សម្ដេចក្រឡាហោម ណែនាំដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ក្នុងការបរិភោគអាហារ ក្រោយពេលមានមនុស្សជាង៧០នាក់ ពុលនំបញ្ចុកក្នុងកម្មវិធីបុណ្យសព
ភ្នំពេញ៖ នៅខេត្តព្រៃវែង មានមនុស្ស៧២នាក់ បានពុលនំបញ្ចុកក្នុងកម្មវិធីបុណ្យសព តែមិនបណ្តាលឲ្យនរណាម្នាក់បាត់បង់ជីវិតនោះទេ គ្រាន់តែចុកពោះ ក្អួតចង្អោរ និងរាករូសតែប៉ុណ្ណោះ ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលបានពុលនំបញ្ចុក នៅ ឃុំបន្ទាយចក្រី ស្រុកព្រះសេ្ដច និងអ្នកជំងឺទូទៅ នៅមន្ទីរពេទ្យបង្អែក ព្រះស្ដេច ខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០១៩ ។
ក្នុងឱកាសចុះសួរសុខទុក្ខ សម្ដេចក្រឡាហោម បានជូនពរដល់ ប្រជាពលរដ្ឋទាំងអស់ឆាប់ជាសះស្បើយ ហើយសម្ដេច បានណែនាំដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ក្នុងការបរិភោគអាហារផងដែរ។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង បានឲ្យដឹងដែរថា ប្រជាពលរដ្ឋ ដែលពុលនំបញ្ចុក ដែលបានសម្រាកនៅមន្ទីរពទ្យបង្អែកជាង ៧០នាក់។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានឧបត្ថម្ភថវិកា មួយចំនួនផងដែរ សម្ដេចក៏បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺ និងអ្នកសម្រាលកូន ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកនេះ ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងកាលពី ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ ២០១៩ក្នុង កម្មពិធីបុណ្យសព ៧ថ្ងៃររបស់ឈ្មោះ ប៉ាន់ យ៉ាន់ ភេទប្រុស នៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ក្នុងកម្មពិធីបុណ្យនេះ ម្ចាស់ដើមបុណ្យបានរៀបចំនំបញ្ចុក សម្រាប់ទទួលភ្ញៀវ។ ក្រោយពីភ្ញៀវទទួលទាននំបញ្ចុករួច ស្រាប់តែម្នាក់ៗ មានអាការមិនស្រួលខ្លួន ដោយខ្លះចុកពោះ ក្អួតចង្អោរ និងរាករូស ទើបបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ រហូតមកដល់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ មនុស្សដែលពុលមានចំនួន៧២នាក់ ក្នុងនោះស្រី៤២នាក់ ត្រូវបានអាជ្ញាធរមូលដ្ឋាន ជួយសង្រ្គោះ ដឹកយកទៅសម្រាកព្យាបាល នៅមណ្ឌលសុខភាព និង ក្រុមគ្រូពេទ្យចុះទៅព្យាបាល ដល់កន្លែងបុណ្យតែម្តង ។
មន្រ្តីសុខាភិបាលស្រុកព្រះស្តេច បានឲ្យដឹងថា នំបញ្ចុក ដែលម្ចាស់បុណ្យ ធ្វើទទួលភ្ញៀវនេះ មានជាតិម្សៅជូរខ្លាំង គ្មានអនាម័យ គួបផ្សំ នឹងល្បោយលាងទឹក មិនស្អាត ទើបបង្កឲ្យជាតិពុល ៕