ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជីវិតមនុស្សមិនមានដាក់លក់នៅតាមទីផ្សារ , ស្នើឲ្យគ្រូពេទ្យបង្កើនស្មារតី ក្នុងការជួយសង្រ្គោះអ្នករងគ្រោះ ជាមុនសិន ទើបគិតពីតម្លៃសេវាព្យាបាល ស្នាក់នៅជាក្រោយ

209


សៀមរាប៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យ ឲ្យមានស្មារតីទទួលខុសត្រូវ និង ការយកចិត្តទុកដាក់ខ្ពស់ ចំពោះអ្នកមកទទួលសេវាព្យាបាល និងរក្សាឲ្យបាននូវក្រមសីលធម៌គ្រូពេទ្យ និងបង្កើនស្មារតីក្នុងការជួយសង្រ្គោះអ្នករងគ្រោះ ជាមុនសិន ទើបគិតពីតម្លៃសេវាព្យាបាល ស្នាក់នៅជាក្រោយ ពីព្រោះថា អាយុជីវិតមនុស្សមិនមានដាក់លក់នៅតាមទីផ្សារនោះឡើយ។

នៅព្រឹកថ្ងៃទី៦ ខែ មីនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំមន្ទីរពេទ្យជ័យវរ័្មនទី៧ គន្ធបុប្ផាខេត្តសៀមរាប មានបើកអង្គសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅបន្តឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាលខេត្ត ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត តែ គុយស៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។ ។

លោក ទៀ សីហា បានគូសបញ្ជាក់ថា ការចូលរួមក្នុងកិច្ចសហការ ពី សំណាក់មន្ទីរ ស្ថាប័ន អង្គភាព សប្បុរសជន និង អង្គការដៃគូសុខាភិបាល សំខាន់អាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមសហការជម្រុញដល់អត្រានៃការយល់ដឹងពីបញ្ហាសុខភាព ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅទីប្រជុំជន និង នៅតាមតំបន់ដាច់ស្រយាល ស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ដ៏ត្រឹមត្រូវ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ រួមជាមួយនិងគោលនយោបាយ និង យុទ្ធសាស្រ្តប្រកបដោយ ភាពជាក់ស្តែង និង ភាពម៉ឹងម៉ាត់ ដោយបានធ្វើឲ្យតំបន់ជនបទនៅកម្ពុជា មានការប្រែមុខមាត់ថ្មីក្នុងក្តីសង្ឃឹម គឺប្រជាពលរដ្ឋទទួលបាននូវចំណងដៃជាច្រើន ។ ក្នុងនោះលោកអភិបាលខេត្ត ក៏បានធ្វើការកោតសរសើរផងដែរ អំពីលទ្ធផល សកម្មភាពដែលមន្ទីរសុខាភិបាលខេត្តអនុវត្តក្នុងឆ្នាំ២០១៨ ។

លោកទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះស្ថាប័នពាក់ព័ន្ធទាំងឡាយ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូអភិវឌ្ឍន៍ និង ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលបានចូលរួមចំណែក យ៉ាងសកម្ម និង ផ្តល់នូវការគាំទ្រ ចំពោះការខិតខំប្រឹងប្រែង យ៉ាងពេញទំហឹងរបស់ក្រសួងសុខាភិបាល ក៏ដូចមន្ទីរសុខាភិបាលខេត្ត ក្នុងការបំពេញបេសកកម្ម ដ៏លំបាកស្មុគស្មាញ ដើម្បីបម្រើជាតិមាតុភូមិយើង ។

