ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ស្នើឲ្យក្រសួងមហាផ្ទៃ និងស្ថាប័នសន្តិសុខឡាវ សម្រួល ដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែន

145


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត ឲ្យស្ថាប័ន ក្រសួងមហាផ្ទៃ និង សន្តិសុខ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡា ពិភាក្សាឲ្យបានច្រើនថែមទៀត លើការងារសន្តិសុខជាតិ និងជាពិសេស ការងារដែលសម្រួល ដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែន ឲ្យប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ទទួលបាននូវប្រយោជន៍ និងជីវភាពរស់នៅ កាន់តែល្អប្រសើរ។

នៅរសៀល ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីសន្តិសុខ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡា។

លោក វិល័យ ឡាខាំហ្វង បានគោរពរាយកាណ៍រជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីកិច្ចប្រជុំកន្លងទៅថ្មីៗនេះជាមួយ សម្តេចក្រឡាហោម ស ខេង និងបានផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាបទពិសោធន៍មួយចំនួន និងបានពិភាក្សាចុះហត្ថលេខា លើកកិច្ចសហប្រតិបត្តិការ មួយចំនួនរួមមាន៖ ការទប់ស្កាត់ការជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់ ការផ្លាស់ប្តូរឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ សហការពង្រឹងសន្តិសុខសុវត្ថិភាពតាមព្រំដែន និងធ្វើយ៉ាងណាជួយសម្រួល ឲ្យប្រជាពលរដ្ឋ នៃប្រទេសទាំងសងខាង អាចធ្វើដំណើរ និងធ្វើអាជីវកម្មឆ្លងកាត់តាមព្រំដែន បានកាន់តែងាយស្រួល និងប្រកបដោយសុវត្ថិភាព ។ លើកពីនេះទៀត លោក វិល័យ ឡាខាំហ្វង បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា ការធ្វើទស្សនកិច្ចមកកាន់ ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺឆ្លើយតបទៅនឹងការងារ ដែលបានសម្រេចកន្លងមក រវាងកម្ពុជា-ឡាវ ដែលត្រូវផ្លាស់ប្តូរទស្សនកិច្ចជាមួយគ្នា មួយឆ្នាំម្តងៗ ដើម្បីពិនិត្យមើលលើការងារ ដែលបានព្រមព្រៀង នឹងធ្វើជាមួយគ្នាកន្លងមក ហើយនឹងពិនិត្យដាក់ទិសដៅ សម្រាប់ធ្វើការងារួមគ្នាជាបន្តទៀត ស្របទៅតាមកិច្ចព្រមព្រៀងទាំងឡាយ ដែលបានសម្រេច ដោយប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍លើកកិច្ចការទាំងឡាយ ដែលភាគីឡាវបានប្រជុំពិគ្រោះគ្នាជាមួយ សម្តេចក្រឡាហោម ស ខេង កន្លងមកដែលបានបាន រិតបន្តឹងនូវចំណងមិត្តភាព និងទំនាក់ទំនង សហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត ឲ្យស្ថាប័នទាំងពីរ មានការពិភាក្សាឲ្យបានច្រើនថែមទៀត លើការងារសន្តិសុខជាតិ និងជាពិសេស ការងារដែលសម្រួល ដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែន គឺខិតខំធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ទទួលបាននូវប្រយោជន៍ និងជីវភាពរស់នៅ កាន់តែល្អប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង