជាតិសម្រាប់ក្រសួងអប់រំឆ្នាំ២០១៩ មានកំណើន ៩% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៨។ ក្នុងចំណោមថវិកាទំាងនោះ ថវិកាមួយចំនួនត្រូវយកមកកសាងអាគារស្នាក់នៅរបស់សិស្ស ដែលមានសម្រាប់សិស្សនិស្សិតស្រី និងគ្រូបង្រៀននៅតាមសាលារៀនទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឲ្យសិស្សស្រីមានឱកាសបានបន្តការសិក្សាឱ្យបានច្រើន។
សម្តេចប្រធាន បានលើកឡើងថា រដ្ឋសភាបានខិតខំលើកកម្ពស់សមភាពយេនឌ័រ។ ជាក់ស្តែង រដ្ឋសភាមានសមាជិកនិងថ្នាក់ដឹកនាំកំពូលជាស្រ្តីផងដែរ គឺលោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា។ រដ្ឋសភាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុរបស់ស្រ្តី តាមរយៈការងារនីតិកម្ម ដែលជាការងារស្នូលរបស់ស្ថាប័ន ដើម្បីបង្កើតច្បាប់ និងបទដ្ឋានគតិយុត្តនានា សំដៅការពារ និងលើកកម្ពស់សិទ្ធិ របស់ស្រ្តីនិងក្មេងស្រី ក្នុងគ្រប់វិស័យ។
លោកស្រី អ៊ឹង កន្ថាផាវី បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា និងអ្នកចូលរួមថា ក្រសួងកិច្ចការនារី បានជ្រើសរើស ប្រធានបទសម្រាប់អបអរទិវាអន្តរជាតិនារីនៅឆ្នាំនេះ លើកកម្ពស់សមភាពយេនឌ័រ និងការគំាពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស គឺដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ស្របជាមួយនឹងវឌ្ឍនភាព និងកាលានុវត្តភាពថ្មីៗ នាពេលបច្ចុប្បន្នរបស់កម្ពុជា។ លោកជំទាវរដ្ឋមន្រ្តីក៏បានបញ្ជាក់ថា ៖ ប្រធានបទខាងលើ ក៏ស៊ីចង្វាក់ជាមួយ នឹងប្រធានបទអាទិភាពរបស់សន្និបាតនៃគណៈកម្មការលើកកម្ពស់ស្ថានភាពស្រ្តីលើកទី៦៣ ឆ្នាំ២០១៩ នៃអង្គការសហ ប្រជា ជាតិ ស្តីពី ប្រព័ន្ធគំាពារសង្គមការទទួលបានសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ។

នៅក្នុងឱកាសនោះ លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងពីវឌ្ឍនភាពនានារបស់ស្រ្តីនៅក្នុងសង្គមកម្ពុជា ដែលមានដូចជាស្រ្តីបានទទួលបានតួនាទីកាន់តែច្រើននៅក្នុងឋានៈជាអ្នកសម្រេចចិត្ត នៅលើវិស័យសាធារណៈ និងនយោបាយ នៅក្នុងនោះ មានចន្លោះឆ្នាំ២០០៩ដល់ឆ្នាំ២០១៧ ចំនួនស្រ្តីជាមន្រ្តីរាជការកើនឡើង ជាលំដាប់ពី ៣៤% ទៅ ៤១%។ រាជរដ្ឋាភិបាលបានតែងតំាងស្រ្តីជាអភិបាលរងខេត្ត នៃគណៈអភិបាលរាជធានីខេត្ត២៦រូប អភិបាលក្រុង ស្រុក ខណ្ឌ ជាស្រ្តី៦រូប ស្រ្តីជាអភិបាលរងនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ១៨៦រូប។ ក្នុងឆ្នាំ២០១៨ ស្រ្តីជាឯកអគ្គរាជទូត មានចំនួន០៤រូប និងមន្រ្តីការទូតជាស្រ្តីដែលកំពុងប្រចំាការនៅបរទេសមានចំនួន៤៩រូប។
លោកស្រី រដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍសហវត្សរ៍មុនឆ្នាំកំណត់ លើសុខភាព មាតានិងទារក។ អំពើហិង្សានិងការរំលោភនានាលើស្រ្តីក៏បានថយចុះគួរឲ្យកត់សម្គាល់ផងដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផល របស់ក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាពជីវភាព សិទ្ធិ ឋានៈ និងតួនាទីរបស់ស្រ្តីកម្ពុជា។ ជោគជ័យដ៏ធំធេងទាំងអស់នេះ បានឆ្លើយតបជាវិជ្ជមានទៅនឹងផែនការយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព និងផែនការយុទ្ធសាស្រ្តនារីរតនៈរបស់ក្រសួងកិច្ចការនារី។ សម្តេចប្រធានរដ្ឋសភា លើក ទឹកចិត្តដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកិច្ចការនារី បន្ត និងជំរុញការអនុវត្តគោលនយោបាយជាតិខាងលើនេះ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឧត្តមប្រយោជន៍របស់ស្ត្រី និងក្មេងស្រី ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល៕.

អត្ថបទដែលជាប់ទាក់ទង