ក្នុងនោះដែរ លោកវេជ្ជបណ្ឌិត តែ គុយស៊ាន ក៏បានធ្វើការណែនាំមួយចំនួន សម្រាប់ការលើកកម្ពស់តាមដាន និង ពិនិត្យ នូវលទ្ធផល សកម្មភាព ការលំបាកមួយចំនួន និង បញ្ហារាំងស្ទះនាពេលកន្លងមក ដើម្បីធ្វើការពិភាក្សា ដោះស្រាយ និង កំណត់ទិសដៅ ផែនការអនុវត្តបន្តសម្រាប់ឆ្នាំបន្ទាប់ទៀត ។ ម៉្យាងទៀតវិស័យសុខាភិបាលខេត្ត មានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាលសាធារណៈ មានការរីកចម្រើនគួរកត់សម្គាល់ ជាអាទិ៍ មានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានផ្តល់សេវានូវសកម្មភាពពេញលេញ និងគ្រប់ផ្នែកសម្រាប់ ទទួលសង្រ្គោះបងប្អូនប្រជាពលរដ្ឋ ពិសេសមន្ទីរពេទ្យបង្អែកខេត្ត មានបំពាក់សម្ភារបរិក្ខារទំនើបៗ និងមានមន្ទីរពេទ្យបង្អែកស្រុក មានមណ្ឌលសុខភាព ដែលមានបន្ទប់រង់ចាំមុន នឹងក្រោយសម្រាល នៅគ្រប់មណ្ឌលសុខភាពទាំងអស់ ពីទីប្រជុំជន រហូតដល់តំបន់ដាច់ស្រយ៉ាលក្នុងខេត្ត ។

លោករដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏ធ្វើការក្រើនរំលឹកដល់ក្រុមគ្រូពេទ្យ ឲ្យមានស្មារតីទទួលខុសត្រូវ និង ការយកចិត្តទុកដាក់ខ្ពស់ ចំពោះអ្នកមកទទួលសេវាព្យាបាល និង រក្សាឲ្យបាននូវក្រមសីលធម៌ គ្រូពេទ្យផងដែរ ។ ម៉្យាងទៀតសូមឲ្យក្រុមគ្រូពេទ្យ បង្កើនស្មារតី ក្នុងការជួយសង្រ្គោះ អ្នករងគ្រោះជាមុនសិន ទើបគិតពីតម្លៃសេវាព្យាបាល ស្នាក់នៅជាក្រោយ ពីព្រោះថា អាយុជីវិតមនុស្ស មិនមានដាក់លក់នៅតាមទីផ្សារនោះឡើយ ហើយគ្រូពេទ្យ និង បុគ្គលិកសុខាភិបាលទាំងអស់ មិនត្រូវចាត់ទុកអ្នកជំងឺជាអតិថិជន របស់ខ្លួនទេ គឺត្រូវចាត់ទុកអ្នកជំងឺ ជាជនរងគ្រោះ ដែលចាំបាច់ត្រូវ ទទួលបានការសង្រ្គោះជីវិត ព្យាបាល និង ថែទាំសុខភាព ដោយយកចិត្តទុកដាក់បំផុត ដើមី្បឲ្យពួកគាត់មានក្តីសង្ឃឹម មានជំនឿទុកចិត្ត ចំពោះសេវាសុខាភិបាលសាធារណៈ នៅកម្ពុជា ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក ចូលរួមធ្វើ ការផ្សព្វផ្សាយ ពីការជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម ពីការខ្វះខាតទឹកប្រើប្រាស់នៅតាមតំបន់មួយចំនួន ដើមី្បឲ្យបងប្អូន បានត្រៀមលក្ខណៈ និង ថែរក្សាទីតាំងប្រភពទឹកដែលមាន ព្រមទាំងត្រូវចូលរួមសហការជាមួយអាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ ថ្នាក់ក្នុងការទប់ស្កាត់ បង្ក្រាបឲ្យខាងតែបាន ពីបញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋាន និង សូមឲ្យដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិនានា មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មេត្តាបន្តជួយគាំទ្រ ជ្រោមជ្រែង និង សហការឲ្យបានល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាសុខភាព របស់សហគមន៍ជនបទ នៅក្នុងខេត្តសៀមរាប ឲ្យកាន់តែល្អប្រសើរ ឲ្យទទួលបានជោគជ័យប្រកប ដោយផ្លែផ្កា សំដៅកាត់បន្ថយអត្រាមរណៈ របស់ស្រ្តី និងកុមារ និងទប់ស្កាត់ បាននូវភាពងាយរងគ្រោះ ដោយជំងឺឆ្លងផ្សេងៗ ដែលកត្តានេះ នឹងរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង