ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ត​កំពង់ចាមចុះ​ទៅជួយ​អន្តរាគមន៍​ ករណី​អគ្គីភ័យ​ឆាបឆេះ​ កុដិព្រះសង្ឃ​ នៅវត្ត​កោះ​រកា​ក្រៅ​ទាំង​យប់​អាធ្រាត្រ​

139

កំពង់ចាម ៖ លោក​ គួច​ ចំរើន​ អភិបាលខេត្ត​កំពង់ចាម​ បាន​ចាកចេញ​ពី​ដំណេក​ទាំង​យប់​អាធ្រាត្រ​​ ​​ចុះ​ទៅអន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ ដោយ​មិន​គិត​ថា​ពេល​យប់​ឬ​ថ្ងៃ​នោះទេ​ ខណៈ​ដែល​ពលរដ្ឋ​ជួប​គ្រោះអាសន្ន​ ហើយនេះហើយនេះមិនមែនជាលើកទី១ទេដែលលោកធ្វើសកម្មភាពបែបនេះ។

  ជាក់ស្ដែង​នៅ​វេលា​ម៉ោង​៣និង​៥០​នាទី​ ទៀបភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៩នេះ​​ មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​កុដិព្រះសង្ឃ​ នៅវត្តកោះរកាក្រៅ ស្ថិតក្នុងឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ខណៈដែលព្រះសង្ឃ កំពុងតែសឹងក្នុងកុដិនោះ បង្កឲ្យមានការភ្ញាក់ផ្អើល ទៅដល់ប្រជាពលរដ្ឋជុំវិញវត្ត ហើយក៏បាននាំគ្នាជួយបាញ់ទឹកពន្លត់ យ៉ាងសស្រាក់សស្រាំផងដែរ។
ក្រោយ​ពីទទួលបានព័ត៌មានជុំវិញករណី​អគ្គីភ័យ​នេះភ្លាម លោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានដឹកនាំកងកម្លាំងសមត្ថកិច្ច ដើម្បីចុះទៅអន្តរាគមន៍​ជួយ​បាញ់ទឹកពន្លត់ ដោយប្រេីប្រាស់រថយន្តពន្លត់​អគ្គីភ័យ​ ចំនួន​០៦គ្រឿង​ ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន០៣គ្រឿង​ ស្រុកកព្រៃឈរ០១គ្រឿង  ស្រុកកងមាស០១គ្រឿង និងស្រុកកំពង់សៀម០១គ្រឿង​ ដោយ​ប្រេីប្រាស់​ទឹកអស់ចំនួន​០៩ឡាន ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅ​វេលា​ម៉ោង​៦ព្រឹក​ ថ្ងៃ​ដដែល​នេះ​ ដោយ​មិនបណ្ដោយឲ្យឆាបឆេះ រាលដាល​ទៅ​លំនៅឋាន​ប្រជាពលរដ្ឋ​ និងបានទុបស្កាត់មិន​ឲ្យ​ឆាបឆះ ប្រេងម៉ាស៊ុត ចំនួន៥០កាន​ផងដែរ។
លោក​ ឯក​ ប៉ាន់​ដន​ អធិការ​នគរបាល​ស្រុក​កំពង់​សៀម​ បាន​ឲ្យដឹង​ថា​ បេី​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​​ ចំពោះ​ករណី​អគ្គីភ័យ​នេះ​ គឺ​អាច​បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​ ហើយ​ករណី​នេះ​បណ្ដាលឲ្យខូចខាត​ទាំងស្រុង​​កុដិ​ ទំហំ៨x៩ម៉ែត្រ​ ដំបូល​ប្រក់គ្បឿង ជញ្ជាំងក្តារ​ មី៥០កេស​ អង្ករ៣៥បាវ​ ភេស្ជជះ២០កេស​ និង​សំភារៈ​ផ្សេងៗ​មួយចំនួន​ទៀត​ តែមិនបង្កឲ្យនរណាម្នាក់ រងគ្រោះថ្នាក់ដល់​អាយុ​ជីវិតឡើយ។​
  គួរកត់ម្គាល់ផងដែរថា នេះជាលើកទី២ហេីយ​ សម្រាប់ខេត្តកំពង់ចាម ដែលបានទទួល​រងគ្រោះ​ដោយ​អគ្គីភ័យ​ និងបានឆេះផ្ទះប្រជាពលរដ្ឋខ្មែរឥស្លាម អស់ ចំនួន១៦ខ្នងផ្ទះ នៅក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ។
   នាឱកាសដឹកនាំកម្លាំង ចុះជួយអន្តរាគមន៍ករណីខាងលើ លោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ការប្រុងប្រយ័ត្ន  ចំពោះ បញ្ហាអគ្គិសនីនេះ ពីព្រោះថា បច្ចុប្បន្ននេះ អាកាសធាតុប្រែប្រួល និងឡើងកម្តៅខ្លាំង ដែលអាចបង្កឲ្យកើតជាចំហេះ និងពិសេសនោះ ដោយសារតែបញ្ហាភាពរាំងស្ងួត និងការខ្វះខាតទឹកប្រើប្រាស់។ ដូច្នេះ បងប្អូនត្រូវមានការត្រៀមបង្ការទប់ស្កាត់ ដើម្បី បញ្ជៀសកុំឲ្យកើតមានដូចករណីខាងលើ ។ ផ្ទុយទៅវិញ បើមានដូចករណីនេះមែន បងប្អូនត្រូវចេះសាមគ្គីភាព និងជួយគ្នា ទៅវិញ ទៅមក ៕
អត្ថបទដែលជាប់ទាក់ទង