ឃាត់ខ្លួនជនជាតិឡាវម្នាក់ ជួញដូរថ្នាំញៀន៣០គីឡូក្រាម ឆ្លងដែនពីឡាវមកកម្ពុជា
ស្ទឹងត្រែង ៖ សមត្ថកិច្ចជំនាញនៃប្រទេសកម្ពុជាដោយមានការសហការ ជាមួយកម្លាំងមូលដ្ឋានខេ្តស្ទឹងត្រែង ចាប់ឃាត់ជនជាតិឡាវម្នាក់ដែល បានលួចនាំចូលនូវគ្រឿងញៀនចំនួន៣០គីឡូក្រាម និងកំពុងបន្ដស្រាវជ្រាវរកបក្ខ ពួកនៅក្នុងស្រុកខ្មែរដែលចាំទទួលទិញពីជនសង្ស័យម្នាក់នេះ។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ន នៅចំណុចស្ពានទី២ ផ្លូវទៅវ៉ឺនខាំ ព្រំដែន ខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ប្រទេសឡាវ ដោយមានកម្លាំងនគរបាលការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការឈានទៅដល់ការចាប់ខ្លួន មេក្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ជាជនជាតិឡាវ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លូនមានឈ្មោះ កុប គីរីប៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិឡាវ មានទីលំនៅភូមិថាំងឃុក ស្រុក-ខេត្តចំប៉ាសាក់ ដោយចាប់យកវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៣០កញ្ចប់ ទម្ងន់ប្រមាណ៣០គីឡូក្រាម ។
តាមមន្រ្តីនគរបាលជាន់ខ្ពស់នៃមន្ទីរប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថាប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាដឹកនាំដោយផ្ទាល់របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំងកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ចុះបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចស្ពានទី២ ផ្លូវទៅវ៉ឺនខាំ ព្រំដែន ខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ប្រទេសឡាវ ។
បន្ទាប់ពីឃាត់ខ្លួនជនជាតិឡាវម្នាក់នេះ ស្ថិតនៅក្រោមការឃុំខ្លួនជាបណ្ដោះអាសន្ន រង់ចាំកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