ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនអាជីវកម្មរ៉ែខ្សាច់ និងថ្ម នៅក្នុងស្រុកភ្នំស្រួច នៅតែបន្តសកម្មភាព ប្រាសចាកពីស្មារតី នៃកិច្ចព្រមព្រៀង

130


កំពង់ស្ពឺ៖ លោកហ៊ុន ម៉ានី បានអះអាងថា ទោះជាមានការឯកភាពគ្នា រវាងភាគីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនអាជីវកម្មរ៉ែខ្សាច់ និងថ្ម នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏ដោយ ក៏ក្រុមហ៊ុនមួយចំនួន នៅតែបន្តសកម្មភាពប្រាសចាកពីស្មារតី នៃកិច្ចព្រមព្រៀងខាងលើ។ ក្រសួងរ៉ែនិងថាមពល បានសម្រេចផ្អាកអាជ្ញាប័ណ្ណក្រុមហ៊ុន ប្រកបអាជីវកម្មរ៉ែថ្ម និងខ្សាច់ចំនួន៦ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើតាមផេកហ្វេសប៊ុក ឈ្មោះ Hun Many កាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០១៩នេះ លោកហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានថ្លែងថា “បើទោះជាមានការឯកភាពគ្នាក្នុងជំនួបកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ រវាងភាគីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនអាជីវកម្មរ៉ែខ្សាច់ និងថ្ម នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏ដោយ ក្រុមការងារយើងខ្ញុំសង្កេតឃើញថា ក្រុមហ៊ុនមួយចំនួននៅតែបន្តសកម្មភាពប្រាសចាកពីស្មារតីនៃកិច្ចព្រមព្រៀងខាងលើ”។

លោកហ៊ុន ម៉ានី បានមានប្រសាសន៍ថា ជាចំណាត់ការឆ្លើយតប ទៅនឹងសកម្មភាពគគ្លើននេះ កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ អាជ្ញាធរខេត្ត រួមជាមួយនឹងតំណាងក្រសួងរ៉ែ និងថាមពល បានចុះផ្អាកសកម្មភាព ប្រតិបត្តិការរបស់ក្រុមហ៊ុនចំនួន៦ និងបានឈានទៅដល់ការព្យួរអាជ្ញាប័ណ្ណអាជីវកម្ម រយៈពេល១ សប្តាហ៍ទុកជាការព្រមាន។ ឆ្លៀតឱកាសនេះ ក្រុមការងារសូមធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ដល់អាជ្ញាធរពាក់ព័ន្ធ ដែលមាននូវចំណាត់ការ ទាន់ពេលវេលា និងប្រកបដោយភាពម៉ឺងម៉ាត់ ចំពោះសកម្មភាពទាំងនេះ។ ជាមួយគ្នានេះដែរ ក្រុមការងារ ក៏សូមថ្លែងអំណរគុណ ដល់ម្ចាស់អាជីវកម្មផ្សេងៗទៀត ដែលបានចូលរួមអនុវត្ត នូវកិច្ចព្រមព្រៀងខាងលើ បានយ៉ាងខ្ជាប់ខ្ជួន។ ក្រុមការងារ នឹងនៅតែបន្តតាមដាន យ៉ាងយកចិត្តទុកដាក់បំផុត ចំពោះការអនុវត្តស្មារតី នៃកិច្ចព្រមព្រៀងខាងលើ”។

បើតាមក្រសួងរ៉ែ និងថាមពល បានប្រកាសថា កាលពីថ្ងៃអង្គារ៍ ទី៤ ខែមីនា ឆ្នាំ២០១៩ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានដឹកនាំក្រុមការងារអធិការកិច្ច្ម របស់ក្រសួងរ៉ែនិងថាមពល ចុះពិនិត្យតាមដានសកម្ម ភាពប្រកបអាជីវកម្មរ៉ែថ្ម និងខ្សាច់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងបានរកឃើញថា ក្រុមហ៊ុនចំនួន៦ (ក្រុមហ៊ុនរ៉ែថ្មសំណង់ចំនួន២ ក្រុមហ៊ុនខ្សាច់បកចំនួន១ និងក្រុមហ៊ុនខ្សាច់ស្ទឹងចំនួន៣) ពុំបានគោរពតាមស្មារតីនៃអង្គប្រជុំណែនាំ ពិសេសសារាចរណែនាំ របស់ក្រសួងពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរ៉ែ ដូច្នេះក្រសួងបាន សម្រេចព្យួរអាជ្ញាប័ណ្ណរយៈពេល១សបា្តហ៍ជាការព្រមាន និងអាចឈានដល់ ការបញ្ចប់អាជ្ញាប័ណ្ណតែម្តងក្នុងករណីមិនរាងចាល។

គួរបញ្ជាក់ផងដែរថា មុននឹងសម្រេចដល់ការព្យួរអាជ្ញាប័ណ្ណនេះ ក្រុមការងារអធិការកិច្ចក្រសួង ធ្លាប់បានបើកកិច្ចប្រជុំណែនាំ ដល់ក្រុមហ៊ុនទាំងអស់រួចម្តងហើយ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ រួមជាមួយនឹងការប្រជុំម្តងទៀតជាមួយ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ដែលមានការចូលរួមពីតំណាង ក្រសួងរ៉ែនិងថាមពល អាជ្ញាធរខេត្ត-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងក្រុមហ៊ុន ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ៕

អត្ថបទដែលជាប់ទាក់ទង