លោកឃួង ស្រេងជំរុញឲ្យបងប្អូននារីខិតខំបង្កើនសមត្ថភាព ដើម្បីទទួលបានទំនុកចិត្តពីការងារ
ភ្នំពេញ៖ បងប្អូននារីប្រមាណ២៦០នាក់ក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញបានជួប ជុំគ្នាក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១០៨ទិវាអន្តរជាតិនារី៨មិនាក្រោមប្រធានបទ៖លើកកំពស់សមភាពយេនឌរ័ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៏ធនធានមនុស្ស ដែលបានធ្វើឡើងនៅរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦មិនា ដោយមានការចូលរួមពីលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ,លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី។
ជាមួយនឹងការអានព្រះរាជសារសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គលក្នុងឧិកាសអបអរសាទរខួបលើកទី១០៨នៃទីវាអន្តរជាតិនារី៨មិនានេះ លោកឃួងស្រេងក៏បានមានប្រសាសន៏ថា ប្រធានបទ លើកកំពស់សមភាពយេនឌរ័ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៏ធនធានមនុស្ស មានគោលបំណងបន្តអនុវត្តគោលនយោបាយសមភាពយេនឌរ័ និងការគាំពារសង្គមដែលជាចក្ខុវិស័យសំរាប់កសាងប្រទេស ត្រូវបានច្របាច់បញ្ចូលជាអាទិភាពរួមក្នុងការសំរេចបានកិច្ចអភិវឌ្ឍន៏ធនធានមនុស្សហើយបានបញ្ជាក់យ៉ាងច្បាស់ថា ការលើកកំពស់យេនឌរ័ ការពង្រឹងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី និងការគាំពារសង្គមគឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត។នេះបង្ហាញកាន់តែច្បាស់ពីការយកចិត្តទុកដាក់គាំពារ ថែរក្សាលើកទឹកចិត្តនិងផ្តល់តំលៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូននារីដែលជាដៃគូមិនអាចខ្វះបានក្នុងដំណើរការអភិវឌ្ឍន៏ជាតិមាតុភូមិគ្រប់សម័យកាល។
លោកឃួង ស្រេង បានលើកទឹកចិត្តបងប្អូននារី ត្រូវតែយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង និងសមត្ថភាពដើម្បីចូលរួមការងារជាមួយបុរសដោយស្មើភាព។
បច្ចុប្បន្ននេះ ស្ត្រីនៅតែជាដៃគូមិនអាចខ្វះបានជាមួយបុរសក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៏ជាតិមាតុភូមិដែលបានស្តែងឡើងតាមរយះសមត្ថភាពដឹកនាំនៅតាមបណ្តាស្ថាប័ន,ក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិអង្គភាពរដ្ឋ និងឯកជនជាពិសេសក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនិងកាកបាទក្រហមកម្ពុជា។នារីជាមេផ្ទះគឺបងប្អូនអាចដឹងកិច្ចការផ្ទះច្រើនជាងនរណាទាំងអស់ទាំងរៀបចំផ្ទះ,រៀបចំម្ហូបអាហារសំរាប់គ្រួសារកូន និងប្តីជាដើម សូម្បីរឿងសំរាមក៏បងប្អូននារីចេះវិចខ្ចប់ និងទុកដាក់បានល្អដែរ។បងប្អូននារីក៏ជាអ្នកម្តាយអប់រំកូនចៅតាមបែបអហឹង្សាបានល្អជាងប្តីផងដែរ។ជាមួយនឹងការជូនបាច់ផ្កាដល់ថ្នាក់ដឹកនាំជានារីដើម្បីសំដែងការគោរពស្រឡាញ់ នោះ រដ្ឋបាលរាចធានីភ្នំពេញក៏បានផ្តល់ការដូជាប្រាក់ដល់បងប្អូននារីទាំង២៦០នាក់ក្នុងម្នាក់ចំនួន៣០ម៉ឺនរៀលផងដែរ៕